អាជ្ញាធរ​ធ្វើ​អន្តរាគមន៍​ក្នុង​ករណី​វៀតណាម​ចាក់​ពលរដ្ឋ​ខ្មែរ​ឲ្យ​របួស​ធ្ងន់

ក្រុម​អាជ្ញាធរ​នគរបាល​វៀតណាម​និង​អាជ្ញាធរ​មូលដ្ឋាន​នៅ​ក្នុង​ឃុំ​ដូង ស្រុក​រមាសហែក បាន​ជួយ​ធ្វើ​អន្តរាគមន៍​ជា​បន្ទាន់​មួយ​ក្នុង​ការ​សង្គ្រោះ​ពលរដ្ឋ​ខែ្មរ​មា្នក់​ដែល​រង​ការ​វាយ​ដំ​ធ្វើ​ទារុណកម្ម​និង​ចាក់​ឲ្យ​រង​របួស​ធ្ងន់​ដោយ​គ្រួសារ​វៀតណាម​នៅ​ជាប់​ព្រំដែន​ក្នុង​ខេត្ត​ស្វាយរៀង​កន្លង​ទៅ​ថ្មីៗ​នេះ។

0:00 / 0:00

ប្រជាពលរដ្ឋ​ខ្មែរ​រូប​នោះ​ត្រូវ​បាន​បញ្ជូន​ទៅ​ទទួល​ការ​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​ក្នុង​ប្រទេស​វៀតណាម​កាល​ពី​ថ្ងៃ​សុក្រ​ថ្មីៗ​នេះ។

លោក ផាន់ ឈៀន អាយុ​៤៤​ឆ្នាំ រស់​នៅ​ក្នុង​ឃុំ​ដូង ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង និង​ជា​អ្នក​ជិត​ខាង​របស់​គ្រួសារ​រងគ្រោះ​ខាង​លើ​នេះ បាន​ថែ្លង​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ប្រជាពលរដ្ឋ​ខែ្មរ​រូប​នោះ​បាន​ទទួល​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ​ដោយសារ​ការ​វាយ​ដំ​និង​ចាក់​ដោយ​ច្បូក​ពី​សំណាក់​គ្រួសារ​វៀតណាម​កាល​ពី​ពេល​ថ្មីៗ​នេះ។

លោក ផាន់ ឈៀន បាន​ឲ្យ​ដឹង​ថា ៖ «ម្សិលមិញ​ខាង​កម្លាំង​ប៉ូលិស​ព្រំដែន​វៀតណាម​គេ​មក​សួរ​សុខ​ទុក្ខ។ គ្នា​គេ​មក​៦​នាក់ បើ​បូក​សរុប​ទាំង​ប៉ូលិស​យើង​អី​ជាង​១០​នាក់។ ប៉ូលិស​ព្រំដែន​យើង ប៉ូលិស​រដ្ឋបាល​អី មក​ជុំ​គ្នា​ទាំង​អស់។ ផ្ដល់​យោបល់​ឲ្យ​យើង​ទៅ​ដេក​នៅ​ពេទ្យ​វៀតណាម មិន​ឲ្យ​យើង​មក​ដេក​ផ្ទះ​អ៊ីចឹង ខ្លាច​របួស​យើង​អាច​ជា​តែ​ខាង​ក្រៅ ហើយ​ខាង​ក្នុង​វា​ដំបៅ​រើ»

លោក នាង សំមាន ជា​មេ​ឃុំ​ដូង ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង បាន​មាន​ប្រសាសន៍​ថា ៖ «សួរ​សុខ​ទុក្ខ​ដល់​កន្លែង​ប្រជាពលរដ្ឋ​យើង​នៅ​សម្រាក​ព្យាបាល​នៅ​ពេទ្យ​វៀតណាម។ អាជ្ញាធរ​កម្ពុជា​ខាង​ខ្ញុំ​បាន​ឧបត្ថម្ភ​អង្ករ​ចំនួន​២០០​គីឡូ។ អា​ហ្នឹង​គ្រាន់តែ​ទទួល​ជំនួយ​ជា​បន្ទាប់​បន្សំ​សិន​ទេ ថ្ងៃ​ក្រោយ​អាច​ទទួល​ទៀត»

ការ​យក​ចិត្ត​ទុក​ដាក់​របស់​អាជ្ញាធរ​នគរបាល​ព្រំដែន​វៀតណាម​ជាប់​នឹង​ព្រំដែន​កម្ពុជា​វៀតណាម ជាមួយ​នឹង​អាជ្ញាធរ​មូលដ្ឋាន​របស់​កម្ពុជា​នៅ​ទី​នោះ គេ​កត់​សម្គាល់​ឃើញ​ថា គឺ​ជា​បង្ហាញ​កាយវិការ​និង​សញ្ញា​វិជ្ជមាន​មួយ​នៅ​ក្នុង​ការ​ដោះស្រាយ​រឿង​វិវាទ​នានា​រវាង​ប្រជាពលរដ្ឋ​កម្ពុជា​និង​ប្រជាពលរដ្ឋ​វៀតណាម នៅ​តាម​បណ្តោយ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​នោះ។

លោក ង៉ែត ណារ៉ា ជា​មន្រ្តី​សម្រប​សម្រួល​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល​មួយ ហៅ​កាត់​ថា អាដហុក នៅ​ក្នុង​ខេត្ត​ស្វាយរៀង បាន​មាន​ប្រសាសន៍​អត្ថាធិប្បាយ​ថា ៖ «ជា​ពិសេស​ដើម្បី​ជា​គំរូ​មួយ​ទៅ​ជំនាន់​ក្រោយៗ​ទៀត​ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​នេះ​កើត​ឡើង»

សូម​ជម្រាប​ថា ប្រជាពលរដ្ឋ​ខែ្មរ​ម្នាក់​ឈ្មោះ ព្រំ ទឹង បាន​រង​ការ​វាយ​ដំ​ចំ​ក្បាល​និង​ចាក់​ដោយ​ច្បូក​ធ្លាយ​កំភួន​ជើង​ដោយ​ជនជាតិ​វៀតណាម​ជា​ច្រើន​នាក់ កាល​ពី​ថៃ្ង​ទី​៨ ខែ​តុលា​កន្លង​ទៅ​នេះ ក្រោម​កិច្ច​ការពារ​ដោយ​ក្រុម​ប្រដាប់​អាវុធ​ជនជាតិ​វៀតណាម​ចំនួន​ប្រមាណ​៧​នាក់ ក្រោយ​ពី​គ្រួសារ​វៀតណាម​មួយ​បាន​ព្យាយាម​ដេញ​វាយ​កុមារ​ខែ្មរ​ម្នាក់ អាយុ​១២​ឆ្នាំ ក្រោម​ការ​ចោទ​ថា​បាន​លួច​កាច់​ដើម​អំពៅ​របស់​គ្រួសារ​វៀតណាម​នោះ។

ប្រជាពលរដ្ឋ​ខែ្មរ​ឈ្មោះ ព្រំ ទឹង ដែល​រង​ការ​វាយ​ដំ​និង​ចាក់​ដោយ​ច្បូក​នោះ ដោយសារ​តែ​គាត់​បាន​ព្យាយាម​ហាម​ឃាត់​មិន​ឲ្យ​គ្រួសារ​ជនជាតិ​វៀតណាម​ដេញ​វាយ​កុមារ​កម្ពុជា​នោះ។

កន្លង​មក​គេ​តែងតែ​លេច​ឮ​សេចក្តី​រាយការណ៍​ពី​ប្រជាពលរដ្ឋ​ខ្មែរ​និង​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល​មួយចំនួន​អំពី​រឿង​ជម្លោះ​នានា​រវាង​ប្រជាពលរដ្ឋ​ខែ្មរ​និង​ប្រជាពលរដ្ឋ​វៀតណាម​នៅ​តាម​បណ្ដោយ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ។ គេ​មិន​សូវ​ឃើញ​មាន​កិច្ច​អន្តរាគមន៍​ដោះស្រាយ​ទេ ប៉ុន្តែ​ករណី​ខាង​លើ​នេះ​គឺ​ជា​សញ្ញា​វិជ្ជាមាន​មួយ៕