ល្ខោន​ខ្មែរ​រ៉ក​អូប៉េរ៉ា​លើក​ដំបូង​នៅ​កម្ពុជា​ទទួល​បាន​ជោគជ័យ

ការសម្ដែង​ល្ខោន​ខ្មែរ​រ៉ក​អូប៉េរ៉ា​ជា​លើក​ដំបូង​នៅ​កម្ពុជា​ដែល​នាំ​មក​ជូន​ទស្សនិកជន​នូវ​កម្រង​រឿង​មួយ​​មាន​ចំណងជើង​ថា "ទី​ដំរី​យំ" ទទួល​បាន​នូវ​ជោគជ័យ​លើស​ពី​ការរំពឹង​ទុក។

0:00 / 0:00

នាយក​ប្រចាំ​ប្រទេស​កម្ពុជា​នៃ​អង្គការ​អម្រឹតា​សិល្បៈ លោក សួន ប៊ុនរិទ្ធ បាន​មានប្រសាសន៍​ថា ការសម្ដែង​ល្ខោន​រ៉ក​អូប៉េរ៉ា​ដែល​ចាប់ផ្ដើម​កាលពី​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០០៨​កន្លង​ទៅ បាន​នាំ​មក​នូវ​ការគាំទ្រ​ពី​សំណាក់​អ្នក​ទស្សនា​គ្រប់​ស្រទាប់​វណ្ណៈ។

លោក សួន ប៊ុនរិទ្ធ បាន​ឲ្យ​ដឹង​ថា ៖ «ពេញ​ទាំងអស់​កៅអី​នៅ​រោង​ចេនឡា ដោយសារ​លើក​នេះ​យើង​ធ្វើ​ឆាក​បន្ថែម យើង​យក​កៅអី​ខ្លះ​ចេញ ដល់​អ៊ីចឹង​កៅអី​អត់​បាន​គ្រប់​៦០០ បាន​ប្រហែល​ជា​៥០០ អ៊ីចឹង​យើង​ថែម​កៅអី​បន្ថែម​ទៀត។ ហើយ​យើង​សម្ដែង​ថ្ងៃ​ទី​មួយ ថ្ងៃ​ទី​២៨​ហ្នឹង គឺ​បាន​ល្អ​មែនទែន»

លោក សួន ប៊ុនរិទ្ធ បាន​បន្ត​ថា​រឿង​"ទី​ដំរី​យំ" ឬ​ហៅ​តាម​ភាសា​អង់គ្លេស​ថា Where Elephants Weep ត្រូវ​បាន​ផ្ដួចផ្ដើម​ឡើង​ដោយ​លោក John Burt ជា​អ្នក​ដែល​មាន​ចិត្ត​ស្រឡាញ់​និង​អារម្មណ៍​ដិត​ជាប់​ជាមួយ​សិល្បៈ​ខ្មែរ រីឯ​សាច់​រឿង​និពន្ធ​ដោយ​លោកស្រី Cathrine Filloux ចំណែក​ឯ​តន្ត្រី​ត្រូវ​បាន​និពន្ធ​ឡើង​ដោយ​លោក​បណ្ឌិត ហ៊ឹម សុភី ក្រោម​ការឧបត្ថម្ភ​ពី​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​ដែល​ជា​គម្រោង​នៃ​អង្គការ​អប់រំ​ពិភពលោក រួម​ជាមួយ​កិច្ច​សហការ​ពី​សំណាក់​អង្គការ​អម្រឹតា​សិល្បៈ ដោយ​មាន​ការចូលរួម​សម្ដែង​ពី​សំណាក់​សិល្បករ​ចម្រុះ​ជាតិសាសន៍ មាន​សិល្បករ​ខ្មែរ​និង​បរទេស ជា​ពិសេស​សិល្បករ​អាមេរិកាំង​ដើម​កំណើត​អាស៊ី។

សាស្ត្រាចារ្យ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ អ្នកស្រី ឆុន ស៊ីណា ដែល​បាន​អញ្ជើញ​ចូលរួម​ទស្សនា​ល្ខោន​ខ្មែរ​រ៉ក​អូប៉េរ៉ា បាន​កោត​ស្ញប់ស្ញែង​ចំពោះ​ការ​សម្ដែង​នេះ។

អ្នកស្រី ឆុន ស៊ីណា បាន​មាន​ប្រសាសន៍​ថា ៖ «ចំពោះ​ខ្ញុំ​ដែល​ជា​សិល្បករ​ខ្ញុំ​គិត​ថា វា​ជា​ភាព​មួយ​ដ៏​អស្ចារ្យ​ដែល​យើង​ខាង​សិល្បៈ​រៀន​រាប់​ឆ្នាំ​ហើយ យើង​មិន​អាច​ធ្វើ​បាន»

ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក អៀង ស៊ីធុល បាន​សម្ដែង​​នូវ​ចំណាប់​អារម្មណ៍​ចំពោះ​ការច្នៃ​ប្រឌិត​ផ្នែក​សិល្បៈ​ក្នុង​ល្ខោន​ខ្មែរ​អូប៉េរ៉ា។

លោក អៀង ស៊ីធុល បាន​បញ្ជាក់​ថា ៖ «សំខាន់​បំផុត​គឺ​ក្នុង​តួអង្គ​សាច់​រឿង គឺ​អ្នក​និពន្ធ​បាន​ធ្វើ​ឲ្យ​ភាសា​ពីរ ជាតិ​ពីរ វប្បធម៌​ពីរ ក្លាយ​ទៅ​ជា​សម្ល​មួយ​មុខ​ដែល​ធ្វើ​ឲ្យ​ទស្សនិកជន​ទទួល​បាន»

ទោះ​បី​ជា​ខ្មែរ​រ៉ក់​អូប៉េរ៉ា​មាន​លក្ខណៈ​សកលភាវូបនីយកម្ម​មែន​ពិត តែ​បំណង​របស់​ក្រុម​អ្នក​ផលិត​គឺ​សំដៅ​ជំរុញ​យុវជន​ឲ្យ​បង្កើត​សិល្បៈ​ថ្មី​ជាមួយ​ឫសគល់​នៃ​វប្បធម៌​ដើម​របស់​ពួក​គេ ខណៈ​ដែល​ឥទ្ធិពល​នៃ​តន្ត្រី​បស្ចិម​ប្រទេស​បាន​គ្រប​ដណ្ដប់​ទូទាំង​ពិភពលោក។

សូម​ជម្រាប​ថា ការសម្ដែង​ល្ខោន​ខ្មែរ​រ៉ក​អូប៉េរ៉ា​មាន​តែ​៦​លើក​ប៉ុណ្ណោះ​ដែល​ការសម្ដែង​បី​លើក​ដំបូង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​២៨ ដល់​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ហើយ​ការសម្ដែង​បី​លើក​បន្ទាប់​នឹង​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​៥ ដល់​ថ្ងៃ​ទី​៧ ខែ​ធ្នូ ឆ្នាំ​២០០៨ នៅ​មហោស្រព​ចេនឡា​ដដែល។

ចំណែក​សំបុត្រ​ចូល​ទស្សនា​មាន​តម្លៃ​១២​ ដុល្លារ​សម្រាប់​កៅអី​ថ្នាក់​ពិសេស ៥​ដុល្លារ​សម្រាប់​កៅអី​ថ្នាក់​មធ្យម និង​២​ដុល្លារ​សម្រាប់​កៅអី​ថ្នាក់​ធម្មតា។ តែ​លោក សួន ប៊ុនរិទ្ធ បាន​ឲ្យ​ដឹង​ថា សំបុត្រ​ចូល​ទស្សនា​ត្រូវ​បាន​គេ​ជាវ​អស់​ហើយ៕