តុលាការកំពូលនៅថ្ងៃទី៦ ខែសីហាបានប្រកាសសាលដីកាតម្កល់សាលក្រម និងសាលដីការបស់តុលាការក្រុងភ្នំពេញ និងសាលាឧទ្ធរណ៍ ចាត់ទុកជាបានការ ក្នុងការបង្គាប់ឲ្យប្រជាពលរដ្ឋចំនួន២គ្រួសារ អតីតអ្នករស់នៅលើកោះពេជ្រទទួលយកការដោះស្រាយរបស់សាលាក្រុងភ្នំពេញ គឺតម្លៃដីចំនួន៦,៧៥ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ នៅគ្រាដែលគ្រួសារទាំងនោះបានទាមទារ ២៥ដុល្លារអាមេរិក ក្នុង១ម៉ែត្រការ៉េ សម្រាប់ដីធ្លីជាង២ហិកតាររបស់គាត់ នៅលើកោះពេជ្រនោះ។
ចៅក្រមជម្រះក្ដីនៃតុលាការកំពូល គឺលោក គង់ ស្រ៊ីម នៅក្នុងចំណោមចៅក្រមប្រឹក្សាចំនួន៤រូបទៀត បានអានសាលដីកាចំពោះមុខប្រជាពលរដ្ឋ២គ្រួសារ នៅថ្ងៃទី៦ ខែសីហានេះថា ការទាមទារ ២៥ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ ដោយផ្អែកលើការវាយតម្លៃដីធ្លីរបស់ក្រុមហ៊ុន PLC កន្លងមកនោះ មិនអាចពិចារណាបានទេ ដោយសារតែមានអនុក្រឹត្យចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ១៩៩៥កន្លង មកបានចាត់ទុកថា ដីដុះ ឬកោះ បឹង ស្ទឹង ទន្លេ នឹងសមុទ្រ គឺជាទ្រព្យសម្បត្តិរបស់រដ្ឋ មិនអាចទិញ ឬលក់ នឹងផ្ទេរកម្មសិទ្ធិបានទេ។
ប្រជាពលរដ្ឋជាអតីតអ្នករស់នៅលើកោះពេជ្រ លោក សូវ ហាក់ អាយុ៦២ឆ្នាំ បានថ្លែងប្រាប់វិទ្យុអាស៊ីសេរី ក្រោយពីការប្រកាសសាលដីកានោះថា លោកទទួលយកការសម្រេចនេះដោយបង្ខំចិត្ត ៖ «ក្រុមហ៊ុន OCIC ជួលពីសាលាក្រុងមក ក៏១ម៉ែត្រការ៉េ ៦៣ដុល្លារអាមេរិកដែរ។ តាមជាក់ស្ដែង ក្រុមហ៊ុន OCIC សព្វថ្ងៃនេះ ដែលលក់ចេញវិញនេះ គិតទៅ១ម៉ែត្រការ៉េ មិនទាបជាង១០០០ដុល្លារអាមេរិកទេ។ ហើយប្រៀបធៀបតម្លៃហ្នឹង វាខុសគ្នាឆ្ងាយណាស់»។
កន្លងមកចាប់តាំងពីឆ្នាំ២០០៦មក សាលាក្រុងភ្នំពេញ បានដោះស្រាយសំណងជំងឺចិត្តឲ្យប្រជាពលរដ្ឋ សរុប ៣០៥គ្រួសារ ក្នុងតម្លៃ៦,៧៥ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ ក្នុងមួយគ្រួសារ គឺនៅសល់តែប្រជាពលរដ្ឋ ២គ្រួសារនេះទេ ដែលបន្តទាមទារឲ្យដោះស្រាយក្នុងតម្លៃ ២៥ដុល្លារអាមេរិក ក្នុង១ម៉ែត្រការ៉េ សម្រាប់ដីធ្លីរបស់គាត់ជាង២ហិកតារ នៅលើកោះពេជ្រកន្លងមកនោះ។
សាលាក្រុងភ្នំពេញជាដើមបណ្ដឹង បានប្ដឹងប្រឆាំងការទាមទាររបស់ប្រជាពលរដ្ឋ ២គ្រួសារនោះ។
មេធាវីការពារក្តីឲ្យសាលាក្រុងភ្នំពេញ លោក យឹម សារី បានមានប្រសាសន៍សាទរការសម្រេចចុងក្រោយរបស់តុលាការកំពូលនេះ ៖ «យល់ឃើញថា ការសម្រេចរបស់លោកចៅក្រមតុលាការកំពូល មានលក្ខណៈត្រឹមត្រូវហើយ យុត្តិធម៌បំផុត ដើម្បីរដ្ឋាភិបាលធ្វើការអភិវឌ្ឍទីក្រុងរបស់យើង ឲ្យមានការរីកចំរើន និងមានសោភណភាព»។
កោះពេជ្យ ឬកោះឃ្លង់មានទំហំជាង១០០ហិកតារ នៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក្រុងភ្នំពេញ។ សាលាក្រុងភ្នំពេញនេះ បានជួលកោះពេជ្រឲ្យទៅក្រុមហ៊ុនឯកជនមួយ ឈ្មោះ OCIC ក្នុងតម្លៃ៦៣ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ សម្រាប់រយៈពេល៩៩ឆ្នាំ។
កោះពេជ្រនេះ ដែលកន្លងមកជាកន្លែងដាំបន្លែ និងដាំពោត បានក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ទំនើប នាពេលបច្ចុប្បន្ននេះ ប៉ុន្តែការដោះស្រាយកន្លងមក ប្រជាពលរដ្ឋបានសំដែងការតវ៉ាយ៉ាងខ្លាំង ដោយមិនពេញចិត្តនឹងតម្លៃដែលសាលាក្រុងភ្នំពេញបានកំណត់នោះ៕