ប្រជាពលរដ្ឋខែ្មរចំនួនជាង៦០០គ្រួសាររស់នៅក្នុងភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង បានសម្ដែងប្រតិកម្មតវ៉ាថា ក្រុមហ៊ុនអគ្គិសនីផ្តាច់មុខមិនបានបញ្ចុះតម្លៃភ្លើងអគ្គិសនីតាមការទាមទាររបស់ប្រជាពលរដ្ឋនៅទីនោះទេ នៅគ្រាដែលតម្លៃប្រេងឥន្ធនៈបានចុះថោកជាងមុន ប៉ុនែ្តតម្លៃភ្លើងអគ្គិសនីលក់ឲ្យប្រជាពលរដ្ឋមានតម្លៃស្ទើរតែដដែលឬបានចុះតម្លៃតិចតួចបំផុតមិនអាចទទួលយកបាន។
តំណាងប្រជាពលរដ្ឋរងគ្រោះជាង៦០០គ្រួសាររស់នៅក្នុងភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង សុំមិនបញ្ចេញឈ្មោះបានថែ្លងប្រាប់វិទ្យុអាស៊ីសេរីថា ប្រជាពលរដ្ឋចង់ឲ្យម្ចាស់ក្រុមហ៊ុនអគ្គិសនីផ្តាច់មុខនោះបញ្ចុះតមៃ្លមកត្រឹម២០០០រៀលឬ២៥០០រៀលក្នុងមួយគីទ្បូវ៉ាត់ម៉ោងវិញ មិនមែន៣៥០០រៀលក្នុងមួយគីទ្បូវ៉ាត់ម៉ោងដូចពេលបច្ចុប្បន្ននេះទេ។
ពលរដ្ឋដដែលបានបញ្ជាក់ថា ៖ «អាហ្នឹងវាប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ ព្រោះប្រជាពលរដ្ឋនៅកោះស្ដេចនេះសុទ្ធតែអ្នកក្រីក្រ ហើយម្នាក់ៗត្អូញដាក់គ្នា ហើយសុំឲ្យចុះថោកដែរ ប៉ុន្តែគាត់អត់ចុះសោះ។ ម៉ាស៊ីនឯឝជនគាត់រកស៊ីផ្ដាច់មុខ ប៉ុន្តែក្រុមហ៊ុនគេនេះធ្វើទឹកកកផង»។
ផែ្អកតាមប្រភពប្រជាពលរដ្ឋតវ៉ានោះបានឲ្យដឹងថា កាលពីមុនប្រេងម៉ាស៊ូតមានតម្លៃប្រមាណ៥០០០រៀលក្នុងមួយលីត្រ ក្រុមហ៊ុនអគ្គិសនីផ្តាច់មុខនោះបានលក់ចរន្តអគ្គិសនីឲ្យប្រជាពលរដ្ឋក្នុងតម្លៃ៣៥០០រៀលក្នុងមួយគីទ្បូវ៉ាត់ម៉ោង ប៉ុនែ្តនៅគ្រាដែលប្រេងម៉ាស៊ូតបានចុះថៃ្លមកត្រឹម១៥០០រៀលក្នុងមួយលីត្រតម្លៃលក់ចរន្តអគ្គិសនីឲ្យប្រជាពលរដ្ឋគឺមានចំនួនប្រមាណ៣៥០០រៀលឬបានចុះមកត្រឹម៣៣០០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង នៅតែថ្លៃដដែលមិនអាចទទួលយកបានចំពោះគ្រួសារក្រីក្ររស់នៅទីនោះ។
ប្រតិកម្មទៅនឹងការទាមទារខាងលើនេះ លោកស្រី អាន សាំទ្បាន ជាថៅកែក្រុមហ៊ុនអគ្គិសនីផ្តាច់មុខនៅភូមិកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុងនោះ បានបំភ្លឺជាមួយនឹងការត្អូញតែ្អរថា ៖ «ដាច់ខែយើងទៅហើយ ថ្ងៃ១យើងចាប់ផ្ដើមហើយ។ ផ្ទះប្រជាជនមិនច្រើនប៉ុន្មានផង ម៉ាស៊ីនខ្ញុំធំណាស់ ...២៤ម៉ោងអត់មានរលត់ទេ»។
ទាក់ទងនឹងតម្លៃលក់ចរន្តអគ្គិសនីនៅក្នុងប្រទេសកម្ពុជា មន្រ្តីមួយរូបនៃអគ្គិសនីកម្ពុជា (EDC) នៅទីក្រុងភ្នំពេញ បានមានប្រសាសន៍ពន្យល់អំពីការលក់ចរន្តអគ្គិសនីរបស់ EDC ជូនប្រជាពលរដ្ឋនៅក្នុងទីក្រុងភ្នំពេញគឺមានតម្លៃថោកជាង ប៉ុនែ្តលោកបានបញ្ជាក់ថា អាជ្ញាធរអគ្គិសនីកម្ពុជាទៅវិញទេគឺជាអ្នកកំណត់នូវតម្លៃនៃការលក់ចរន្តអគ្គិសនីនៅក្នុងប្រទេសកម្ពុជានោះ។
មន្ត្រីដដែលបានមានប្រសាសន៍ថា ៖ «វាមាន៣៩០រៀល ៦១០រៀល និង៧២០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោងតាមការប្រើប្រាស់។ សួរទៅខាងអាជ្ញាធរអគ្គិសនីកម្ពុជា អាហ្នឹងនៅក្រោមការឲ្យអាជ្ញាប័ណ្ណរបស់អាជ្ញាធរអគ្គិសនីកម្ពុជា»។
មិនអាចទាក់ទងបានភ្លាមៗទេចំពោះមន្រ្តីនៃអាជ្ញាធរអគ្គិសនីកម្ពុជាទាក់ទងនឹងការតវ៉ារបស់តំណាងប្រជាពលរដ្ឋជាង៦០០គ្រួសារនៅក្នុងខេត្តកោះកុងអំពីតម្លៃភ្លើងអគ្គិសនីនៃក្រុមហ៊ុនឯកជននោះ។
សូមរំឭកថា កាលពីពេលថ្មីៗនេះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើការរិះគន់ជាចំហថា តម្លៃលក់ចរន្តអគ្គិសនីក្នុងប្រទេសកម្ពុជាមួយចំនួននៅតែមានតម្លៃថ្លៃ បើទោះបីជាប្រេងឥន្ធនៈនៅក្នុងប្រទេសកម្ពុជានិងនៅប្រទេសមួយចំនួននៅក្នុងពិភពលោកបានចុះថៃ្លក៏ដោយ៕