អាជីវករផ្សារខេត្តក្រចេះ បានឲ្យដឹងកាលពីព្រឹកថ្ងៃទី២ មិថុនាថា នៅប្រហែលម៉ោងមួយរំលងអធ្រាត្រយប់ទី១ មិថុនា អគ្គីភ័យបានឆាបឆេះសន្ធោសន្ធៅ ចេញពីកន្លែងលក់ដូរចានឆ្នាំង ហើយក៏រាលដាលទូទាំងផ្សារ បណ្ដាលឱ្យផ្សារទាំងមូលឆេះរាបដល់ដី។
អ្នកស្រី សេក សុគន្ធា លក់ដូរខោអាវបានឲ្យដឹងថា មុនពេលកើតហេតុនេះប៉ុន្មានថ្ងៃ មានទំនាស់ពាក្យសម្ដីមួយកើតឡើងរវាងអាជីវករជាមួយអ្នកវិនិយោគផ្សារ ដែលអ្នកស្រីសង្ស័យថា ភ្លើងឆេះនេះប្រហែលជាផ្ដើមចេញពីទំនាស់នោះ។
អ្នកស្រី សេក សុគន្ធា ៖ «សួរថា ឥឡូវបើសិនណាធ្វើផ្សារប្រជាជនអត់ចេញមានអារម្មណ៍ថាម៉េច? គាត់ថាគេចេញអស់ ហើយនៅតិចតូបគេឈូស ហើយនិងដុតចោល។ មានគេឮគ្រប់គ្នា »។
លោក ឌី អាជីវករម្នាក់ទៀតថ្លែងថា អ្នកវិនិយោគផ្សារបានបោះពាក្យសម្ដីដូចស្ត្រីអាជីវករនិយាយមុនដែរ ដោយលោកសង្កត់បន្ថែមថា ការសន្និដ្ឋានរបស់អាជីវករ គឺជាការពិត ៖ «ជួសជុលដំបូល ប្រព័ន្ធលូ គឺខ្ញុំទទួលយកអត់មានប្រឆាំងជាមួយគេទេ។ ប៉ុន្តែ គាត់ឆ្លើយថាចុះបើធ្វើដំបូលអត់រើតូប តើបានអីចំណេញ? បានអីស៊ី? អ្នកស្រី ចាប ណាវី គាត់បានបោះសំដីថា បើអាជីវករចំនួនតិចតួច បើមិនចេញគាត់នឹងឈូស និងដុតចោល។ ដល់ថ្ងៃនេះឃើញមែន។ ខ្ញុំអត់សុខចិត្ត គឺខ្ញុំសង្ឃឹមថា សម្ដេចតេជោនឹងជួយ ព្រោះអីនេះជាចំណុចក្ដៅរបស់គាត់»។
អាជីវករភាគច្រើនបានអះអាងថា អគ្គីភ័យនេះ គឺបណ្ដាលពីមនុស្សដុតបំផ្លាញ ហើយសុំកុំឲ្យមានសន្និដ្ឋានថា បណ្ដាលពីចរន្តអគ្គិសនីឲ្យសោះ ព្រោះល្ងាចមិនទាន់គេបិទចរន្តហើយៗ បើមានទូសេ ឆ្លងចរន្ត ឌីសង់ទ័រ (Desenter) នឹងលោតភ្លាម។
លោក ឡុង រី តំណាងរាស្ត្រមកពីគណបក្សប្រឆាំង បានរិះគន់ស្ថាបនាហេតុការណ៍នោះថា គឺបណ្ដាលមកពីភាពកង្វះខាតក្នុងការការពារសុវត្ថិភាព ៖ «ប្រព័ន្ធសុវត្ថិភាព គឺគ្មានតែម្ដងការពារខ្លាចចោរលួចគាស់បាត់របស់របរអាជីវករអាហ្នឹងមួយ។ ទីពីរ ប្រព័ន្ធសុវត្ថិភាពមួយទៀត មានបំពង់ពន្លត់អគ្គីភ័យមានក្រុមការងារមើលការខុសត្រូវទៀត ចាត់វិធានការវែកមុខរកមនុស្សនៅពីក្រោយឧបទ្ទវហេតុហ្នឹង»។
អ្នកស្រី ចាប បូណាវី ដែលទទួលវិនិយោគផ្សារក្រចេះ បានបដិសេធការចោទប្រកាន់អំពីការគំរាមឈូស និងដុតបំផ្លាញផ្សារមុនមានពេលឆេះ ដោយលើកឡើងថា អ្នកស្រីពុំមានសិទ្ធធ្វើអ្វីក្រៅពីអាជ្ញាធរខេត្ត និងគណៈកម្មការបានប្រគល់ជូន គឺសាងសង់ដំបូលឲ្យមានខ្យល់អាកាសចូលល្អឡើយ។ តែខាងជំនាញបានជីកមើលដីដោយខ្លាចសសរនោះទ្រពុំឈ្នះព្រោះវាចាស់ហើយតែប៉ុណ្ណោះ។ ឯរឿងអ្វីទៀតអ្នកស្រីមិនបាននិយាយឡើយ។
លោក ទូច ហឿន ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាអនុគណៈកម្មការគ្រប់គ្រងការសាងសង់ផ្សារ មានប្រសាសន៍ កាលពីរសៀលថ្ងៃទី២ មិថុនា អំពីការខូចខាតត្រួសៗ ខ្លះថា តូបចំនួន ៤២២ ត្រូវឆេះអស់។ ឯទ្រព្យសម្បត្តិនឹងធ្វើការវាយតម្លៃបណ្ដោះអាសន្ន នៅពេលល្ងាចឯការលើកឡើងរបស់អាជីវករ ដែលថាមានការព្រមានមុនថា បើរឹងទទឹងនឹងមានការដុតបំផ្លាញនោះ ទាំងលោក និងអភិបាលខេត្ត លោក ខាំ ភឿន បញ្ជាក់ថា លោកនឹងស៊ើបអង្កេតពីរឿងនេះ។
លោក ទូច ហឿន គណៈកម្មការគ្រប់គ្រងការសាងសង់ផ្សារបានបន្ថែមថា តាមកិច្ចសន្យា ភាគីវិនិយោគ ត្រូវរួមចំណែកក្នុងការសងការខូចខាតរបស់អាជីវករ តែលោកមិនទាន់ដឹងថា ច្បាប់នឹងសម្រេចបែបណានៅឡើយទេ។
លោក ទូច ហឿន និងអភិបាលខេត្ត លោក ខាំ ភឿន បានបញ្ជាក់បន្ថែមថាចំពោះមុខត្រូវរកកន្លែងបណ្ដោះអាសន្នជូនអាជីវករលក់ដូរសិន៕