មន្រ្តីនៃអង្គការសុខភាពគ្រួសារអន្តរជាតិ (FHI) គឺលោក អៀ ឫទ្ធី បានឲ្យដឹងថា អង្គការលោកបានសហការផ្នែកបច្ចេកទេសនិងថវិកាជាមួយនឹងមន្ទីរសុខាភិបាលខេត្ត។ ឯមូលហេតុនៃការចុះធ្វើសកម្មភាពនេះបានផ្ដោតជាសំខាន់នៅស្រុកបាធាយនិងស្រុកជើងព្រៃ។
លោក អៀ ឫទ្ធី មានប្រសាសន៍ដូច្នេះថា ៖ «...ឃើញថា អ្នកនៅតំបន់ដាច់ស្រយាលហ្នឹងជួបបញ្ហាជំងឺរបេងច្រើន ហើយគាត់មិនដែលបានមកមណ្ឌលសុខភាព»។
លោក ឫទ្ធី បានឲ្យដឹងបន្ថែមថា យុទ្ធនាការនេះបានធ្វើឡើងបន្ទាប់ពីមានប្រជាពលរដ្ឋប្រមាណជាង ៤០០នាក់ បានចូលស្ដាប់ការផ្សព្វផ្សាយអំពីជំងឺរបេងនេះ ដែលគេបានធ្វើឡើងនៅថ្ងៃទី៦ មេសា នៅមណ្ឌលសុខភាពស្រុកបាធាយ។
អ្នកស្រីវេជ្ជបណ្ឌិត ស៊ឹម ងីម នៃអង្គការ FHI ដែលកំពុងចុះយុទ្ធនាការស្វែងរកអ្នកសង្ស័យផ្ទុកមេរោគរបេងតាមភូមិនិងតាមពន្ធនាគារ បានជម្រាបថា ពួកគេនឹងបន្តធ្វើសកម្មភាពតាមដានផ្ទាល់ចំនួន៣ថ្ងៃទៀតរហូតដល់ថ្ងៃទី៩មេសា ៖ «ឲ្យអ្នកស្ម័គ្រចិត្តចុះទៅតាមសហគមន៍អប់រំសុខភាពស្ដីពីរបេង ហើយបើសិនជាមាននរណាសង្ស័យ ឲ្យអ្នកស្ម័គ្រចិត្តហ្នឹងគាត់យកកំហាក ហើយយកកំប៉ុងកំហាកហ្នឹងមកមណ្ឌលសុខភាព បើសិនជាមានជំងឺរបេងយើងនឹងឲ្យអ្នកជំងឺគាត់មកជួបបុគ្គលិកមណ្ឌលសុខភាព ឲ្យគាត់ពន្យល់ពីជំងឺរបេង ហើយនិងការព្យាបាលរបស់គាត់»។
មន្រ្តីនៃអង្គការសុខាភិបាលខេត្តកំពង់ចាម គឺលោក កែវ ចាន់តារា បានជម្រាបថា តួលេខថ្នាក់ជាតិបានបង្ហាញឲ្យដឹងថា អត្រានៃអ្នកផ្ទុកជំងឺរបេង គឺមាន ៦៤ភាគរយទូទាំងប្រទេស ឯខេត្តកំពង់ចាម ក៏ទទួលឥទ្ធិពលប្រហាក់ប្រហែលគ្នាដែរ តែនៅតំបន់ស្រុកចម្ការលើ និងតំបន់ស្រុកជើងព្រៃ អត្រាមានខ្ពស់ជាងគេបន្តិច ហើយមានតែនៅស្រុកមេមត់ទេ ដែលអត្រាអ្នកផ្ទុកមេរោគរបេងមានទាបគេ។
លោកសង្ឃឹមថា អត្រាផ្ទុកមេរោគរបេងនឹងថយចុះបន្ទាប់ពីមានការអប់រំនិងមណ្ឌលសុខភាពកើតឡើងជាច្រើន។
លោក កែវ ចាន់តារា បានបញ្ជាក់ថា ជំងឺរបេងមិនទទួលការឆ្លងតាមការស្លៀកពាក់ឬក៏ការហូបចុកឡើយ ៖ «គឺឆ្លងតែផ្លូវដង្ហើមមួយគត់ នៅពេលអ្នកជំងឺគាត់ក្អក ឬគាត់កណ្ដាសនិយាយស្ដីទល់មុខគ្នាហ្នឹង ឲ្យគាត់យកកន្សែង ឬក្រមាខ្ទប់មាត់ ការពារការចម្លងពីអ្នកឈឺទៅអ្នកជា។ ផ្ដល់ថ្នាំ ហើយផ្ដល់ទឹកឲ្យគាត់លេបនៅមុខយើងជារៀងរាល់ព្រឹក។ រាល់កិច្ចការស្រាវជ្រាវ ទាំងការព្យាបាល ចំពោះជំងឺរបេងគឺមិនបង់ថ្លៃទេ»។
អ្នកស្រីវេជ្ជបណ្ឌិត ស៊ឹម ងីម នៃអង្គការ FHI ក៏មានសំណូមពរឲ្យមានការការពារតាមផ្ទះ ដោយបើកចំហទ្វារបង្អួចផងដែរដើម្បីកាត់បន្ថយអត្រាឆ្លង ហើយកុមារត្រូវយកទៅចាក់វ៉ាក់សាំង៕