គណៈកម្មាធិការព្រំដែនកម្ពុជាដែលជាអង្គការសង្គមស៊ីវិលមួយមានទីស្នាក់ការនៅប្រទេសបារាំងបានឲ្យដឹងថា ពលរដ្ឋអ្នកមានដើមកំណើតខ្មែរមួយចំនួនដែលកំពុងរស់នៅតំបន់អាគីទែន និងតំបន់នៅភូមិភាគនិរតីនៃប្រទេសបារាំងបានអញ្ជើញគណៈប្រតិភូមួយក្រុមនៃគណៈកម្មាធិការព្រំដែនកម្ពុជាឲ្យទៅចូលរួមធ្វើជាវាគ្មិនកិត្តិយសនៅក្នុងកិច្ចប្រជុំពិភាក្សាជាសាធារណៈមួយ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី១ ខែវិច្ឆិកា ឆ្នាំ២០០៨នេះ នៅទីក្រុងប៊កដូ ប្រទេសបារាំង។
កិច្ចប្រជុំនោះនឹងផ្ដោតទៅលើប្រធានបទសំខាន់ស្ដីពីបញ្ហាទំនាស់ព្រំដែនរវាងប្រទេសថៃនិងកម្ពុជានៅក្នុងតំបន់ប្រាសាទព្រះវិហារដែលនៅខេត្តព្រះវិហារ និងនៅតំបន់ប្រាសាទតាមាន់ និងតាក្របី នៅខេត្តឧត្ដរមានជ័យ។
លោក ជ័យ សឿន ដែលជាអ្នកចាត់ចែងកិច្ចប្រជុំនោះមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃនេះថា ដោយហេតុថាប្រតិភូនៃគណៈកម្មាធិការព្រំដែនកម្ពុជាជាអ្នកមានជំនាញឯកទេសផ្នែកព្រំដែនខ្មែរនៃអង្គការសង្គមស៊ីវិល ទើបខ្មែរដែលនៅតំបន់អាគីទែនអញ្ជើញគណៈប្រតិភូនៃគណៈកម្មាធិការព្រំដែនកម្ពុជាឲ្យទៅចូលរួមធ្វើជាវាគ្មិនកិត្តិយស ដោយចង់ស្វែងយល់អំពីបញ្ហាវិបត្តិព្រំដែនខ្មែរនិងថៃបច្ចុប្បន្ន។
លោក ជ័យ សឿន បានមានប្រសាសន៍ថា ៖ «សារសំខាន់គឺរឿងយើងចង់ដឹងថា តើស្ថានភាពស្រុកយើងហ្នឹងវាយ៉ាងម៉េច ព្រោះខ្មែរយើងនៅប៊កដូចង់ដឹងថា តើសកម្មភាពរាល់ថ្ងៃជាមួយសៀមខ្មែរហ្នឹងវាយ៉ាងម៉េច ដើម្បីឲ្យដឹងច្បាស់ទៅ យើងនឹងអាចជួយគាំទ្រ។ ឲ្យគាត់ពន្យល់ឲ្យច្បាស់ពីរឿងការដែលប្រទូសប្រទាំងគ្នាពីរឿងទល់ដែន រឿងអីហ្នឹង។ ពីកាលណាមក យើងវាស់ដី ចែកទឹកដីគ្នាពីកាលណាមក ហើយឥឡូវមានរឿងយ៉ាងម៉េច ហើយត្រូវធ្វើយ៉ាងម៉េចយើងអ្នកនៅក្រៅដើម្បីជួយ»។
នៅក្នុងកិច្ចប្រជុំនាថ្ងៃសៅរ៍ស្អែកនេះដែលគេរំពឹងថានឹងមានមនុស្សចូលរួមរាប់រយនាក់ គឺថា ប្រតិភូនៃគណៈកម្មាធិការព្រំដែនកម្ពុជាក៏នឹងបកស្រាយបំភ្លឺជូនលោកអ្នកចូលរួមឲ្យបានជ្រាបផងដែរអំពីផលអាក្រក់ផ្សេងៗដែលបានកើតចេញពីសន្ធិសញ្ញាទឹកដីដែលរដ្ឋាភិបាលកម្ពុជាបានចុះហត្ថលេខាជាមួយប្រទេសជិតខាងជាបន្តបន្ទាប់តាំងពីឆ្នាំ១៩៧៩មកដល់បច្ចុប្បន្ន និងអំពីសំណើរបស់គណៈកម្មាធិការព្រំដែនកម្ពុជាអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាប្រើប្រាស់ឯកសារច្បាប់និងលទ្ធភាពស្របច្បាប់មួយចំនួនដែលខ្មែរមាន ដើម្បីនឹងដោះស្រាយបញ្ហាវិបត្តិព្រំដែនខ្មែរនិងថៃនោះដែលរួមមានសន្ធិសញ្ញាបារាំងសៀមតាំងពីឆ្នាំ១៩០៤ រហូតដល់សាលក្រមនៃតុលាការអន្តរជាតិក្រុងឡាអេ ឆ្នាំ១៩៦២៕