អាជ្ញាធរ​ខ្មែរ​ថ្កោល​ទោស​ថៃ​ដែល​រំលោភ​ចូល​តំបន់​ហាមឃាត់

អាជ្ញាធរ​ជាតិ​ព្រះវិហារ​ទទួល​បន្ទុក​ថែរក្សា និង​ការពារ​ប្រាសាទ​បុរាណ​ព្រះវិហារ និង​គណៈកម្មាធិការ​ជាតិ​បេតិកភណ្ឌ​ពិភពលោក បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​មួយ នៅ​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០១២ ថ្កោល​ទោស​ក្រុម​ជ្រុល​និយម​ថៃ។

0:00 / 0:00

ការ​ចេញ​សេចក្ដី​ថ្លែងការណ៍​នេះ គឺ​បន្ទាប់​ពី​ក្រុម​ជ្រុល​និយម​ថៃ ទាំង​នោះ បាន​នាំគ្នា​ធ្វើ​បាតុកម្ម​នៅ​ខាង​ក្រៅ​បរិវេណ​ការិយាល័យ​អង្គការ​សហ​ប្រជាជាតិ​​ប្រចាំ​នៅ​ទីក្រុង​បាងកក និង​មួយ​ក្រុម​ធំ​ទៀត បាន​នាំ​គ្នា​យក​ព្រះ​ពុទ្ធ​បដិមា​ទៅ​ដាក់​នៅ​លើ​កំពូលភ្នំ​ទ្រព្យ ដោយ​​ចូល​ជ្រៅ​​​​ទៅ​ក្នុង​តំបន់​ហាមឃាត់​មិន​ឱ្យ​មាន​កងទ័ព​បណ្ដោះអាសន្ន នៃ​តំបន់​ជម្លោះ​ព្រំដែន​ជិត​​ប្រាសាទ​ព្រះវិហារ​របស់​ខ្មែរ​នោះ។

សេចក្តី​ថ្លែងការណ៍​បាន​ចាត់ទុក​សកម្មភាព​របស់​ក្រុម​ជ្រុល​និយម​ថៃ​នោះ​ថា គឺ​ជា​អំពើ​បង្ក​ហេតុ​ក្នុង​ការ​ប៉ុនប៉ង​ឱ្យ​ជម្លោះ​ព្រំដែន​កម្ពុជា-​ថៃ មាន​ភាព​តានតឹង​សា​ជា​ថ្មី។

មេបញ្ជាការ​យោធា​ខ្មែរ​ដែល​គ្រប់គ្រង​កង​កម្លាំង​ការពារ​ព្រំដែន​ជុំវិញ​ប្រាសាទ​ព្រះវិហារ​​ក្នុង​ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ បាន​ឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ថៃ​មួយ​ក្រុម​នៅ​តែ​បន្ត​ចេញ​ចូល​ទៅ​ក្នុង​តំបន់​ហាម​ឃាត់​នៃ​ទឹក​ដី​​ជម្លោះ​ព្រំដែន​លើ​កំពូល​ភ្នំ​ទ្រព្យ ដោយ​មិន​ស្តាប់​ការ​ហាម​ឃាត់​របស់​កង​ទា​ហាន​ខ្មែរ​ទេ។ ចំណែក​ឯ​ទាហាន​ថៃ ដែល​នៅ​ទល់​មុខ​គ្នា​នោះ ក៏​តែង​លួច​ជីក​លេណដ្ឋាន​ជា​បន្ត​បន្ទាប់​នៅ​ពេល​យប់​ដែរ។

លោក​ឧត្ដមសេនីយ៍​ឯក ស្រី ឌឹក ជា​មេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ​នៃ​កងពលធំ​អន្តរាគមន៍​លេខ​៣។ លោក​បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​សុក្រ ទី​១៣ ខែ​មករា ថា ទាហាន និង​ប្រជាពលរដ្ឋ​ថៃ ទាំង​នោះ កំពុង​ប្រព្រឹត្ត​ល្មើស ​ដោយ​រំលោភ​ទៅ​លើ​សេចក្ដី​​សម្រេច​របស់​តុលាការ​អន្តរជាតិ​ស្ដី​អំពី​តំបន់​ដែល​ហាមឃាត់​មិន​ឱ្យ​មាន​កង​ទ័ព​ជា​បណ្ដោះ​អាសន្ន​នោះ។

លោក​ឧត្តមសេនីយ៍ ស្រី ឌឹក​ បាន​មាន​ប្រសាសន៍​ថា ក្នុង​នាម​កងទ័ព​កម្ពុជា​ បាន​ព្យាយាម​អត់​ធ្មត់​ចំពោះ​សកម្មភាព​ទាំង​នោះ ហើយ​បាន​ធ្វើ​របាយការណ៍​ដាក់​ជូន​ទៅ​រដ្ឋាភិបាល និង​ក្រសួង​ការបរទេស​កាល​ពី​ពេល​ថ្មី​ៗ៖ «ថៃ​គាត់​មិន​ស្តាប់ គាត់​នៅ​តែ​លួច​ធ្វើ​ លួច​ដាក់​ព្រះ​ តាំង​ពី​ខែ​តុលា (ឆ្នាំ​២០១១) មក ហើយ​យប់ៗ​លួច​ធ្វើ​លេណដ្ឋាន ហើយ​មក​ដល់​បច្ចុប្បន្ន​នេះ ក៏​នៅ​តែ​ចេញ​ចូលៗ​ ជញ្ជូន​ទាំង​លោក​សង្ឃ យាយជី តាជី មក​បង្ក​តែ​រឿង»

អាជ្ញាធរ​ជាតិ​ព្រះវិហារ និង​គណៈកម្មាធិការ​ជាតិ​បេតិកភណ្ឌ​ពិភពលោក​ បាន​សំដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​អំពើ​របស់​ជន​ជាតិ​ថៃ មួយ​ក្រុម​នោះ​ ដោយ​ថា សកម្មភាព​ដែល​ប្រើប្រាស់​ចលនា​ប្រជាពលរដ្ឋ និង​សាសនា​នោះ​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​អំពើ​បង្ក​ហេតុ និង​ការ​ប៉ុន​ប៉ង​បង្កើត​ភាព​តាន​តឹង ព្រម​ទាំង​ជា​ការ​រារាំង​ដល់​ការ​អភិរក្ស​ប្រាសាទ​ព្រះវិហារ​ដ៏​មាន​តម្លៃ​ ដែល​ជា​សម្បត្តិ​បេតិភណ្ឌ​​ពិភពលោក និង​ជា​សម្បត្តិ​បេតិកភណ្ឌ​របស់​មនុស្ស​ជាតិ​ទាំង​អស់​ផង។

លោក កុយ គួង អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​កម្ពុជា។ លោក​បាន​មាន​ប្រសាសន៍​ថា ក្រសួង​ការបរទេស​កម្ពុជា នឹង​ធ្វើ​កំណត់​ទូត​តវ៉ា​បញ្ជូន​ទៅ​ខាង​ភាគី​ថៃ នៅ​ពេល​ឆាប់ៗ​ខាង​មុខ អំពី​ការ​រំលោភ​បំពាន​ពី​សំណាក់​ប្រជាពលរដ្ឋ​ថៃ ទៅ​លើ​តំបន់​ហាម​ឃាត់​មិន​ឱ្យ​មាន​កងទ័ព​ជា​បណ្ដោះ​អាសន្ន ដែល​ធ្វើ​ឡើង​ដោយ​សេចក្ដី​សម្រេច​​របស់​តុលាការ​អន្តរជាតិ​នោះ។

លោក កុយ គួង៖ «ហើយ​យើង​ក៏​នឹង​ចម្លង​ជូន​នូវ​កំណត់​ទូត​តវ៉ា​នេះ​ទៅ​ឱ្យ​តុលាការ​អន្តរជាតិ (ICJ) ផង​ដែរ ដើម្បី​ឱ្យ​តុលាការ​បាន​ជ្រាប​អំពី​សកម្មភាព​នេះ»

កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​២០១១ កន្លង​ទៅ តុលាការ​អន្តរជាតិ បាន​ចេញ​សេចក្តី​សំរេច​របស់​ខ្លួន​មួយ ដោយ​បង្កើត​នូវ​តំបន់​ដែល​គ្មាន​កងទ័ព​ជា​បណ្ដោះអាសន្ន​នៅ​តាម​តំបន់​ប្រឈម​មុខ​គ្នា​ក្នុង​រឿង​ជម្លោះ​ព្រំដែន​ជិត​ប្រាសាទ​ព្រះវិហារ​ បន្ទាប់​ពី​កងទ័ព​កម្ពុជា​-ថៃ​ បាន​ប្រយុទ្ធ​គ្នា​ជា​ច្រើន​លើក ដោយសារ​ជម្លោះ​ព្រំដែន។

ក្នុង​ការ​ជួប​ប្រជុំ​គ្នា​របស់​គណៈកម្មការ​ព្រំដែន​ទូទៅ​នៃ​ក្រសួង​ការពារ​ជាតិ​​កម្ពុជា និង​ថៃ កន្លង​ទៅ គឺ​គណៈកម្មការ​នោះ​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​រួម​គ្នា​ថា ភាគី​ទាំង​២ បាន​ព្រមព្រៀង​គ្នា​អនុវត្ត​ទៅ​តាម​ដីកា​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ ដែល​​បង្កើត​នូវ​តំបន់​គ្មាន​កងទ័ព​ជា​បណ្ដោះអាសន្ន​ ប្រកប​ដោយ​តម្លាភាព និង​ស្មើ​ភាព​គ្នា៕