ល្ខោននិយាយរឿង «ទម្លាយភាពស្ងប់ស្ងាត់»នេះ ផលិតឡើងដោយអង្គការអម្រិតា សិល្បៈ សហការជាមួយមជ្ឈមណ្ឌលឯកសារកម្ពុជា និងដឹកនាំការសម្តែងដោយស្ត្រីជនជាតិហុល្លង់មួយរូបគឺលោកស្រី អានីម៉ារី ព្រីនស៍។
ខ្សែរឿងដែលមានរយៈពេលជាង ១ម៉ោង គឺបានចែកជា៧វគ្គ ដែលវគ្គនីមួយៗគឺរំឭកឡើងវិញនូវជីវិតប្រជាជនកម្ពុជាក្នុងរបបវាលពិឃាតខ្មែរក្រហម ៖ «នេះគឺឆ្នាំ១៩៧៦ ខ្ញុំមានអាយុ ៧ឆ្នាំ យើងរស់នៅក្នុងកូនខ្ទមតូចមួយ មានម៉ែ បងប្រុសខ្ញុំ ២នាក់ ប្អូនស្រីតូចរបស់ខ្ញុំ ហើយនិងខ្ញុំ។ យប់មួយនោះ ពេលខ្ញុំដឹងខ្លួនឡើង ខ្ញុំឃ្លានខ្លាំងណាស់។ កាលណោះខ្ញុំឃើញជន្លេនធំមួយ ខ្ញុំចង់ហូបវាណាស់»។
ធ្លាប់ជាប្រទេសមួយដែលឆ្លងកាត់សោកនាដកម្មនិងការសម្លាប់រង្គាល កម្ពុជារហូតមកទល់បច្ចុប្បន្ន ក៏នៅតែជាប្រទេសមួយដែលប្រមូលផ្តុំឡើងវិញនិងរស់នៅជុំគ្នារវាងជនរងគ្រោះ ជនដៃដល់ជាកម្មាភិបាលខ្មែរក្រហមនិងកូនចៅជំនាន់ក្រោយរបស់គេ។
រយៈពេលជិត៣០ឆ្នាំមកនេះ ជនរងគ្រោះខ្លះបន្តរស់នៅជាមួយការឈឺចាប់ពីអតីតកាលដែលពិបាកនឹងថ្លែងចេញមក ខណៈដែលជនដៃដល់ខ្លះខំព្យាយាមលាក់កំបាំងអតីតកាលនិងទង្វើឧក្រិដ្ឋដែលគេធ្លាប់បានប្រព្រឹត្តនោះ។
ខ្សែរឿងបានបន្តថា ក្នុងចំណោមប្រជាជនកម្ពុជាជិត ២លាននាក់ដែលស្លាប់ក្នុងរបបខ្មែរក្រហមនោះ គឺអ្នកខ្លះបានស្លាប់ដោយជំងឺ ការបង្ខំឲ្យធ្វើពលកម្មហួសកម្លាំង ការអត់អាហារ ហើយអ្នកខ្លះទៀត ត្រូវសម្លាប់នៅមូលដ្ឋាន ឬទីកន្លែងដទៃទៀតដោយមូលហេតុនៃការធ្វើការគុំគួន ការធ្វើតាមបញ្ជានិងមូលហេតុនយោបាយជាដើម។
តួប្រុស ៖ អ្ហែងមានតួនាទីជាអ្វីកាលជំនាន់ ប៉ុល ពត? តួស្រី ៖ ខ្ញុំជាប្រធានយុវជន ខ្ញុំអប់រំយុវជនឲ្យចេះស្រលាញ់ប្រទេសជាតិ។ តួប្រុស ៖ អ្ហែងមានចេញបញ្ជាឲ្យចាប់មនុស្សដែរ ឬអត់? ស្រី ៖ កាលហ្នឹង នរណាក៏គេខ្លាចឯងដែរ គេថាបើឯងសម្លឹងនរណាតែមួយភ្លែត ស្អែកឡើងអ្នកហ្នុង បាត់ខ្លួនមិនខានទេ។ អត់មានភស្តុតាង ប្រជាជនគាត់ចេះតែថាអ៊ីចឹងហើយ។ ខ្ញុំចង់ឲ្យឯងនិយាយការពិត ការពិតឯងដឹងរឿងកាប់សម្លាប់ហ្នឹង ហើយឯងក៏ពាក់ព័ន្ធក្នុងរឿងហ្នឹងដែរ កុំមកប្រកែកឲ្យសោះ។
មេដឹកនាំខ្មែរក្រហម ជារឿយៗ ក៏បដិសេធការសម្លាប់មនុស្សនេះដែរ ៖ «បងស្លាប់ចោលអូន ជីវិតបងសូន្យទាំងឈឺខ្លោចផ្សារ ចោលអូនឯកឯងកណ្ដាលលោកាអឺងៗៗអឺយ... អូនពឹងនរណាទៅ...»។
ភ្លាមៗក្រោយការដួលរលំនៃរបបខ្មែរក្រហម ដោយសារតែការឈឺចាប់ពេកនោះ បាតុភាពនៃការសងសឹកនិងការសម្លាប់សមាជិកខ្មែរក្រហមខ្លះ ក៏បានកើតឡើង ៖ «ត្រឡប់មកស្រុកកំណើតខ្ញុំវិញ ទើបខ្ញុំដឹងថា ពុកម៉ែរបស់ខ្ញុំ ដែលអ្នកភូមិខឹងសម្បាបានសម្លាប់ ហើយអ្នកជិតខាងបានទាំងយកពូថៅមកវាយក្បាលខ្ញុំទៀត គឺដោយសារតែខ្ញុំហ្នឹងជាទាហានអាពត»។
អតីតកាលរបស់ជនដៃដល់ ក៏មិនត្រឹមតែជាបញ្ហារបស់គេផ្ទាល់ ដែលធ្វើឲ្យគេមានវិប្បដិសារីនោះទេ ប៉ុន្តែអតីតកាលនេះ ក៏បានធ្វើឲ្យប៉ះពាល់ដល់កូនប្រពន្ធនិងសមាជិកគ្រួសារគេផងដែរ ៖ «ខ្ញុំខ្មាសគេណាស់នៅពេលដែលដឹងថាកូនខ្ញុំក្លាយទៅជាមេពេជ្ឈឃាតម្នាក់»។
រួមជាមួយនឹងតួសម្តែងនៃរឿងទម្លាយភាពស្ងប់ស្ងាត់នោះ គឺតួអង្គសត្វស្វាបានក្លាយ ជាតួអង្គសកម្មមួយដែលសម្តែងនូវកាយវិការនានាទាក់ទិនខ្លឹមសារនៃរឿងទាំងកាយវិការទុក្ខសោករបស់ជនរងគ្រោះ រួមទាំងកាយវិការសកម្មភាពជនដៃដល់ដែលធ្វើទារុណកម្មនិងសម្លាប់មនុស្សផង។
សម្រាប់ជនរងគ្រោះ ក្រៅពីការឈឺចាប់ សំណួរដើម្បីរកមូលហេតុពិតដែលនាំឲ្យខ្មែរក្រហមធ្វើទារុណកម្មរូបគេ ឬសម្លាប់សាច់ញាតិរបស់គេ គឺជារឿងដ៏សំខាន់ ៖ «ខ្ញុំដឹងថាពៀររម្ងាប់ដោយការមិនចងពៀរ។ ការចងពៀរវេរានឹងគ្នា គឺគ្មានថ្ងៃបញ្ចប់នោះទេ ប៉ុន្តែខ្ញុំមិនមែនជាព្រះទេ រហូតដល់ថ្ងៃខ្ញុំស្លាប់ ខ្ញុំនៅអង្គុយនៅកន្លែងនេះ និងមិនដឹងការពិតជារៀងរហូត»។
ក្រុមសិល្បៈនេះបានចាប់ផ្តើមសម្តែងនៅតាមបណ្តាខេត្តមួយចំនួនរួចហើយ ដូចជាខេត្តកំពង់ចាមនិងខេត្តកណ្តាល ហើយគេកំពុងបន្តដំណើរទៅខេត្តតាកែវទៀត។ ក្នុងការសម្តែងម្តងៗ គឺមានអ្នកទស្សនាយ៉ាងហោច ៥០០នាក់។ នេះបើតាមការថ្លែងឲ្យដឹងរបស់លោក សួន ប៊ុនរិទ្ធ ជាប្រធានអង្គការអម្រិតាសិល្បៈ។
ផ្ទៃរឿងក៏បង្ហាញដែរថា បើទោះបីជាប្រជាជនកម្ពុជាកំពុងបន្តរស់នៅជាមួយស្រមោលនៃអតីតកាលក៏ដោយ ប៉ុន្តែគេក៏កំពុងព្យាយាមរកចម្លើយនិងដំណោះស្រាយចំពោះអតីតកាលនោះដែរ។
ការសម្តែងមួយនៅខេត្តកណ្តាល បានជំរុញចិត្តឲ្យអតីតអ្នករងគ្រោះម្នាក់ហ៊ានឡើងថ្លែងអំពីជីវិតរបស់គាត់ក្នុងចំណោមមហាជន ៖ «ក្នុងរង្វង់គ្រួសាររបស់ខ្ញុំ ប៉ុលពត យកទៅសម្លាប់ទាំងអស់។ អ៊ីចឹងនៅសម័យនោះ ខ្ញុំបាទ គ្រាន់តែនឹកឃើញអំពីគ្រួសារ និងខ្លួនរបស់ខ្ញុំបាទ ខ្ញុំបាទនិយាយអត់ចេញ ពីព្រោះនៅក្នុងនោះវាធ្វើការគាបសង្កត់ខ្ញុំបាទខ្លាំងពន់ពេក»។
លោក ឆាំង យុ ជានាយកមជ្ឈមណ្ឌលឯកសារកម្ពុជា អធិប្បាយថា ការសម្តែងនេះគឺជាវិធីមួយតាមលក្ខណៈខ្មែរ ក្នុងបំណងដើម្បីធ្វើមានការជួបជុំគ្នារវាងជនរងគ្រោះនិងជនដៃដល់និងដើម្បីឲ្យទាំងអស់គ្នាហ៊ាននិយាយការពិតដើម្បីរកដំណោះស្រាយនិងផ្សះផ្សាសង្គមមួយដែលបានហែកហួរដោយសារអតីតកាលខ្មែរក្រហមនោះ។
លោក ឆាំង យុ មានប្រសាសន៍ដូច្នេះថា ៖ «យើងអត់ហ៊ានច្រៀង អត់ហ៊ានបំពេកូនទេសម័យអាពត ខ្លាចពួកហ្នឹងជាខ្មាំង ដូចជានៅក្នុងសាច់រឿងមួយនោះ បំពេកូន... គេយកទៅសម្លាប់ចោល។ អ៊ីចឹងគឺថា វាបាក់តែម្ដង ធ្វើឲ្យខ្មែរយើងនោះវារងប៉ះទង្គិចធ្ងន់ធ្ងរមែនទែន ខ្លាច គេហៅថា បាក់ស្បាត ហើយអ៊ីចឹងយើងធ្វើឡើងវិញ ឲ្យគាត់មានកម្លាំងឡើងវិញ»។
ហើយក៏ជាវិធីមួយដើម្បីផ្លាស់ប្តូរការគិតចំពោះអតីតកាលផងដែរ ៖ «ប្ដូរពីទន្លេឈាម ទៅជាទន្លេនៃការបង្រួបបង្រួម គឺជាទន្លេ ទន្លេនៃការទទួលខុសត្រូវ...និយាយៗៗ»៕