ជនរងគ្រោះមានឈ្មោះ ហង្សសេរី ឧត្តម អាយុ ៤២ឆ្នាំ ជាភ្នាក់ងារអ្នកសារព័ត៌មាន "វីរជនខ្មែរ" ប្រចាំខេត្តរតនគិរី។
មន្ត្រីអង្កេតសមាគមអាដហុក ខេត្តរតនគិរី លោក ឆាយ ធី មានប្រសាសន៍ឲ្យដឹងថា សពជនរងគ្រោះត្រូវគេសម្លាប់ និងមានស្នាមវាយនឹងដំបងយ៉ាងធ្ងន់ធ្ងរ ទើបឃាតកញាត់សាកសពចូលទៅក្នុងឃ្លុបក្រោយនៃរថយន្តរបស់ជនរងគ្រោះធ្លាប់ប្រើប្រាស់ប្រចាំថ្ងៃ៖ «ពេលដែលយើងទៅដល់សាកសពអត់ឃើញក្នុងឡានទេ ប៉ុន្តែមានក្លិនជះស្អុយពីឃ្លុបក្រោយ។ អ៊ីចឹងហើយសមត្ថកិច្ចទៅបើកឃ្លុបក្រោយឃើញសាកសពហ្នឹងដាក់ក្នុងឡានផ្កាប់មុខហ្នឹង យើងឃើញលលាដ៍ក្បាលពីខាងក្រោយគាត់បែក បែកដោយស្នាមកាប់ ឬវាយនឹងដំបងឈើ។ ដោយសារសភាពហើមរលួយអត់ឃើញមានឈាមទេ មានតែខ្ទុះផ្ងារឡើង ហើយដាក់លើដីបានយើងឃើញផ្ទៃមុខជនរងគ្រោះត្រូវបានវាយទក់អស់ផ្ទៃមុខឡើងសំប៉ែតផ្ទៃមុខសាកសព»។
អធិការប៉ូលិសក្រុងបានលុង លោក ឯក វុន មានប្រសាសន៍បញ្ជាក់ថា លោក ហង្សសេរី ឧត្តម បានចាកចេញពីផ្ទះនៅក្រុងបានលុង កាលពីវេលាម៉ោង ២រសៀលថ្ងៃអាទិត្យ ទី៩ ខែកញ្ញា កន្លងទៅនេះ។ លោកអះអាងថា សមត្ថកិច្ចប៉ូលិសបានរកឃើញកាមេរ៉ាថតរូបមួយគ្រឿង និងឯកសារ រួមទាំងប័ណ្ណអ្នកសារព័ត៌មានរបស់លោកនៅក្នុងរថយន្ត។ ប៉ូលិសកំពុងបើកការស៊ើបអង្កេតករណីនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។