ខេត្ត​កំពង់ចាម​ធ្វើ​យុទ្ធនាការ​អប់រំ​អំពី​ជំងឺ​របេង

មន្រ្តី​នៃ​អង្គការ​សុខភាព​គ្រួសារ​អន្តរជាតិ​បាន​សហការ​ជាមួយ​នឹង​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ចាម​ដើម្បី​ធ្វើការ​អប់រំ​ស្ដីពី​ជំងឺ​របេង​នៅ​តាម​ទី​ជនបទ​ក្នុង​ខេត្ត​កំពង់ចាម​កាល​ពី​ថ្ងៃ​ទី​៧ មេសា ២០០៩។

0:00 / 0:00

មន្រ្តី​នៃ​អង្គការ​សុខភាព​គ្រួសារ​អន្តរជាតិ (FHI) គឺ​លោក អៀ ឫទ្ធី បាន​ឲ្យ​ដឹង​ថា អង្គការ​លោក​បាន​សហការ​ផ្នែក​បច្ចេកទេស​និង​ថវិកា​ជាមួយ​នឹង​មន្ទីរ​សុខាភិបាល​ខេត្ត។ ឯ​មូលហេតុ​នៃ​ការ​ចុះ​ធ្វើ​សកម្មភាព​នេះ​បាន​ផ្ដោត​ជា​សំខាន់​នៅ​ស្រុក​បាធាយ​និង​ស្រុក​ជើងព្រៃ។

លោក អៀ ឫទ្ធី មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «...​ឃើញ​ថា អ្នក​នៅ​តំបន់​ដាច់​ស្រយាល​ហ្នឹង​ជួប​បញ្ហា​ជំងឺ​របេង​ច្រើន ហើយ​គាត់​មិន​ដែល​បាន​មក​មណ្ឌល​សុខភាព»

លោក ឫទ្ធី បាន​ឲ្យ​ដឹង​បន្ថែម​ថា យុទ្ធនាការ​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ៤០០​នាក់ បាន​ចូល​ស្ដាប់​ការ​ផ្សព្វ​ផ្សាយ​អំពី​ជំងឺ​របេង​នេះ ដែល​គេ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៦ មេសា នៅ​មណ្ឌល​សុខភាព​ស្រុក​បាធាយ។

អ្នកស្រី​វេជ្ជបណ្ឌិត ស៊ឹម ងីម នៃ​អង្គការ FHI ដែល​កំពុង​ចុះ​យុទ្ធនាការ​ស្វែងរក​អ្នក​សង្ស័យ​ផ្ទុក​មេរោគ​របេង​តាម​ភូមិ​និង​តាម​ពន្ធនាគារ បាន​ជម្រាប​ថា ពួកគេ​នឹង​បន្ត​ធ្វើ​សកម្មភាព​តាមដាន​ផ្ទាល់​ចំនួន​៣​ថ្ងៃ​ទៀត​រហូត​ដល់​ថ្ងៃ​ទី​៩​មេសា ៖ «ឲ្យ​អ្នក​ស្ម័គ្រ​ចិត្ត​ចុះ​ទៅ​តាម​សហគមន៍​អប់រំ​សុខភាព​ស្ដី​ពី​របេង ហើយ​បើ​សិន​ជា​មាន​នរណា​សង្ស័យ ឲ្យ​អ្នក​ស្ម័គ្រ​ចិត្ត​ហ្នឹង​គាត់​យក​កំហាក ហើយ​យក​កំប៉ុង​កំហាក​ហ្នឹង​មក​មណ្ឌល​សុខភាព បើ​សិន​ជា​មាន​ជំងឺ​របេង​យើង​នឹង​ឲ្យ​អ្នក​ជំងឺ​គាត់​មក​ជួប​បុគ្គលិក​មណ្ឌល​សុខភាព ឲ្យ​គាត់​ពន្យល់​ពី​ជំងឺ​របេង ហើយ​និង​ការ​ព្យាបាល​របស់​គាត់»

មន្រ្តី​នៃ​អង្គការ​សុខាភិបាល​ខេត្ត​កំពង់ចាម គឺ​លោក កែវ ចាន់តារា បាន​ជម្រាប​ថា តួលេខ​ថ្នាក់​ជាតិ​បាន​បង្ហាញ​ឲ្យ​ដឹង​ថា អត្រា​នៃ​អ្នក​ផ្ទុក​ជំងឺ​របេង គឺ​មាន ៦៤​ភាគរយ​ទូទាំង​ប្រទេស ឯ​ខេត្ត​កំពង់ចាម ក៏​ទទួល​ឥទ្ធិពល​ប្រហាក់​ប្រហែល​គ្នា​ដែរ តែ​នៅ​តំបន់​ស្រុក​ចម្ការ​លើ និង​តំបន់​ស្រុក​ជើង​ព្រៃ អត្រា​មាន​ខ្ពស់​ជាង​គេ​បន្តិច ហើយ​មាន​តែ​នៅ​ស្រុក​មេមត់​ទេ ដែល​អត្រា​អ្នក​ផ្ទុក​មេរោគ​របេង​មាន​ទាប​គេ។

លោក​សង្ឃឹម​ថា អត្រា​ផ្ទុក​មេរោគ​របេង​នឹង​ថយ​ចុះ​បន្ទាប់​ពី​មាន​ការ​អប់រំ​និង​មណ្ឌល​សុខភាព​កើត​ឡើង​ជា​ច្រើន។

លោក កែវ ចាន់តារា បាន​បញ្ជាក់​ថា ជំងឺ​របេង​មិន​ទទួល​ការ​ឆ្លង​តាម​ការ​ស្លៀក​ពាក់​ឬ​ក៏​ការ​ហូប​ចុក​ឡើយ ៖ «គឺ​ឆ្លង​តែ​ផ្លូវ​ដង្ហើម​មួយ​គត់ នៅ​ពេល​អ្នក​ជំងឺ​គាត់​ក្អក ឬ​គាត់​កណ្ដាស​និយាយ​ស្ដី​ទល់​មុខ​គ្នា​ហ្នឹង ឲ្យ​គាត់​យក​កន្សែង ឬ​ក្រមា​ខ្ទប់​មាត់ ការពារ​ការ​ចម្លង​ពី​អ្នក​ឈឺ​ទៅ​អ្នក​ជា។ ផ្ដល់​ថ្នាំ ហើយ​ផ្ដល់​ទឹក​ឲ្យ​គាត់​លេប​នៅ​មុខ​យើង​ជា​រៀង​រាល់​ព្រឹក។ រាល់​កិច្ចការ​ស្រាវជ្រាវ ទាំង​ការ​ព្យាបាល ចំពោះ​ជំងឺ​របេង​គឺ​មិន​បង់​ថ្លៃ​ទេ»

អ្នកស្រី​វេជ្ជបណ្ឌិត ស៊ឹម ងីម នៃ​អង្គការ FHI ក៏​មាន​សំណូមពរ​ឲ្យ​មាន​ការ​ការពារ​តាម​ផ្ទះ ដោយ​បើក​ចំហ​ទ្វារ​បង្អួច​ផង​ដែរ​ដើម្បី​កាត់​បន្ថយ​អត្រា​ឆ្លង ហើយ​កុមារ​ត្រូវ​យក​ទៅ​ចាក់​វ៉ាក់សាំង៕