មន្ត្រីខុទ្ទកាល័យព្រះមហាក្សត្រ លោក អ៊ុំ តារាវុធ បានមានប្រសាសន៍ថាបើគ្មានថ្ងៃទី១៥ មិថុនា ឆ្នាំ១៩៦២ ពេលដែលតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ សម្រេចថាប្រាសាទព្រះវិហារជារបស់ខ្មែរនោះទេ នោះក៏គ្មានថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ ដែលប្រាសាទព្រះវិហារត្រូវបានអង្គការយូណេស្កូសម្រេចដាក់ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកដែរ ។
លោក អ៊ុំ តារាវុធ បានមានប្រសាសន៍ថា ៖ «ឧទាហរណ៍មេអំបៅ មានមេអំបៅមួយឈ្មោះថា មេអំបៅស្ដេចម៉ូណាក នៅម៉ិចស៊ិចកូ ជិតដាច់ពូជហើយ ក្នុងហ្នឹងមាន៣០បេតិកភណ្ឌគេដាក់ចូល ។ សំខាន់បំផុតមិនមែនដាក់ចូលក្នុងបេតិកភណ្ឌពិភពលោកទេ សូម្បីតែសម្ដេចព្រះរាមនៅឆ្នាំ២០០៣ លោកបានដាក់របាំព្រះរាជទ្រព្យយើងនៅក្នុងបេតិកភណ្ឌដែរ ហើយអង្គរវត្តយើងនៅឆ្នាំ២០០១ ម៉្លោះហើយអត់មានស្អីជាសារសំខាន់ទេ ។ សំខាន់បំផុតគឺថាការកាត់ក្ដីនៅក្នុងតុលាការឡាអេ នៅថ្ងៃ១៥ ខែមិថុនា ១៩៦២នេះ វាមានសារសំខាន់ជាងគេទាំងអស់» ។
មន្ត្រីព្រះបរមរាជវាំង លោក អ៊ុំ តារាវុធ បានបញ្ជាក់ឲ្យដឹងថា ព្រះមហាក្សត្រមិនបានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែររត់ចូលព្រៃម៉ាគីតស៊ូប្រឆាំងនឹងការឈ្លានពានរបស់សៀមនោះឡើយ ។
លោក អ៊ុំ តារាវុធ បានមានប្រសាសន៍ថានៅក្នុងព្រះរាជសាររបស់អតីតព្រះមហាក្សត្រ នរោត្តម សីហនុ តាំងពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០០៣នោះ បានបញ្ជាក់ថាទ្រង់នឹងយាងចូលព្រៃបើសិនណាប្រទេសសៀមឈ្លានពាន ដើម្បីប្រយុទ្ធប្រឆាំងទល់នឹងពួកវាតទីនិយម ។
លោក អ៊ុំ តារាវុធ បានបញ្ជាក់ថា ៖ «លោកនឹងចូលម៉ាគីដើម្បីប្រយុទ្ធនឹងពួកវាតទីនិយមថៃដែលចូលមកវាតទីនៅប្រទេសកម្ពុជា ។ លោកមានព្រះរាជតម្រិះសម្រាប់ព្រះអង្គទេ មិនមែនអំពាវនាវអីទេ សុំទោស អាហ្នឹងកុំឲ្យយើងយល់ច្រឡំ» ។
មន្ត្រីព្រះបរមរាជវាំងបានឲ្យដឹងទៀតថា ព្រះមហាវីរក្សត្រ នរោត្តម សីហនុ នឹងជួយដោះស្រាយជុំវិញបញ្ហាជម្លោះនៅតំបន់ប្រាសាទព្រះវិហារជាមួយនឹងប្រទេសសៀម បើសិនណាជាមានកិច្ចសុំអន្តរាគមន៍ពីរដ្ឋាភិបាល ។
លោក អ៊ុំ តារាវុធ បានបញ្ជាក់ថារហូតមកទល់នឹងពេលនេះព្រះមហាវីរក្សត្រ នរោត្តម សីហនុ នៅមិនទាន់បានទទួលកិច្ចស្នើឲ្យព្រះអង្គជួយដោះស្រាយជម្លោះនោះពីរដ្ឋាភិបាលនៅឡើយទេ ៕