ការថ្លែងឲ្យដឹងនេះ គឺបានធ្វើឡើងបន្ទាប់ពីការប្រកបអាជីវកម្មលក់ដូរនៅផ្សារឡុងកឿថៃរបស់អាជីវករខ្មែរ មានការថមថយប្រាក់ចំណូលដោយសារតែអតិថិជនថៃចាប់ផ្តើមចាយលុយរិះថាំនារយៈពេលចុងក្រោយនេះខុសពីសព្វដង។
អាជីវករខ្មែរនៅផ្សារថៃ ឈ្មោះ សែ ឡាក់គី បានថ្លែងឲ្យដឹងនាព្រឹកថ្ងៃសុក្រថា ភ្ញៀវថៃបានធ្វើដំណើរមកផ្សារឡុងកឿនៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យជាធម្មតា ប៉ុន្តែពួកគេបានចាយលុយតិចតួចខុសពីសព្វដង ៖ «ថ្ងៃសៅរ៍ ថ្ងៃអាទិត្យ ថៃច្រើនមែន ប៉ុន្តែដូចគេមិនសូវទិញ គេគ្រាន់តែដើរមកមើល មកលេងអីអ៊ីចឹង ប៉ុន្តែគេអត់សូវទិញ គេប្រយ័ត្នលុយទុកឲ្យកូនគេរៀន អ៊ីចឹងគេមិនសូវទិញរបស់អីផ្ដេសផ្តាសដូចមុនទេ»។
ភរិយាលោកឧត្តមសេនីយ៍ទោយោធាថៃ វិណៃ សូរ៉ាក់ហ្សា គឺលោកស្រី ស៊ីចាន់ ភិនប៊ុនទៀង ជាអ្នកជំនួញថៃម្នាក់ បានថ្លែងពីប្រទេសថៃមកថា ពលរដ្ឋថៃបានកាត់បន្ថយការចំណាយប្រចាំថ្ងៃរបស់ខ្លួនពី ១០០បាត មកនៅត្រឹម ៤០បាតវិញក្នុងមួយថ្ងៃចាប់តាំងពីទទួលរងវិបត្តិហិរញ្ញវត្ថុពិភពលោកមក។
លោកស្រី ស៊ីចាន់ ភិនប៊ុនទៀង ថ្លែងដូច្នេះថា ៖ «វាសន្សំសំចៃដោយ Automatic អ៊ីចឹងតែម្ដង ព្រោះម្នាក់ៗរិះថាំច្រើន ដូចថាពីមុនចាយ១០០អ៊ីចឹង ឥឡូវនៅត្រឹម ៤០ច្រើនពេក តាំងពីព័ត៌មានអាមេរិកចេញថាយ៉ាប់ ដូចថាខាងថៃអត់លុយចាយមិនដឹងធ្វើម៉េច»។
អាជីវករខ្មែរម្នាក់ទៀត ឈ្មោះ ចាន់ សុភា បានថ្លែងថា ក្រោយពីមុខរបរមានប្រាក់ចំណូលថយចុះ គ្រួសាររបស់លោកក៏បានកាត់បន្ថយការចំណាយមិនចាំបាច់មួយចំនួន។
លោកបញ្ជាក់ថា កាលពីមុនធ្លាប់ចំណាយ ១០០ បច្ចុប្បន្នគឺចំណាយតែ ៥០ប៉ុណ្ណោះ ៖ «យើងលក់មិនសូវដាច់ ក៏យើងក្បិតក្បៀតតាមលក់មិនសូវដាច់អ៊ីចឹងទៅ ថយមកនៅបាយផ្ទះ មិនសូវដើរហើរពេក ចាយពី ១០០ មកនៅ ៥០»។
ក្រុមអាជីវករខ្មែរប្រមាណ ៩០% កំពុងជួលតូបលក់ដូរក្នុងតម្លៃចាប់ពី ៣ពាន់បាត រហូតដល់ ៣ម៉ឺនបាតក្នុងមួយខែនៅផ្សារឡុងកឿថៃជាប់ច្រកទ្វារអន្តរជាតិប៉ោយប៉ែតនៃខេត្តបន្ទាយមានជ័យ។
ក្រុមអាជីវករបានថ្លែងថា ជាមួយនឹងការថមថយប្រាក់ចំណូលបានមកពីការលក់ដូរ ពួកគេក៏កំពុងប្រឈមនឹងការចំណាយផ្សេងៗ ដូចជា ថ្លៃទឹក ភ្លើង និងកន្លែងស្នាក់អាស្រ័យ ៖ «យើងលក់អត់សូវដាច់អ៊ីចឹង យើងភ័យខ្លាចអត់មានលុយបង់ថ្លៃតូប...»។
ក្រុមអាជីវករនិងមន្ត្រីច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានបញ្ជាក់ថា ក្រុមអាជីវករខ្មែរប្រមាណ ៩០% ដែលកំពុងជួលតូបលក់ដូរក្នុងផ្សារឡុងកឿថៃ នឹងប៉ះពាល់មុខរបរលក់ដូរប្រចាំថៃ្ងធ្ងន់ធ្ងរជាងនេះទៅទៀត ប្រសិនបើស្ថានការណ៍វិបត្តិហិរញ្ញវត្ថុភិភពលោកមិនប្រែទៅរកស្ថានភាពល្អប្រសើរឡើងវិញទេនោះ៕