ចម្រៀង​បំពេ​កូន​របស់​ជន​ជាតិ​ខ្មែរ

អ្នក​ស្រាវ​ជ្រាវ​វប្បធម៌ អរិយធម៌​ខ្មែរ បាន​រក​ឃើញ​ថា ជីវិត​ខ្មែរ និង​សិល្បៈ​បាន​ស្ថិត​នៅ​ជាប់​គ្នា​រៀង​រហូត​តាំង​ពី​កុមារភាព។

0:00 / 0:00

ពួក​អ្នក​ស្រាវ​ជ្រាវ​វប្បធម៌ អរិយធម៌​ខ្មែរ បាន​កោត​ស្ញប់​ស្ញែង​ដល់​ដូន​តា​ខ្មែរ ដែល​បាន​បញ្ច្រៀត​ការ​អប់រំ​តាម​រយៈ​ការ​ប្រើ​ប្រាស់​សិល្បៈ​ផ្សេងៗ​គ្នា ដូច​ជា​សិល្បៈ​ចម្រៀង ការ​និទាន​រឿង ឬ​ការ​សូត្រ​កំណាព្យ​ជា​ដើម ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​សង្គម ពី​ជីវិត និង​បាន​ចាត់​ទុក​ថា​ជា​វិធី​សាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព ដែល​បាន​រំលាយ​សិល្បៈ​ឲ្យ​ចូល​បេះ​ដូង​ខ្មែរ​រួច​ជា​ស្រេច តាំង​ពី​កុមារភាព​ម៉េ្លះ។ មធ្យោបាយ​ដ៏​ពិសិដ្ឋ​មួយ គឺ​ដូន​តា​ខ្មែរ​បាន​ប្រើ​ប្រាស់​ចម្រៀង​បំពេ​កូន ឬ​ចម្រៀង​បំពេ​ប្អូន ធ្វើ​ជា​ថ្នាល​ដំបូង​ក្នុង​ការ​បណ្ដុះ​ស្មារតី​អប់រំ​ដល់​ទារក ឬ​កុមារ​ខ្មែរ។

អ្នក​និពន្ធ​ដ៏​ល្បី និង​ជា​អ្នក​ស្រាវ​ជ្រាវ​វប្បធម៌ អរិយធម៌​ខ្មែរ លោក ពេជ្រ ទុំក្រវ៉ិល មាន​ប្រសាសន៍​ថា ទោះបី​ជា​បច្ចុប្បន្នភាព​សង្គម​ខ្មែរ​មាន​ការ​ជឿន​លឿន ហើយ​សិល្បៈ​បំពេ​កូន​ត្រូវ​បាន​គេ​កាត់​បន្ថយ​នៅ​តាម​តំបន់​ប្រជុំ​ជន ក្រុង​ក្តី ប៉ុន្តែ​ក្នុង​ជីវិត​រស់​នៅ​របស់​ប្រជា​កសិករ​ឯ​ជនបទ​វិញ គេ​នៅ​តែ​និយម​ច្រៀង​បំពេ​កូន​តាម​ទម្លាប់​តាំង​ពី​អតីត​កាល​ដ៏​យូរ​លុង​បន្ត​ដល់​បច្ចុប្បន្ន​នេះ ហើយ​ជា​ធម្មតា​មិន​មែន​បុរស​ជា​ឪ​ពុក ឬ​ស្ត្រី​ម្ដាយ ឬ​ក៏​បង​ច្រៀង​បំពេ​ដើម្បី​គ្រាន់​តែ​ឲ្យ​ទារក ឬ​កុមារ​នោះ​ដេក​លក់​ស្កប់​ស្កល់​នឹង​អាល​ឲ្យ​ឪពុក​ម្ដាយ​មាន​ឱកាស​ធ្វើ​កិច្ចការ​ផ្សេង​ៗ​ទេ ប៉ុន្តែ​ការ​ពិត​សិល្បៈ​បំពេ​ទាំង​នោះ បាន​ធ្វើ​ការ​អប់រំ​រួច​ជា​ស្រេច ដូច​ជា​ពាក្យ​ថា កេង​ទៅ​កូន ក្រោក​ឡើង​ញ៉ាំ​នំ ឲ្យ​កូន​ឆាប់​ធំ មុំ​ទៅ​រៀន ជា​ដើម ទាំង​នេះ​វា​សុទ្ធ​តែ​ធ្វើ​ឲ្យ​កុមារ​ឮ​ដដែលៗ តាំង​ពី​តូច បង្ហាញ​ជា​ស្រេច​ថា កុមារ​មាន​សិទ្ធិ​ទទួល​បាន​ការ​អប់រំ។

លោក ពេជ្រ ទុំក្រវ៉ិល បាន​បញ្ជាក់​បែប​នេះ​ថា ៖ «ម្ដាយ​ដែល​ទៅ​ធ្វើ​ការ​នៅ​តាម​ស្រែ​ចម្ការ​ក្តី​ហ្នឹង គឺ​ថា​តែង​តែ​យក​កូន​ទៅ​ជា​មួយ។ ហើយ​កាល​ណា​ត្រូវ​ការ​ឲ្យ​កូន​សម្រាក​អី​ម្ដាយ​ហ្នឹង នៅ​តែ​បំពេ​អ៊ីចឹង។ កាល​ណា​គាត់​បំពេ​ទៅ​កូន​ហ្នឹង​សម្រាក​លក់​ទៅ វា​បាន​ពេល​សម្រាប់​ការ​ងារ​របស់​គាត់។ ប៉ុន្តែ​នៅ​ក្នុង​ហ្នឹង ប្រាកដ​ជា​មាន​ស្មារតី​អប់រំ។ អប់រំ​ហ្នឹង​គឺ​ថា​សំខាន់​ណាស់។ មែន​ទែន​អញ្ចេះ​មិន​មែន​តែ​បំពេ​ទេ បើ​យើង​ពិនិត្យ​ទៅ​លើ​ជីវិត​ខ្មែរ​យើង​វិញ ឃើញ​ថា​ចម្រៀង​ហ្នឹង ការ​បំពេ​ហ្នឹង ការ​សូត្រ​កំណាព្យ​ហ្នឹង វា​ជាប់​នៅ​នឹង​ជីវិត​ខ្មែរ​ហ្នឹង​ហ្មង មិន​មែន​សម្រាប់​តែ​កូន​ក្មេង​ទេ យើង​ឃើញ​ហើយ​ពិធី​ផ្សេងៗ»

អ្នក​ចម្រៀង​ប្រពៃណី​បុរាណ​ខ្មែរ​ដ៏​ល្បី និង​ជា​ប្រធាន​កិត្តិយស​សមាគម​សិល្បករ​ខ្មែរ លោក អៀង ស៊ីធុល បញ្ជាក់​ថា បទ​ចម្រៀង​បំពេ​កូន ឬ​បំពេ​ប្អូន បាន​ក្លាយ​ទៅ​ជា​មរតក​ប្រចាំ​ជីវិត​ខ្មែរ​គ្រប់​រូប​ដ៏​ពេញ​និយម ប៉ុន្តែ​ក្នុង​សម័យ​នេះ បទ​ចម្រៀង​បំពេ​សម្រាប់​ជីវិត​អ្នក​រស់​នៅ​ទីក្រុង​ភ្នំពេញ ទំនៀម​នៃ​ការ​បំពេ​កូន​ដ៏​ពេញ​និយម​នោះ ត្រូវ​បាន​កាត់​បន្ថយ​ដែរ ព្រោះ​គេ​អាច​បើក​ម៉ាញ៉េ ទូរទស្សន៍​ដែល​មាន​បទ​ចម្រៀង​ផ្សេងៗ ជំនួស​ឲ្យ​ការ​បំពេ​ដោយ​ផ្ទាល់​មាត់​វិញ។

លោក អៀង ស៊ីធុល មាន​ប្រសាសន៍​ថា ចម្រៀង​បំពេ​មិន​មែន​គ្រាន់​តែ​ជា​មរតក​អប់រំ​កុមារ​សម្រាប់​ជីវិត​ប្រព្រឹត្ត​ប្រចាំ​ថ្ងៃ​ជា​ធម្មតា​ប៉ុណ្ណោះ​ទេ តែ​បទ​ចម្រៀង​បំពេ​ក៏​មាន​នៅ​ក្នុង​ទិដ្ឋភាព​នយោបាយ និង​មាន​នៅ​ក្នុង​ការ​រៀបចំ​ពិធី​មង្គល​ការ​ដែរ ៖ «ដូច​ជា​ម្ដាយ​ខ្ញុំ គាត់​បំពេ​ប្អូន​ខ្ញុំៗ នៅ​ចាំ​ពី​តូច​គាត់​បំពេ​អូន​អ្ហើយ​កេង​ទៅ ឆាប់​ធំ ទម្រាំ​បាយ​ងំ ដួស​ឲ្យ​ហូប​ដើរ​លេង​អី​ហ្នឹង ហើយ​ខ្ញុំ​នេះ​ក៏​វា​ធ្លាប់​ដែរ បំពេ​កូន​និយាយ​ទៅ​ឲ្យ​តែ​មាន​កូន គឺ​ឮ​សូរ​សំនៀង​ច្រៀង​បំពេ​ហ្នឹង ឲ្យ​តែ​មាន​ក្មេង គឺ​មាន​ភាព​អ៊ូអរ​សប្បាយ​រីក​រាយ​ហើយ។ វា​ជា​ជីវិត​អ៊ីចឹង​ហ្មង ឥឡូវ​នេះ​គឺ​យើង​មិន​សូវ​ជា​មាន​ទេ ពិបាក​បំផុត​ហើយ​នៅ​ទីក្រុង​ភ្នំពេញ​ហ្នឹង ប៉ុន្តែ​ក៏​យើង​ថា​មិន​អត់​ដែរ នៅ​តែ​មាន។បំពេ​ហ្នឹង​យើង​យក​ទៅ​ប្រើ​ក្នុង​ពិធី​មង្គល​ការ​ក៏​មាន បទ​អប់រំ​នយោបាយ​ក៏​បាន ហើយ​យើង​ប្រើ​នៅ​ក្នុង​ពិធី​បំពេ​កូន​នោះ​ក៏​បាន។ ឧទាហរណ៍​គេ​អប់រំ​កូន កូន​អ្ហើយ​កេង​ទៅ ណា​ពៅ​ពិសី យើង​ឆ្លង​វាល​បី វាល​សូន្យ​សុះ វាល​គុក​វាល​ច្រវាក់ វាល​ឃ្នៀង​ខ្នោះ វាល​មហា​ស្រណោះ អា​លោះ​ក្រៃ។ អា​នេះ យើង​ប្រាប់​កូន​ឲ្យ​កូន​ដឹង​ថា ឆ្លង​ពី​របប​បី​ឆ្នាំ ប្រាំ​បី​ខែ ម្ភៃ​ថ្ងៃ វា​វេទនា​ប៉ុណ្ណា»

តាម​ការ​អះ​អាង​ដោយ​លោក អៀង ស៊ីធុល បទ​ចម្រៀង​បំពេ​ទាំង​នោះ ធ្លាប់​មាន​ថត​ទុក​ជា​ហ្វ៊ីល​ឯកសារ​ពី​យូរ​មក​ហើយ​ដែរ ប៉ុន្តែ​មិន​មែន​ជា​ការ​ថត​លក់​ធ្វើ​អាជីវកម្ម ហើយ​ក៏​មិន​មាន​ការ​ថត​ឡើង​វិញ​ជា​ស៊ីឌី ឬ​វីស៊ីឌី​នៅ​ឡើយ។ ចំណែក​ឯ​លោក ពេជ្រ ទុំក្រវ៉ិល វិញ​បញ្ជាក់​ថា មាន​សេចក្ដី​ព្រួយ​បារម្ភ​អំពី​ការ​ថយ​ចុះ​ប្រជាប្រិយភាព​ជាក់​ស្ដែង​នៅ​ទីក្រុង អំពី​ការ​ច្រៀង​បំពេ​កូន​នោះ​ដែរ ដូច្នេះ​ហើយ លោក​ចង់​ឲ្យ​មាន​ការ​គិត​គូរ​ថត​ផលិត​ជា​ស៊ីឌី ឬ​ជា​វីស៊ីឌី ជា​ដើម ដើម្បី​រក្សា​ទុក​ទៅ​អនាគត ៖ «បាសាក់​ហ្នឹង​មាន​បទ​បំពេ​ដែរ នៅ​ក្នុង​យីកេ​ហ្នឹង មាន​បំពេ​បែប​យីកេ​ទៅ ហើយ​បំពេ​នៅ​ក្នុង​ជីវិត​ធម្មតា ដែល​យើង​ឮ​រាល់​ដង​ហ្នឹង គឺ​ថា​ជា​ទម្លាប់​មួយ​របស់​ខ្មែរ​យើង បាន​សេចក្ដី​ថា រឿង​បំពេ​រឿង​សូត្រ​កំណាព្យ​នេះ ខ្មែរ​មាន​មធ្យោបាយ​មួយ​នៅ​ក្នុង​ការ​អប់រំ គឺ​យក​ការ​ពីរោះ​ត្រចៀក​ហ្នឹង»

លោក ពេជ្រ ទុំក្រវ៉ិល រៀប​រាប់​បន្ត​ថា​បទ​ចម្រៀង​បំពេ​ត្រូវ​បាន​គេ​យក​មក​ប្រើ​តាំង​ពី​ជីវិត​នៅ​ជា​កុមារ ហើយ​រហូត​ដល់​ស្លាប់​ទៅ​វិញ​ក៏​នៅ​តែ​មាន​បទ​បំពេ​ជា​ចុង​ក្រោយ​ដែរ ដែល​នោះ​គឺ​ជា​ការ​ស្មូត អំពី​អនិច្ចំ ទុក្ខំ ជា​ដើម។

ជន​ជាតិ​ព្នង​ចេះ​អភិរក្ស​ចម្រៀង​បំពេកូន

ចម្រៀង​បំពេ​កូន​មិន​មែន​មាន​តែ​នៅ​ក្នុង​ជីវិត​ខ្មែរ​នោះ​ទេ សូម្បី​ជន​ជាតិ​ដើម​ភាគ​តិច​ខ្មែរ​មួយ​ចំនួន ដូច​ជា​ជន​ជាតិ​ព្នង ក៏​មាន​ប្រពៃណី និង​មរតក​នេះ​ដែរ។ ឥឡូវ​ជន​ជាតិ​ព្នង​នៅ​ខេត្ត​មណ្ឌលគិរី បាន​ដើរ​លឿន​មួយ​ជំហាន​ទៅ​មុខ​ទៀត ដោយ​គេ​បាន​ផលិត​បទ​ចម្រៀង​បំពេ​ទាំង​នោះ​ជា​ច្រើន​បទ ថត​ជា​ស៊ីឌី និង​វីស៊ីឌី​រួច​ហើយ។

អ្នក​គ្រូ ឃ្វើក ចិន្តា បង្រៀន​នៅ​សាលា​អន្តេវាសិកដ្ឋាន​ក្រុង​សែន​មនោរម្យ ខេត្ត​មណ្ឌលគិរី មាន​ប្រសាសន៍​ថា ចម្រៀង​បំពេ​របស់​ជន​ជាតិ​ព្នង បាន​សំដៅ​ការ​អប់រំ និង​បង្ហាញ​អំពី​ទិដ្ឋភាព​ជុំវិញ​ខ្លួន​មនុស្ស ក្នុង​នោះ​ភាគ​ច្រើន​បាន​ពិពណ៌នា​ឲ្យ​កូន​ស្ដាប់​អំពី​រុក្ខជាតិ សត្វ​ព្រៃ និង​បរិយាកាស​លើ​មេឃ ជា​ដើម​ដែល​ទាក់​ទង​នឹង​ជីវិត​មនុស្ស ៖ «បំពេ​រៀប​រាប់​ពី​ព្រៃ​ឈើ​ឲ្យ​កូន​ហ្នុង​ឆាប់​កេង​លក់។ អ្វី​ធម្មជាតិ បរិស្ថាន​ដែល​នៅ​ជុំវិញ​ខ្លួន​គេ វា​មាន​តាំង​ពី​លើ ក្រោម ឆ្វេង ស្ដាំ ស្ថាន​នៅ​ជុំវិញ​អ៊ីចឹង គេ​ឲ្យ​កូន​គេ​ដឹង​ទាំង​អស់»

ការ​ផលិត​បទ​ចម្រៀង​បំពេ​កូន​ជន​ជាតិ​ព្នង​ធ្វើ​ឡើង​ក្នុង​បំណង​ពង្រីក​មរតក​ប្រពៃណី ដែល​មាន​តាំង​ពី​អតីត​កាល​សម្រាប់​បង្ហាត់​បង្រៀន​យុវជន និង​សិស្ស​សាលា​របស់​ពួក​គេ ឲ្យ​បាន​ចេះ​ដឹង​នូវ​មរតក ប្រពៃណី​ពិត​ប្រាកដ​របស់​ខ្លួន​ផង និង​ឲ្យ​ចេះ​ស្វែង​យល់​អំពី​ខ្លឹមសារ​នៃ​បទ​ចម្រៀង​បំពេ​ទាំង​នោះ​ផង៕