បក្ស​សម​រង្សី​បដិសេធ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ព្រឹទ្ធសភា​ក្នុង​ខេត្ត​កំពង់ឆ្នាំង

​គណ​បក្ស​ សម ​រង្ស៊ី ​ប្រចាំ​ខេត្ត​កំពង់ឆ្នាំង ​ប្រកាស​មិន​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​ព្រឹទ្ធសភា ​នៅ​ការិយាល័យ​បោះឆ្នោត​លេខ​៧០០៣ ដោយ​ចោទ​ថា ដំណើរការ​រាប់​សន្លឹក​ឆ្នោត​មាន​ភាព​មិន​ប្រក្រតី។

ការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​អាណត្តិ​ទី​៣ នៅ​ការិយាល័យ​បោះឆ្នោត​លេខ​៧០០៣ ខេត្ត​កំពង់​ឆ្នាំង នៅ​ព្រឹក​ថ្ងៃ​ទី​២៩ មករា ត្រូវ​បាន​បញ្ចប់​ក្នុង​បរិយាកាស​ចម្រូងចម្រាស​គ្នា​នៅ​ឡើយ។

លោក ដួង ចិន្ត្រា ជា​ប្រធាន​ក្រុមប្រឹក្សា​​គណ​បក្ស ​សម ​រង្ស៊ី ​ប្រចាំ​ខេត្ត​កំពង់ឆ្នាំង។ លោក​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ ២៩ មករា ថា គណ​បក្ស​ សម ​រង្ស៊ី ​ខេត្ត​កំពង់ឆ្នាំង ប្រកាស​មិន​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ​ទេ។

លោក​បន្ត​ថា មាន​ចំណុច​មិន​ប្រក្រតី​ជា​ច្រើន​ដែល​នាំ​ឲ្យ​គណ​បក្ស ​សម ​រង្ស៊ី ​មិន​ព្រម​ទទួល​យក​លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ មាន​ដូច​ជា​ការ​ខុស​គ្នា​រវាង​ចំនួន​គំនូស​លើ​ក្ដារ​ខៀន និង​ចំនួន​សន្លឹក​ឆ្នោត និង​ការ​រាប់​សន្លឹក​ឆ្នោត​លឿន​ពេក​ជា​ដើម ៖ «យើង​មិន​អាច​ទទួល​យក​បាន​ដោយ​ចាប់​តាំង​ពី​ដំបូង អ្នក​សង្កេត​ការណ៍​យើង​បាន​សុំ​ឲ្យ​រាប់​យឺតៗ តែ​គេ​មិន​ព្រម​ធ្វើ​តាម​សំណើ​យើង​ទេ។ បន្ទប់​មាន​ភាព​ងងឹត​មើល​រូប​សញ្ញា​មិន​សូវ​ច្បាស់ ហើយ​មាន​សន្លឹក​ឆ្នោត​ខ្លះ​យើង​មើល​មិន​ឃើញ​ផង ឮ​តែ​គេ​រាប់​ថា គណ​បក្ស​ប្រជា​ជន​តែ​ម្ដង...»

ប៉ុន្តែ​ប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​កំពង់ឆ្នាំង អ្នក​ស្រី នួន ចន្នី ពន្យល់​ចំពោះ​បញ្ហា​នេះ​ថា ជា​កំហុស​ដែល​កើត​ឡើង​ដោយ​សារ​បញ្ហា​បច្ចេកទេស។ អ្នក​ស្រី​បញ្ជាក់​ថា អ្នក​គូស​ចំនួន​សំឡេង​ឆ្នោត​លើ​ក្ដារ​ខៀន​មាន​ការ​ភ្លាំង​ភ្លាត់ ពោល​គឺ​បាន​រំលង​មួយ​សំឡេង​តែ​ក្នុង​ការ​រាប់​ចំនួន​សន្លឹក​ឆ្នោត​ក្នុង​ពំនូក​សន្លឹក​ឆ្នោត​របស់​គណ​បក្ស​នីមួយ គឺ​គ្រប់​ចំនួន​មិន​ខ្វះ​នោះ​ទេ ៖ «នៅ​លើ​ក្ដារ​ខៀន​យើង​ឃើញ​គូស​តែ ៣៣៦​មែន។ តែ​លេខា និង​អនុ​ប្រធាន​គេ​បាន​គូស​គ្រប់​៣៣៧ ដល់​រាប់​ចំនួន​សន្លឹក​ឆ្នោត​ក្នុង​ពំនូក​នៃ​គណ​បក្ស​និមួយៗ ក៏​ឃើញ​៣៣៧ ដែរ។យើង​ក៏​សន្និដ្ឋាន​ថា នេះ​ជា​កំហុស​បច្ចេកទេស​អ្នក​គូស តែ​គណ​បក្ស​សម​រង្ស៊ី​គេ​មិន​ព្រម គេ​ចង់​ឲ្យ​ធ្វើ​ការ​ពិនិត្យ​ឡើង​វិញ​ទាំង​អស់។ ការ​ទាមទារ​នេះ​ពុំ​មាន​ក្នុង​នីតិ​វិធី​ទេ...»

យ៉ាង​នេះ​ក្ដី អគ្គ​លេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត គឺ​លោក ទេព នីថា មាន​ប្រសាសន៍​ថា គណ​បក្ស​ សម ​រង្ស៊ី ​មាន​សិទ្ធិ​ដាក់​បណ្ដឹង​ចំពោះ​ករណី​នេះ​ទៅ​គណៈកម្មការ​ខេត្ត​រៀបចំ​ការ​បោះឆ្នោត​តាម​នីតិ​វិធី​ស្ដីពី​ការ​បោះ​ឆ្នោត​ជ្រើស​រើស​សមាជិក​ព្រឹទ្ធសភា ៖ «ក្នុង​ករណី​ដែល​មាន​ការ​ខុស​ដូច្នេះ នីតិ​វិធី​គឺ​គេ​ត្រូវ​ធ្វើ​ការ​ផ្ទៀងផ្ទាត់​សន្លឹក​ឆ្នោត​ក្នុង​ពំនូក​ដែល​រាប់​រួច​ហើយ​របស់​គណ​បក្ស​នីមួយៗ និង​ធ្វើ​ការ​ផ្ទៀងផ្ទាត់​ជា​មួយ​លេខា និង​អនុ​ប្រធាន​ទៀត បើ​ឃើញ​ថា​វា​ត្រឹមត្រូវ​ហើយ គឺ​គេ​អាច​បញ្ចូល​ក្នុង​របាយការណ៍​ថា​ត្រឹមត្រូវ​បាន​ហើយ។ ឯ​កំហុស​នេះ​គឺ​ជា​កំហុស​ផ្នែក​បច្ចេកទេស។ បើ​គណ​បក្ស​ណា​គេ​មិន​ពេញ​ចិត្ត គេ​អាច​ប្ដឹង​បាន...»

ខេត្ត​កំពង់ឆ្នាំង​មាន​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​សរុប ៤១៩​នាក់ ដែល​ត្រូវ​ចូល​រួម​បោះឆ្នោត​ជ្រើស​រើស​សមាជិក​ព្រឹទ្ធសភា​អាណត្តិ​ទី​៣ នេះ។ ក្នុង​នោះ​រួម​មាន​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​មក​ពី​ខាង​គណ​បក្ស​ប្រជា​ជន​កម្ពុជា ២៨៧​រូប គណ​បក្ស ​សម ​រង្ស៊ី ៨៧​រូប គណ​បក្ស ​នរោត្តម ​រណឫទ្ធិ ៣២​រូប និង​គណ​បក្ស​ហ៊្វុនស៊ីនប៉ិច ១៣​រូប ព្រម​ទាំង​អ្នក​តំណាង​រាស្ត្រ​មក​ពី​គណ​បក្ស​ប្រជា​ជន​កម្ពុជា ៣​រូប និង​មក​ពី​គណ​បក្ស ​សម ​រង្ស៊ី ១​រូប ក៏​ត្រូវ​ចូល​រួម​ក្នុង​ការ​បោះឆ្នោត​នេះ​ដែរ៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។