សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា អមដំណើរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅប្រទេសថៃ រូមមានលោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងសមាជិករដ្ឋាភិបាលមួយចំនួនទៀត។
កន្លងមកមន្ត្រីរដ្ឋាភិបាលកម្ពុជាធ្លាប់បានលើកឡើងថា កម្ពុជាមានបំណងដាក់បញ្ហាទំនាស់កម្ពុជា-ថៃ ឲ្យសមាជិកអាស៊ានពិភាក្សា ក្រោយពេលកាសែតថៃ បានដកស្រង់សម្ដីមន្ត្រីជាន់ខ្ពស់ថៃថា ចង់ឲ្យមន្ត្រីអាស៊ានក្នុងកិច្ចប្រជុំលើកទី១៥ បង្កើតយន្តការឯករាជ្យមួយ ជួយដោះស្រាយបញ្ហាទំនាស់ព្រំដែនកម្ពុជា-ថៃ នៅក្បែរតំបន់ប្រាសាទព្រះវិហាររបស់ខ្មែរ ប៉ុន្តែក្រោយមកដោយថៃ បានលើកឡើងថា កាសែតថៃចុះផ្សាយនោះខុស។
នៅគ្រាដែលត្រឡប់ពីដំណើរទស្សនកិច្ចនៅប្រទេសចិន លោក ហោ ណាំហុង ក៏បានបង្ហើបឲ្យដឹងថា គេនឹងមិនលើកយកបញ្ហាទំនាស់ព្រំដែនកម្ពុជា-ថៃនេះ ដាក់នៅក្នុងការពិភាក្សាជាអន្តរជាតិនៃកិច្ចប្រជុំកំពូលអាស៊ាននោះទេ៕