តំណាងសហគមន៍ព្រៃឈើ ភូមិព្រែកព្រលូង ឃុំសោប ស្រុកព្រែកប្រសព្វ គឺលោក អ៊ូ ឆៃផេង ដែលបានចូលរួមក្នុងកិច្ចប្រជុំដោះស្រាយនោះ បានឲ្យដឹងថា អង្គប្រជុំបានកំណត់ថា ការខិតខំប្រឹងប្រែងរបស់សហគមន៍អាចនឹងទទួលផលល្អមកវិញ ៖ «ខាងរដ្ឋបាលព្រៃឈើខេត្ត គាត់មានប្រសាសន៍ថា សហគមន៍ឲ្យខំប្រឹងទៅលទ្ធផល ទោះតិច ទោះច្រើន ត្រូវតែបានមកសហគមន៍។ ហើយអភិបាលស្រុកក៏គាំទ្រដែរ ហើយថានឹងចុះទៅពិនិត្យមើលដីហ្នឹងយកទិន្នន័យពីជនល្មើសដើម្បីដកហូត។ រដ្ឋបាលព្រៃឈើថាធ្វើតាមច្បាប់ព្រៃឈើ»។
លោក អ៊ូ ឆៃផេង បានឲ្យដឹងបន្ថែមថា គេនឹងបង្កើតគណៈកម្មការចុះទៅពិនិត្យជាថ្មីនូវដីដែលបាត់បង់និងដីដែលនៅសេសសល់ ៖ «លទ្ធផលមិនទាន់សម្រេចថាយ៉ាងម៉េចទេ ប៉ុន្តែគេដកហូតសិន ជាសម្បត្តិសាធារណៈរបស់រដ្ឋ យើងមិនអាចវែកញែកថាកាត់ឲ្យខាងគេទេ ចាំច្បាប់ចេញមកសិន យើងនឹងសម្របសម្រួលតាមក្រោយដើម្បីជៀសវាងទំនាស់»។
មន្ត្រីនៃអង្គការ KAFDOC គឺលោក ថាច់ មេត្រី ដែលគាំទ្រគម្រោងសហគមន៍ទីនោះដែលត្រូវបានគេអញ្ជើញឲ្យចូលរួមប្រជុំសង្កេតការណ៍កិច្ចប្រជុំនោះ ៖ «លោកអាចនិយាយថាយើងនឹងចុះទៅពិនិត្យព្រៃដោយផ្ទាល់ ដោយទៅរកឲ្យឃើញស្ថានភាពជាក់ស្ដែង ថាតើដីនៅចំនួនទំហំប៉ុណ្ណា? ហើយយើងនឹងប្រើឧបករណ៍ GPS ដើម្បីយកទំហំដីជាក់ស្ដែង»។
អភិបាលរងស្រុកព្រែកប្រសព្វ គឺអ្នកស្រី ម៉ូ ដែលបានចូលរួមប្រជុំដោះស្រាយដែរនោះ បានបញ្ជាក់ថា នឹងអាចមានជួបប្រជុំលើកក្រោយៗទៀតអំពីរឿងនេះ ៖ «ទាក់ទងនឹងដីហ្នឹង បើសិនណាយើងធ្វើភ្លាមៗ វាមិនងាយបានទេ យើងត្រូវអនុវត្តទៅតាមនីតិវិធីជាបន្តបន្ទាប់ទៅ បើថាចង់បានភ្លាមឥឡូវ វាចម្រូងចម្រាសណាស់»។
សូមជម្រាបថា កិច្ចប្រជុំដោះស្រាយបញ្ហាដីសហគមន៍នេះ បានធ្វើឡើងបន្ទាប់ពីមានលិខិតផ្តិតមេដៃរបស់សហគមន៍និងប្រជាពលរដ្ឋចំនួន២៣៨តវ៉ា ទៅអភិបាលខេត្ត សុំឲ្យជួយអន្តរាគមន៍ទប់ស្កាត់លើករណីកាប់រានទន្ទ្រានចូលដីសហគមន៍ចំនួន ១.២៧៤ហិកតារ យកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនកាលពីថ្ងៃទី២៨ កក្កដា។ ហើយការដោះស្រាយលើកនេះ ត្រូវបានគេវាយតម្លៃថា ជាលើកដំបូងហើយ ដែលកម្រនឹងមានការយកចិត្តទុកដាក់ចំពោះរឿងនេះណាស់៕