បទពិសោធន៍​របស់​អតីត​និស្សិត​ដែល​បាន​អាហារូបករណ៍​ទៅ​រៀន​នៅ​ស.រ.អា

កញ្ញា កែវ កល្យាណ ដែល​ចប់​ការ​សិក្សា​ក្នុង​សកល​វិទ្យាល័យ​មួយ​នៅ​រដ្ឋ​ញូវយ៉ក បាន​រៀប​រាប់​ប្រាប់​ ឲ្យ​ដឹង​អំពី​អ្វី​ដែល​នាង​ត្រូវ​ធ្វើ​ដើម្បី​មាន​ឈ្មោះ​ទៅ​រៀន​ស្រុក​គេ ហើយ​ត្រូវ​ប្រឹង​រៀន​ដូច​ម្តេច​ដើម្បី​បាន​ទទួល​សញ្ញាបត្រ​បរិញ្ញា​ទោ ឬ​ហៅ​ថា​អនុបណ្ឌិត​នោះ។

0:00 / 0:00

"គោល​បំណង​ខ្ញុំ​មួយ គឺ​ថា​ចង់​ទៅ​រៀន​ប្រទេស​គេ ថា​តើ​ត្រូវ​ធ្វើ​ដូច​ម្ដេច? អ៊ីចឹង​យើង​ត្រូវ​ទៅ​រៀន​បង់​លុយ​ខ្លួន​ឯង ឬ​ក៏​យើង​ទៅ​រៀន​តាម​របៀប​ទទួល​អាហារូបករណ៍? ប៉ុន្តែ​ដោយសារ​ក្រុម​គ្រួសារ​ខ្ញុំ​គាត់​អត់​មាន​លទ្ធភាព​អ៊ីចឹង​ទៅ ខ្ញុំ​ត្រូវ​ស្វះ​ស្វែង​ដើម្បី​រក​អាហារូបករណ៍" ៖ នេះ​គឺ​ជា​សម្តី​រៀបរាប់​របស់​កញ្ញា កែវ កល្យាណ ជា​និស្សិត​ដែល​បាន​បញ្ចប់​កម្មវិធី​សិក្សា​នៅ​ឯ​សហរដ្ឋ​អាមេរិក ហើយ​បាន​វិល​ត្រឡប់​មក​បម្រើ​ការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​វិញ ជា​អ្នក​វិភាគ​កម្មវិធី​របស់​កម្មវិធី​អភិវឌ្ឍន៍​អង្គការ​សហ​ប្រជាជាតិ (UNDP)។

កល្យាណ ជា​និស្សិត​ម្នាក់​ក្នុង​ចំណោម​និស្សិត​ផ្សេងៗ​ទៀត ដែល​ទទួល​បាន​អាហារូបករណ៍ Fulbright ទៅ​បន្ត​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​នៅ​សហរដ្ឋ​អាមេរិក។ នាង​បាន​បង្ហាញ​ពី​បទពិសោធន៍​រៀន​សូត្រ​ជោគជ័យ​របស់​ខ្លួន​ក្រោយ​ពេល​បញ្ចប់​ការ​សិក្សា​នៅ​សហរដ្ឋ​អាមេរិក​នោះ។

កញ្ញា កែវ កល្យាណ ជា​និស្សិត​ដែល​បាន​បញ្ចប់​ថា្នក់​អនុបណ្ឌិត​ផ្នែក​រដ្ឋបាល​សាធារណៈ នៅ​ឯ​សកល​វិទ្យាល័យ Syracuse ក្នុង​រដ្ឋ​ញូវយ៉ក សហរដ្ឋ​អាមេរិក​នោះ បាន​រៀប​រាប់​ថា គាត់​ទទួល​បាន​អាហារូបករណ៍​នៅ​ក្នុង​ឆ្នាំ ២០០៦ ហើយ​បាន​ចេញ​ទៅ​សហរដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ​២០០៧។ កញ្ញ កែវ កល្យាណ បាន​និយាយ​ឲ្យ​ដឹង​ថា គាត់​ខិត​ខំ​រៀន​សូត្រ​យ៉ាង​ច្រើន​ដើម្បី​ក្លាយ​ជា​និស្សិត​ឆ្នើម​ទទួល​បាន​អាហារូបករណ៍​នោះ ដូច​ជា​ត្រូវ​កំណត់​គោល​ដៅ​នៃ​ការ​សិក្សា ជាពិសេស​ផ្នែក​ភាសា​បរទេស​ជាដើម​នោះ។

កញ្ញា កែវ កល្យាណ បាន​រៀបរាប់​ដូច្នេះ ៖ «យើង​ត្រូវ​ខំ​ប្រឹង​រៀន​មុខ​វិជ្ជា​អ្វី​ដែល​យើង​ចង់​រៀន យើង​យក​ចិត្ត​ទុក​ដាក់​រៀន​មុខ​វិជ្ជា​ហ្នឹង។ ធម្មតា​នៅ​ពេល​ដែល​យើង​បាន​អាហារូបករណ៍​ទាល់​តែ​ពិន្ទុ​យើង​ហ្នឹង​បាន​យ៉ាង​ហោច​ណាស់ ៧០% ដែរ​ជា​ទូទៅ​បូក​សរុប​ទៅ​ជា​មធ្យម ពីព្រោះ​អី​គេ​ចង់​បាន​សិស្ស​ដែល​រៀន​ពូកែ​ដើម្បី​ទៅ​រៀន ដើម្បី​ប្រកួត​ជាមួយ​សិស្ស​នៅ​ប្រទេស​ផ្សេងៗ​ទៀត។ ទី​២ គឺ​ភាសា​របស់​យើង ព្រោះ​អី​យើង​មិន​អាច​យក​ភាសា​យើង​ទៅ​រៀន​នៅ​មហាវិទ្យាល័យ​ប្រទេស​គេ​បាន​ទេ»

កញ្ញា កែវ កល្យាណ ជា​និស្សិត​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ពីរ​មហាវិទ្យាល័យ​នៅ​ប្រទេស​កម្ពុជា គឺ​ថ្នាក់​បរិញ្ញាបត្រ​អាហារូបករណ៍​នៅ​សកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង និង​បរិញ្ញាបត្រ​នៅ​វិទ្យាស្ថាន​ភាសា​បរទេស​នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។ គាត់​បាន​និយាយ​អំពី​ការ​រៀន​សូត្រ​យ៉ាង​ផ្ចិតផ្ចង់​របស់​គាត់ ដើម្បី​ទទួល​បាន​ពិន្ទុ​ល្អ​មុន​ពេល​ដែល​ទទួល​បាន​អាហារូបករណ៍​ទៅ​បន្ត​ការ​សិក្សា​នៅអាមេរិក​នោះ។

កញ្ញា កែវ កល្យាណ បាន​ប្រាប់​ដូច្នេះ​ថា ៖ «មើល​សៀវភៅ​ឲ្យ​បាន​ច្រើន​ភាសា ចំណេះ​វិជ្ជា មុខ​វិជ្ជា ជំនាញ​ដែល​យើង​ចង់​រៀន​ហើយ​និង​ចំណេះ​ដឹង​ទូទៅ​មួយ​ទៀត។ ចំណេះ​ដឹង​ទូទៅ​គឺ​ជា​ចំណុច​សំខាន់ ពីព្រោះ​អី​យើង​ដឹង​ហើយ​ថា​សិស្ស​នៅ​ប្រទេស​គេ ដើម្បី​ប្រកួត​ប្រជែង​យើង​ត្រូវ​ដឹង​ច្រើន ហើយ​របៀប​រៀន​សូត្រ​នៅ​ប្រទេស​គេ​ហ្នឹង​ក៏​វា​ខុស​ពី​យើង​ដែរ គេ​របៀប​បញ្ចេញ​យោបល់ បញ្ចេញ​មតិ​ក្លាហាន។ អ៊ីចឹង​គឺ​យើង​ត្រូវ​អាច​ច្រើន មើល​ព័ត៌មាន​ឲ្យ​បាន​ច្រើន ឲ្យ​ដឹង​ពី​ប្រទេស​គេ ហើយ​យើង​ធ្វើ​ការ​ស្រាវជ្រាវ​ទៀត។ ហើយ​ការ​ស្រាវជ្រាវ​ហ្នឹង​គឺ​យើង​ត្រូវ​ប្រើ​អ៊ិនធឺណេត។ ចំពោះ​ខ្ញុំ គឺ​ខ្ញុំ​ឧស្សាហ៍​ប្រើ​វ៉ឹបសៃថ៍​មើល​ព័ត៌មាន​ផ្សេងៗ​ទាក់​ទង​នឹង​មុខ​វិជ្ជា​ជំនាញ ឬ​ក៏​ទូទៅ»

ក្រៅ​ពី​ការ​ខិតខំ​រៀន​សូត្រ​នៅ​ឱកាស​ដែល​ទទួល​បាន​អាហារូបករណ៍​នោះ កល្យាណ បាន​បញ្ជាក់​ថា សិស្ស​និស្សិត​ដែល​ចង់​បាន​ព័ត៌មាន​ផ្សេងៗ ទាក់​ទង​នឹង​អាហារូបករណ៍​ក្រៅ​ប្រទេស ត្រូវ​តែ​តាម​ដាន​ព័ត៌មាន​នៅ​ក្នុង​សាលា​រៀន​នីមួយៗ ឬ​តាម​គេហទំព័រ​នានា ដែល​ទាក់​ទង​នឹង​វិស័យ​អប់រំ​នោះ។

មុន​ពេល​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋ​អាមេរិក កញ្ញា កែវ កល្យាណ ធ្លាប់​ទទួល​បាន​អាហារូបករណ៍​ផ្លាស់​ប្តូរ​កម្មវិធី​សិក្សា​រយៈពេល​មួយ​ឆ្នាំ​នៅ​ប្រទេស​អូស្រ្តាលី ហើយ​នាង​បាន​ចុះ​កម្មសិក្សា និង​ធ្វើ​ការ​នៅ​ប្រទេស​សិង្ហបុរី​រយៈ​ពេល ៦​ខែ។

ក្នុង​ទឹក​មុខ​ដែល​និយាយ​និង​គិត​បន្តិច​ផង​នោះ កញ្ញា កែវ កល្យាណ បាន​បញ្ជាក់​ថា និស្សិត​ខ្មែរ​ដែល​ទទួល​បាន​អាហារូបករណ៍ Fulbright ទៅ​បន្ត​ការ​សិក្សា​នៅ​សហរដ្ឋ​អាមេរិក ក្នុង​គ្រា​ដំណាល​គ្នា​នោះ​មាន​ចំនួន ១០​នាក់ ហើយ​បាន​ចូល​រៀន​នៅ​មហាវិទ្យាល័យ​ខុសៗ​គ្នា។ គាត់​បាន​ថ្លែង​ឡើង​ពី​បទពិសោធន៍​ក្នុង​ការ​ចូល​រៀន​ជាមួយ​និស្សិត​បរទេស​នៃ​ប្រទេស​ផ្សេង​ទៀត​នៅ​សហរដ្ឋ​អាមេរិក​នោះ​ថា បរិយាកាស​នៅ​ក្នុង​បន្ទប់​រៀន​នៃ​មហាវិទ្យាល័យ​នោះ គឺ​ខុស​ប្លែក​ពី​មហាវិទ្យាល័យ​ប្រទេស​កម្ពុជា។ នាង​បាន​រៀប​រាប់​ទៀត​ថា សេចក្តី​ក្លាហាន រួសរាយ​រាក់​ទាក់​និង​ការ​ព្យាយាម គឺ​ជា​កត្តា​ជោគជ័យ​នៅ​ក្នុង​ថ្នាក់​ទៀត​នោះ។

កញ្ញា កែវ កល្យាណ បាន​បញ្ជាក់​ដូច្នេះ​ថា ៖ «ចំពោះ​មុខ​វិជ្ជា​ដែល​យើង​រៀន គឺ​រាង​យ៉ាប់​ដែរ ពីព្រោះ​អី​ត្រូវ​ការ​អាន​ច្រើន ហើយ​ប្រការ​សំខាន់​ខ្ញុំ​ដឹង​ថា​សិស្សា​នុសិស្ស​យើង​នៅ​ខ្មែរ គឺ​អត់​ទម្លាប់​ការ​អាន​ទេ ប៉ុន្តែ​យើង​ត្រូវ​បង្ខំ​ខ្លួន​ឯង​ឲ្យ​អាន។ មួយ​ថ្ងៃ​អ៊ីចឹង​យ៉ាង​ហោច​ណាស់​ក៏​អាន​ពី ២០០ ទៅ ៣០០​ទំព័រ​ដែរ ហ្នឹង​គឺ​ជា​ការ​ប្រឈម​មួយ​ដែល​យើង​ត្រូវ​តែ​ត្រៀម​លក្ខណៈ​ឲ្យ​ហើយ។ ហើយ​មួយ​ទៀត យើង​ត្រូវ​ចេះ​បែង​ចែក​ពេល​វេលា​យើង គ្រប់គ្រង​ពេល​វេលា ពីព្រោះ​អី​មាន​ការ​អាន​ច្រើន មាន​មុខ​វិជ្ជា​ច្រើន​ដែល​ត្រូវ​ធ្វើ ហើយ​ភាសា​ក៏​ជា​ការ​សំខាន់​ដែរ អ៊ីចឹង​បាន​គេ​ត្រូវ​ការ​ឲ្យ​យើង​រៀន​ភាសា​ខ្លាំង។ តែ​ទោះ​បី​ជា​ភាសា​យើង​ខ្លាំង​យ៉ាង​ណា​ក៏ដោយ ពេល​ខ្លះ​ក៏​យើង​មាន​ជួប​ការ​លំបាក ដូច​ថា​ទាក់​ទង​នឹង​ពាក្យ​បច្ចេកទេស​នៅ​ក្នុង​មុខ​វិជ្ជា​ហ្នឹង»

កញ្ញ កល្យាណ បាន​ឲ្យ​ដឹង​ទៀត​ថា និស្សិត​ទាំង​អស់​ត្រូវ​តែ​រៀបចំ​កម្មវិធី​សិក្សា​ផ្ទាល់​ខ្លួន ដូច​ជា​ការ​ធ្វើ​លំហាត់ ឬ​កិច្ចការ​នានា​របស់​សាស្ត្រាចារ្យ​ដែល​បាន​ដាក់​ឲ្យ​នោះ។ នាង​បាន​បន្ត​ថា ក្រៅ​ពី​ការ​សិក្សា​ដែល​មមាញឹក​នោះ នាង​ក៏​មាន​កម្មវិធី​និង​សកម្មភាព​ចូល​រួម​ក្នុង​សង្គម​ផង​ដែរ ដើម្បី​ទទួល​យក​បទពិសោធន៍​ក្នុង​ការ​រស់​នៅ នៅ​សហរដ្ឋ​អាមេរិក​ផង​ដែរ។

ក្រោយ​ពេល​ដែល​បញ្ចប់​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​នៅ​ឯ​សកល​វិទ្យាល័យ Syracuse ក្នុង​រដ្ឋ​ញូវយ៉ក សហរដ្ឋ​អាមេរិក​នោះ កញ្ញា កែវ កល្យាណ បាន​នាំ​មក​វិញ​នូវ​ស្នាម​ញញឹម និង​សេចក្តី​សង្ឃឹម​នា​ពេល​អនាគត​ដល់​ក្រុម​គ្រួសារ​របស់​នាង។

កញ្ញា កែវ កល្យាណ បាន​ឲ្យ​ដឹង​ដូច្នេះ​ថា ៖ «នៅ​ពេល​ដែល​ខ្ញុំ​បញ្ចប់​ការ​សិក្សា​ហ្នឹង គឺ​ខ្ញុំ​ត្រឡប់​មក​ប្រទេស​ខ្មែរ​វិញ ប៉ុន្តែ​មុន​នឹង​បាន​មក​ប្រទេស​ខ្មែរ ខ្ញុំ​បាន​ទៅ​ធ្វើ​ការ​ហ្វឹកហ្វឺន​នៅ​ប្រទេស​សិង្ហបុរី​ដែរ រយៈ​ពេល ៦​ខែ។ ធ្វើ​ការ​ហ្វឹកហ្វឺន​នេះ​គឺ​ដើម្បី​ដក​បទពិសោធន៍ មួយ​ជា​ផ្នែក​នៃ​សាលា​របស់​ខ្ញុំ​ផង ទី​១​ទៀត​គឺ​ដើម្បី​ដក​បទពិសោធន៍​ការងារ​នៅ​ប្រទេស​ផ្សេង។ ហើយ​ឥឡូវ​នេះ​ខ្ញុំ​បាន​ធ្វើ​ការ​នៅ​អង្គការ​អភិវឌ្ឍន៍​សហ​ប្រជាជាតិ តំណែង​ជា​អ្នក​វិភាគ​កម្មវិធី។ អ្វី​ដែល​ខ្ញុំ​ប៉ង​ប្រាថ្នា​ទៅ​រៀន​មុខ​វិជ្ជា​រដ្ឋបាល​សាធារណៈ​អី​ហ្នឹង គឺ​សំខាន់​ខ្ញុំ​មាន​គោល​បំណង​ថា​ខ្ញុំ​ចង់​ធ្វើ​ការ​ផ្នែក​អភិវឌ្ឍន៍ អ៊ីចឹង​ខ្ញុំ​មាន​អារម្មណ៍​ថា​សប្បាយ​រីករាយ​ណាស់ ដែល​ពេល​ឥឡូវ​ខ្ញុំ​បាន​ធ្វើ​ការ​នៅ​ក្នុង​អង្គការ​អភិវឌ្ឍន៍​សហ​ប្រជាជាតិ​ដែល​ជា​គោល​បំណង​របស់​ខ្ញុំ​មួយ»

ក្នុង​កាយ​វិការ​លើក​ដៃ​ដើម្បី​បញ្ជាក់​ពី​ភាព​ម៉ឺងម៉ាត់​ក្នុង​ការ​និយាយ​នោះ កញ្ញា កែវ កល្យាណ បាន​បន្ថែម​ស្នាម​ញញឹម​ជា​នារី​ខ្មែរ និង​សេចក្តី​ជឿ​ជាក់​ក្នុង​ខ្លួន​ជា​និស្សិត​ឆ្នើម ក្នុង​ការ​ទទួល​យក​បាន​នូវ​អាហារូបករណ៍​ទៅ​រៀន​នៅ​ក្រៅ​ប្រទេស។

កញ្ញា កែវ កល្យាណ បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «បើ​យើង​ចង់​ទៅ​រៀន​នៅ​ក្រៅ​ប្រទេស យើង​ត្រូវ​ស្វះ​ស្វែង​រក តើ​មាន​វិធី​ណា​ខ្លះ​ដែល​យើង​អាច​ទៅ​រៀន​បរទេស​បាន? យើង​ចង់​បាន​អាហារូបករណ៍ អ៊ីចឹង​យើង​ត្រូវ​ត្រៀម​លក្ខណៈ​អី​ខ្លះ? រៀន​ឲ្យ​ពូកែ រៀន​ភាសា​បរទេស​ឲ្យ​បាន​ល្អ និង​មាន​សមត្ថភាព ដូច​ជា​ចំណេះ​ដឹង​ទូទៅ​ជាដើម ហើយ​និង​សេចក្ដី​ក្លាហាន​ដើម្បី​ទៅ​ប្រឡូក​ជាមួយ​សិស្ស​ផ្សេងៗនៅ​ប្រទេស​ផ្សេង អ៊ីចឹង​សំខាន់​គឺ​យើង​ត្រូវ​មាន​គោលដៅ​ច្បាស់​លាស់»

កញ្ញា កែវ កល្យាណ កើត​នៅ​ឆ្នាំ ១៩៨៥ ក្នុង​ស្រុក​តាខ្មៅ ខេត្ត​កណ្តាល មាន​បង​ប្អូន​បី​នាក់ ឪពុក​ជា​មន្ត្រី​រាជការ​ចូល​និវត្តន៍​នៃ​ក្រសួង​អប់រំ​យុវជន​និង​កីឡា និង​ម្តាយ​ជា​អាជីវករ៕