យោធា​កម្ពុជា​និង​ថៃ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ទ្វេ​ភាគី​៨​ចំណុច

កិច្ច​ប្រជុំ​លើក​ទី​២ នៃ​ក្រុម​ការងារ​រួម កម្ពុជា និង​ថៃ បាន​ឈាន​ដល់​ទី​បញ្ចប់​ហើយ នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១២ នៅ​ឯ​វិមាន​សន្តិភាព នៅ​ទីក្រុង​ភ្នំពេញ ក្រោយ​ពី​បាន​បើក​កិច្ច​ប្រជុំ​នេះ រយៈពេល​បី​ថ្ងៃ​កន្លង​មក។
ដោយ សុខ សេរី
2012.06.28
កិច្ច​ប្រជុំ​ក្រុម​ការងារ​រួម កម្ពុជា និង​ថៃ ៣០៥ កិច្ច​ប្រជុំ​ក្រុម​ការងារ​រួម កម្ពុជា និង​ថៃ បញ្ចប់​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១២ នា​ឯ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ។
RFA/Sok Serey

កិច្ច​ប្រជុំ​នេះ បាន​ប្រព្រឹត្តិ​ទៅ​ក្នុង​ស្ថានការណ៍​នៃ​ការ​ចរចា​គ្នា​យ៉ាង​ស្វិតស្វាញ និង​ម៉ឺងម៉ាត់ រវាង​ភាគី​មន្ត្រី​យោធា​កម្ពុជា និង​យោធា​ថៃ។ ជា​រួម ភាគី​ទាំង​ពីរ​បាន​បោះ​ជំហាន​មួយ​ថ្មី​ទៀត ឈាន​ទៅ​រក​ការ​ដក​កងទ័ព និង​ដោះ​គ្រាប់មីន​នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ។

ក្រុម​ការងារ​រួម​ខាង​ភាគី​យោធា កម្ពុជា និង​យោធា​ភាគី​ថៃ នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១២ បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ទ្វេ​ភាគី ចំនួន​៨​ចំណុច ដើម្បី​អនុវត្ត​តាម​ដីកា​បង្គាប់​ជា​បន្ទាន់ របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ ចុះ​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​២០១១ កន្លង​ទៅ​នេះ ដែល​បាន​បង្គាប់​ឲ្យ​យោធា​កម្ពុជា និង​យោធា​ថៃ ដក​កងទ័ព​ចេញ​ពី​តំបន់​គ្មាន​កងទ័ព​បណ្ដោះ​អាសន្ន ទំហំ​ជាង​១៧​គីឡូម៉ែត្រ​ក្រឡា នៅ​ក្បែរ​ប្រាសាទ​ព្រះវិហារ។

ចំណុច​សំខាន់ៗ​នៅ​ក្នុង​ចំណោម​កិច្ច​ព្រមព្រៀង​នោះ មាន​ដូច​ជា ភាគី​កម្ពុជា និង​ភាគី​ថៃ បាន​យល់​ព្រម​ប្រគល់​ភារកិច្ច​ឲ្យ​មជ្ឈ​មណ្ឌល​កំចាត់​មីន​កម្ពុជា (CMAC) និង​មជ្ឈ​មណ្ឌល​កំចាត់​មីន​របស់​ថៃ (TMAC) បើក​ការ​ពិភាក្សា​នៅ​សប្ដាហ៍​ទី​៣ នៃ​ខែ​កក្កដា ឆ្នាំ​២០១២ ខាង​មុខ​នេះ នៅ​ទីក្រុង​បាងកក (Bangkok) ប្រទេស​ថៃ (Thailand) ផ្ដោត​លើ​ផែន​ការ​ដោះ​មីន​រួម​គ្នា។

ការ​ដោះ​គ្រាប់​មីន​នោះ គឺ​ដើម្បី​ផ្តល់​សុវត្ថិភាព​ឲ្យ​ក្រុម​អ្នក​សង្កេតការណ៍​រួម និង​សម្រួល​ដល់​ការ​កែ​សម្រួល​កងទ័ព ឬ​ដក​កងទ័ព នៃ​ប្រទេស​ទាំង​ពីរ នា​ពេល​ខាង​មុខ។

ចំពោះ​ការ​ដក​កងទ័ព នៃ​ប្រទេស​ទាំង​ពីរ​នោះ ក្រុម​ការងារ​រួម​កម្ពុជា និង​ថៃ នឹង​បន្ត​ពិភាក្សា​លើ​ផែន​ការ​សមរម្យ​មួយ នៃ​ការ​ដក​កងទ័ព។ ការ​ដក​កងទ័ព​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​អំឡុង​ពេល ៣០​ថ្ងៃ ក្រោយ​ពី​មាន​ការ​ឯកភាព​របស់​ក្រុម​អ្នក​ជំនាញ​ដោះ​មីន នៃ​ប្រទេស​ទាំង​ពីរ នៅ​តំបន់​ដែល​មាន​ការ​កែ​សម្រួល​កងទ័ព​បណ្ដោះ​អាសន្ន​នោះ។ ការ​ដក​កងទ័ព និង​ធ្វើ​ឡើង​ក្រោម​ការ​ត្រួត​ពិនិត្យ ដោយ​ក្រុម​អ្នក​សង្កេតការណ៍​រួម មក​ពី​ប្រទេស​កម្ពុជា ថៃ និង​ឥណ្ឌូណេស៊ី (Indonesia)។

រដ្ឋលេខាធិការ នៃ​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក​នាយ​ឧត្តម​សេនីយ៍ នាង ផាត និង​ជា​សហ​ប្រធាន​នៃ​ក្រុម​ការងារ​រួម កម្ពុជា និង​ថៃ បាន​មាន​ប្រសាសន៍​ក្រោយ​ពី​ការ​ចុះ​ហត្ថលេខា​រួម​គ្នា​ថា ភាគី​កម្ពុជា និង​ថៃ សប្បាយ​ចិត្ត​នឹង​លទ្ធផល​នេះ។

លោក​នាយ​ឧត្តម​សេនីយ៍ នាង ផាត៖ «សម្រាប់​ភាគី​ថៃ លទ្ធផល​នៃ​កិច្ច​ប្រជុំ​ក្រុម​ការងារ​រួម កម្ពុជា ថៃ នឹង​ត្រូវ​រាយការណ៍​ជូន​គណៈកម្មការ​ព្រំដែន​ទូទៅ ដើម្បី​ចាត់​វិធានការ​តាម​នីតិវិធី​របស់​ខ្លួន។ សម្រាប់​ភាគី​កម្ពុជា លទ្ធផល​នៃ​កិច្ច​ប្រជុំ​នេះ នឹង​រាយការណ៍​ជូន​គណៈកម្មការ​ព្រំដែន​ទូទៅ ជី.ប៊ី.ស៊ី (GBC) ដើម្បី​ចាត់​ការ និង​រាយការណ៍​បន្ត​ទៅ​ក្រសួង​ការ​បរទេស និង​សហ​ប្រតិបត្តិការ»

ជា​មួយ​គ្នា​នេះ​ដែរ លោក​នាយ​ឧត្តម​សេនីយ៍ វូរ៉ាពង្ស សងហ្គានេត្រា (Worapong Sanganetra) ជា​អគ្គ​មេ​បញ្ជា​ការ​កងទ័ព​ថៃ និង​ជា​សហ​ប្រធាន នៃ​ក្រុម​ការងារ​រួម កម្ពុជា និង​ថៃ បាន​មាន​ប្រសាសន៍​ជា​ភាសា​ថៃ ហើយ​ត្រូវ​បាន​ប្រែ​សម្រួល​ជា​ភាសា​ខ្មែរ​ថា កិច្ច​ប្រជុំ​នេះ អូស​បន្លាយ​រយៈពេល​យូរ ប៉ុន្តែ​យើង​បាន​ទទួល​ជោគជ័យ៖ «កិច្ច​ប្រជុំ​នេះ​បាន​ដំណើរ​ការ​បាន​សម្រេច​ជោគជ័យ​មក​ដល់​ថ្ងៃ​នេះ ហើយ​ឆ្លៀត​ឱកាស​នេះ ខ្ញុំ​ក៏​សូម​ថ្លែង​អំណរ​គុណ​សាជាថ្មី​ម្តង​ទៀត ចំពោះ​ឯក​ឧត្តម ព្រម​ទាំង​ក្រុម​ការងារ នៅ​ក្នុង​នោះ ក៏​សូម​ថ្លែង​អំណរ​គុណ​ដែរ ចំពោះ​ក្រុម​ការងារ​ខាង​ភាគី​ថៃ»

កិច្ច​ប្រជុំ​ក្រុម​ការងារ​រួម​លើក​ទី​១ រវាង​យោធា​កម្ពុជា និង​ថៃ បាន​ធ្វើ​រួច​ម្តង​ហើយ កាល​ពី​ខែ​មេសា ឆ្នាំ​២០១២ កន្លង​ទៅ​នេះ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ គឺ​បាន​ឯកភាព​លើ ៨​ចំណុច​ដែរ ប៉ុន្តែ​ភាគី​ទាំង​ពីរ​មិន​បាន​ចុះ​ហត្ថលេខា​លើ​ឯកសារ​នោះ​ទេ។

កិច្ច​ប្រជុំ​ក្រុម​ការងារ​រួម​ដដែល​នេះ គេ​គ្រោង​ធ្វើ​ឡើង​លើក​ទី​៣ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ នា​ពេល​ខាង​មុខ ប៉ុន្តែ​ពេល​វេលា​គេ​នឹង​កំណត់​ជា​ក្រោយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។