ប្រធានចៅក្រមជំនុំជម្រះសាលាដំបូង លោក និល ណុន ប្រកាសឱ្យដឹងថា ការផ្អាកនេះដោយសារសាក្សី ឡុង នរិន្ទ មានបញ្ហាសុខភាពធ្ងន់ធ្ងរ ដែលមិនអាចឱ្យអង្គជំនុំជម្រះសាកសួរ និងស្ដាប់សក្ខីកម្មបញ្ចប់ តាមការគ្រោងទុកនៅថ្ងៃនេះបានទេ។
តាមគម្រោង សវនាការស្ដាប់សក្ខីកម្មលោក ឡុង នរិន្ទ នឹងធ្វើបន្តនៅថ្ងៃអង្គារ ទី ១៣ ធ្នូ សប្ដាហ៍ក្រោយ។
លោកចៅក្រម និល ណុន បន្តថា ប្រសិនបើស្ថានភាពសុខភាពរបស់សាក្សី ឡុង នរិន្ទ នៅតែធ្ងន់ធ្ងរមិនអាចផ្ដល់សក្ខីកម្មទៀតបាន អង្គជំនុំជម្រះ នឹងបន្តសួរដេញដោលជនជាប់ចោទ ចាប់ពីថ្ងៃអង្គារ ទី១៣ ធ្នូនោះតទៅ។
ក្នុងស្ថានភាពបែបនេះ លោកចៅក្រម និល ណុន ប្រកាសដល់ភាគីទាំងអស់ឱ្យត្រៀមលក្ខណៈ និងឯកសារនានា សម្រាប់បន្តស្ដាប់សក្ខីកម្មសាក្សីរូបនេះ ឬសម្រាប់សួរដេញដោលជនជាប់ចោទ ជាជំនួសវិញ ចាប់ពីម៉ោង ៩ ព្រឹកនៃថ្ងៃអង្គារទី ១៣ ធ្នូ ឆ្នាំ ២០១១។
ក្នុងស្ថានភាពបែបនេះ លោកចៅក្រម និល ណុន ប្រកាសដល់ភាគីទាំងអស់ឱ្យត្រៀមលក្ខណៈ និងឯកសារនានា សម្រាប់បន្តស្ដាប់សក្ខីកម្មសាក្សីរូបនេះ ឬសម្រាប់សួរដេញដោលជនជាប់ចោទ ជាជំនួសវិញ ចាប់ពីម៉ោង ៩ ព្រឹកនៃថ្ងៃអង្គារទី ១៣ ធ្នូ ឆ្នាំ ២០១១ តទៅ។
សាក្សីឈ្មោះ ឡុង នរិន្ទ ក្នុងវ័យ ៧៣ ឆ្នាំ អតីតជានិស្សិតនៅប្រទេសឆេកូស្លូវ៉ាគី។ លោកធ្លាប់ធ្វើការនៅក្រសួងការបរទេស ក្រោមបង្គាប់របស់ជនជាប់ចោទ អៀង សារី។ លោកជម្រាបអង្គសវនាការថា ជនជាប់ចោទ អៀង សារី ជាអ្នកណែនាំឱ្យនិស្សិតនៅបរទេសត្រឡប់ចូលមកកម្ពុជាវិញ។
លោកថ្លែងបញ្ជាក់ថា ជនជាប់ចោទ អៀង សារី បានណែនាំនិស្សិតនៅប្រទេសហុងគ្រី ប៊ុលហ្គារី និងប្រទេសមួយចំនួនថា ប្រទេសកម្ពុជាបានទទួលឯករាជ្យហើយ ហើយឱ្យនិស្សិតទាំងនោះវិលត្រឡប់មកមាតុភូមិវិញ ដើម្បីកសាងប្រទេសកម្ពុជាឱ្យបានរុងរឿងដូចគេ។
ក្រោយការឃោសនារបស់ជនជាប់ចោទ អៀង សារី មាននិស្សិតជាច្រើនបានវិលមកប្រទេសកម្ពុជាវិញ។ និស្សិតមាតុភូមិនិវត្តន៍ទាំងនោះ ត្រូវខ្មែរក្រហមដាក់ប្រមូលផ្ដុំមណ្ឌលបឹងត្របែក នាទីក្រុងភ្នំពេញ។ ពួកគេបានបាត់ខ្លួនជាច្រើននាក់។
បឹងត្របែកត្រូវបានគេស្គាល់ថា គុកមួយសម្រាប់និស្សិតធ្វើមាតុភូមិនិវត្តន៍ទាំងនោះ។ សាក្សីមួយចំនួនធ្លាប់បានរាយការណ៍ថា មាននិស្សិតបញ្ញវន្ត និងមន្ត្រីទូត នៅបរទេសជាច្រើនរយនាក់ បានវិលត្រឡប់មកប្រទេសកម្ពុជាវិញ ហើយត្រូវបានគេយកទៅសម្លាប់ នៅក្នុងអំឡុងរបបកម្ពុជាប្រជាធិបតេយ្យ។
សព្វថ្ងៃនេះ សាលាក្ដីខ្មែរក្រហមកំពុងជំនុំជម្រះក្ដីជនជាប់ចោទ អៀង សារី ទាក់ទងទៅនឹងការសម្លាប់មនុស្សនៅសម័យនោះ៕