ព្រះមហាក្សត្រ​យាង​ចូលរួម​សម្ពោធ​សាខា​ថ្មីនៃ​មន្ទីរពេទ្យ​កុមារ ជយវរ្ម័ន​ទី​៧

ព្រះមហាក្សត្រ​ខ្មែរ​​ព្រះបាទ នរោត្តម សីហមុនី ទ្រង់​បាន​យាង​ជា​ព្រះអធិបតី​ក្នុង​ការ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​សាខា​ថ្មី​របស់​មន្ទីរពេទ្យ​កុមារ​ជយវរ្ម័ន​ទី​៧ ដែល​គ្រប់គ្រង​ដោយ​វេជ្ជបណ្ឌិត​ជនជាតិ​ស្វ៊ីស​នៅ​ក្នុង​ខេត្ត​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ទី​៣០ ធ្នូ​នេះ។
ដោយ សាន សុវិទ្យ
2008.12.30
Share on WhatsApp
Share on WhatsApp
សីហមុនី ព្រះមហាក្សត្រ សម្ដេច​ព្រះ​បរមនាថ នរោត្ដម សីហមុនី ក្នុង​ឱកាស​យាង​សម្ពោធ​សាខា​មន្ទីរពេទ្យ​កុមារ​ជយវរ្ម័ន​ទី​៧ ក្នុង​ខេត្ត​សៀមរាប នា​ថ្ងៃ​ទី​៣០ ធ្នូ ២០០៨។
RFA/Savyouth

សាខា​ថ្មី​មន្ទីរពេទ្យ​កុមារ​ជយវរ្ម័ន​ទី​៧ បាន​កសាង​ឡើង​ដោយ​មូលនិធិ គន្ធបុប្ផា ដោយ​បាន​ចំណាយ​អស់​ទឹក​ប្រាក់​ប្រមាណ ១២​លាន​ដុល្លារ​អាមេរិក​ជាមួយ​ការ​បំពាក់​ឧបករណ៍​វេជ្ជសាស្រ្ត​សម្រាប់​ការ​ព្យាបាល​ដ៏​ទំនើបៗ។

ព្រះមហាក្សត្រ​ខ្មែរ​ព្រះបាទ នរោត្តម សីហមុនី ទ្រង់​មាន​ព្រះ​រាជ​បន្ទូល​ថា វិស័យ​សុខាភិបាល​គឺ​ជា​បញ្ហា​គន្លឹះ​ក្នុង​ចំណោម​បញ្ហា​សំខាន់ៗ ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​លើ​ការ​អភិវឌ្ឍ​ឲ្យ​កាន់​តែ​ប្រសើរ​ថែម​ទៀត​សំដៅ​ថែ​រក្សា ការពារ និង​ព្យាបាល​សុខភាព​ប្រជារាស្រ្ត​ទូទាំង​ប្រទេស។

ព្រះមហាក្សត្រ​ទ្រង់​មាន​បន្ទូល​ទៀត​ថា អតីត​ព្រះមហាក្សត្រ​និង​ព្រះវររាជ​មាតា​ទ្រង់​បាន​យក​ព្រះទ័យ​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​សុខភាព​ប្រជារាស្ត្រ​ដោយ​ព្រះអង្គ​បាន​ចំណាយ​ព្រះ​រាជ​ទ្រព្យ​សម្រាប់​កសាង​និង​ជួសជុល​មណ្ឌល​សុខភាព​មួយ​ចំនួន​ដែល​ជា​សមិទ្ធិផល​ថ្មី​និង​ខ្លះ​ចាស់ សល់​ពី​សម័យ​សង្គម​រាស្រ្ត​និយម​ផង។

ព្រះបាទ សម្ដេច​ព្រះ​បរមនាថ នរោត្ដម សីហមុនី មាន​ព្រះរាជ​បន្ទូល​យ៉ាង​ដូច្នេះ ៖ «ព្រះ​ករុណា ព្រះ​មហា​វីរ​ក្សត្រ ព្រះ​វរ​រាជ​បិតា​ជាតិ​ខ្មែរ និង​សម្ដេច​ព្រះ​មហាក្សត្រី​ព្រះ​វរ​រាជ​មាតា​ជា​ទី​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់​បំផុត ព្រះអង្គ​បាន​ប្រោស​ព្រះ​រាជ​ឧបត្ថម្ភ​ដ៏​ឧត្ដុង្គ​ឧត្ដម​ដល់​លោក​វេជ្ជបណ្ឌិត Beat Richner ដើម្បី​កសាង​មន្ទីរពេទ្យ​កុមារ គន្ធ​បុប្ផា ទាំង​៥ នៅ​រាជ​ធានី​ភ្នំពេញ ក៏​ដូចជា​មន្ទីរពេទ្យ​ជយរវ្ម័ន​ទី​៧ នៅ​ខេត្ត​សៀមរាប នេះ​ផង​ដែរ។ ទន្ទឹម​នឹង​នេះ​ដែរ ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ដែល​បាន​យក​ចិត្ត​ទុក​ដាក់ បាន​ជួយ​ឧបត្ថម្ភ​ថវិកា​ក្នុង​មួយ​ឆ្នាំ​ៗ ច្រើន​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​សម្រាប់​ចូលរួម​សកម្មភាព​មន្ទីរពេទ្យ​កុមារ គន្ធ​បុប្ផា នៅ​រាជ​ធានី​ភ្នំពេញ ក៏​ដូច​ជា​មន្ទីរពេទ្យ​ជយរវ្ម័ន​ទី​៧ នៅ​ក្រុង​សៀមរាប​នេះ»

ប្រធាន​មន្ទីរពេទ្យ​កុមារ​ជយវរ្ម័ន​ទី​៧ នៅ​ខេត្ត​សៀមរាប និង​ជា​អ្នក​ស្វែងរក​មូលនិធិ​សាងសង់ លោក​វេជ្ជបណ្ឌិតBeat Richner ជា​ជន​ជាតិ​ស្វ៊ីស បាន​មាន​ប្រសាសន៍​ថា សាខា​ថ្មី​របស់​មន្ទីរពេទ្យ​កុមារ​មួយ​នេះ បាន​កសាង​ឡើង​បន្ថែម​សម្រាប់​ទទួល​ពិគ្រោះ​ជំងឺ​របស់​ស្រ្តី​និង​កុមារ​ខ្មែរ ដែល​មក​ពី​ខេត្ត​នៅ​ជុំវិញ​មួយ​ចំនួន​ដោយ​ឥត​គិត​ប្រាក់។

លោក​វេជ្ជបណ្ឌិត Beat Richner បាន​មាន​ប្រសាសន៍​ថា មន្ទីរពេទ្យ​កុមារ​ជយវរ្ម័ន​ទី​៧ ខេត្ត​សៀមរាប បាន​ផ្តល់​ឲ្យ​ជនជាតិ​ខ្មែរ​ជាង ៨០០​នាក់ មាន​ការងារ​ធ្វើ ហើយ​មាន​បទ​បញ្ជា​តឹងតែង​មិន​អនុញ្ញាត​ឲ្យ​បុគ្គលិក​ធ្វើការ​ទី​នេះ​ណា​ម្នាក់ អាច​បើក​គ្លីនិក​ឯកជន​ព្យាបាល​ខាង​ក្រៅ​បាន​ទេ និង​ហាមឃាត់​ដាច់​ខាត​មិន​ឲ្យ​បុគ្គលិក​មន្ទីរពេទ្យ​ទទួល​យក​លុយ​ពី​អ្នក​ជំងឺ​ដែល​ចូល​មក​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ក្នុង​មន្ទីរពេទ្យ​ឡើយ។

លោកRichner មាន​ប្រសាសន៍​ថា ៖ «សព្វ​ថ្ងៃ​នេះ មន្ទីរពេទ្យ​ជយវរ្ម័ន​នេះ ធំ​ជាង​កាល​ពី​ឆ្នាំ​១៩៩៩ ដល់​ទៅ ៨​ដង។ កុមារ​មក​ពី​ទីឆ្ងាយៗ ដូចជា​ប៉ោយប៉ែត បាត់ដំបង ព្រះវិហារ អន្លង់វែង កំពង់ធំ ហើយ​មក​ពី​ភ្នំពេញ​ក៏​មាន។ ពួកគេ​មក​ទី​នេះ​ទាំង​ថ្ងៃ​ទាំង​យប់...»។

យោង​តាម​តួលេខ​កាល​ពី​ឆ្នាំ​២០០៧ មាន​ស្ត្រី​និង​កុមារ​ខ្មែរ​ចំនួន​ជាង ២​សែន ៧​ម៉ឺន ២​ពាន់​នាក់ បាន​មក​ពិគ្រោះ​ជំងឺ​និង​ជាង ៤​ម៉ឺន ១​ពាន់​នាក់ បាន​ទទួល​ការ​ព្យាបាល​ដោយ​សម្រាក​ក្នុង​មន្ទីរពេទ្យ​នេះ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។