សាក្សី​ឈឺ សាលាក្ដី​ខ្មែរក្រហម​​ផ្អាក​សវនាការ

សាលាក្ដី​ខ្មែរក្រហម​បាន​ផ្អាក​សវនាការ​សួរ​ដេញដោល​សាក្សី ឈ្មោះ ឡុង នរិន្ទ នៅ​ថ្ងៃ​ទី ៩ ធ្នូ ឆ្នាំ ២០១១។

ប្រធាន​ចៅក្រម​ជំនុំជម្រះ​សាលាដំបូង លោក និល ណុន ប្រកាស​ឱ្យ​ដឹង​ថា ការ​ផ្អាក​នេះ​ដោយសារ​សាក្សី ឡុង នរិន្ទ មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ ដែល​មិន​អាច​ឱ្យ​​អង្គ​ជំនុំជម្រះ​សាកសួរ និង​ស្ដាប់​សក្ខីកម្ម​បញ្ចប់ តាម​ការ​គ្រោង​ទុក​នៅ​ថ្ងៃ​នេះ​បាន​ទេ។

តាម​គម្រោង សវនាការ​ស្ដាប់​សក្ខីកម្ម​លោក ឡុង នរិន្ទ នឹង​ធ្វើ​បន្ត​នៅ​ថ្ងៃ​អង្គារ ទី ១៣ ធ្នូ សប្ដាហ៍​ក្រោយ។

លោក​ចៅក្រម និល ណុន បន្ត​ថា ប្រសិន​បើ​ស្ថានភាព​សុខភាព​របស់​សាក្សី ឡុង នរិន្ទ នៅ​តែ​ធ្ងន់ធ្ងរ​មិន​អាច​ផ្ដល់​សក្ខីកម្ម​ទៀត​បាន អង្គ​ជំនុំជម្រះ នឹង​បន្ត​សួរ​ដេញដោល​ជន​ជាប់​ចោទ ចាប់​ពី​ថ្ងៃ​អង្គារ ទី​១៣ ធ្នូ​នោះ​តទៅ។

ក្នុង​ស្ថានភាព​បែប​នេះ លោក​ចៅក្រម និល ណុន ប្រកាស​ដល់​ភាគី​ទាំង​អស់​ឱ្យ​ត្រៀម​លក្ខណៈ និង​ឯកសារ​នានា សម្រាប់​បន្ត​ស្ដាប់​សក្ខីកម្ម​សាក្សី​រូប​នេះ ឬ​សម្រាប់​សួរ​ដេញដោល​ជន​ជាប់​ចោទ ជា​ជំនួស​វិញ ចាប់​ពី​ម៉ោង ៩ ព្រឹក​នៃ​ថ្ងៃ​អង្គារ​ទី ១៣ ធ្នូ ឆ្នាំ ២០១១។

ក្នុង​ស្ថានភាព​បែប​នេះ លោក​ចៅក្រម និល ណុន ប្រកាស​ដល់​ភាគី​ទាំង​អស់​ឱ្យ​ត្រៀម​លក្ខណៈ និង​ឯកសារ​នានា សម្រាប់​បន្ត​ស្ដាប់​សក្ខីកម្ម​សាក្សី​រូប​នេះ ឬ​សម្រាប់​សួរ​ដេញដោល​ជន​ជាប់​ចោទ ជា​ជំនួស​វិញ ចាប់​ពី​ម៉ោង ៩ ព្រឹក​នៃ​ថ្ងៃ​អង្គារ​ទី ១៣ ធ្នូ ឆ្នាំ ២០១១ តទៅ។

សាក្សី​ឈ្មោះ ឡុង នរិន្ទ ក្នុង​វ័យ ៧៣ ឆ្នាំ អតីត​ជា​និស្សិត​នៅ​ប្រទេស​ឆេកូស្លូវ៉ាគី។ លោក​ធ្លាប់​ធ្វើ​ការ​នៅ​ក្រសួង​ការ​បរទេស ក្រោម​បង្គាប់​របស់​ជន​ជាប់​ចោទ អៀង សារី។ លោក​ជម្រាប​អង្គ​សវនាការ​ថា ជន​ជាប់​ចោទ អៀង សារី ជា​អ្នក​ណែនាំ​ឱ្យ​និស្សិត​នៅ​បរទេស​ត្រឡប់​ចូល​មក​កម្ពុជា​វិញ។

លោក​ថ្លែង​បញ្ជាក់​ថា ជន​ជាប់​ចោទ អៀង សារី បាន​ណែនាំ​និស្សិត​នៅ​ប្រទេស​ហុងគ្រី ប៊ុលហ្គារី និង​ប្រទេស​មួយ​ចំនួន​ថា ប្រទេស​កម្ពុជា​បាន​ទទួល​ឯករាជ្យ​ហើយ ហើយ​ឱ្យ​និស្សិត​ទាំង​នោះ​វិល​ត្រឡប់​មក​មាតុភូមិ​វិញ ដើម្បី​កសាង​ប្រទេស​កម្ពុជា​ឱ្យ​បាន​រុងរឿង​ដូច​គេ។

ក្រោយ​ការ​ឃោសនា​របស់​ជន​ជាប់​ចោទ អៀង សារី មាន​និស្សិត​ជា​ច្រើន​បាន​វិល​មក​ប្រទេស​កម្ពុជា​វិញ។ និស្សិត​មាតុភូមិ​និវត្តន៍​ទាំង​នោះ ត្រូវ​ខ្មែរក្រហម​ដាក់​ប្រមូល​ផ្ដុំ​មណ្ឌល​បឹងត្របែក នា​ទីក្រុង​ភ្នំពេញ។ ពួក​គេ​បាន​បាត់​ខ្លួន​ជា​ច្រើន​នាក់។

បឹង​ត្របែក​ត្រូវ​បាន​គេ​ស្គាល់​ថា គុក​មួយ​សម្រាប់​និស្សិត​ធ្វើ​មាតុភូមិ​និវត្តន៍​ទាំង​នោះ។ សាក្សី​មួយ​ចំនួន​ធ្លាប់​បាន​រាយការណ៍​ថា មាន​និស្សិត​បញ្ញវន្ត​ និង​មន្ត្រី​ទូត នៅ​បរទេស​ជា​ច្រើន​រយ​នាក់ បាន​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ ហើយ​ត្រូវ​បាន​គេ​យក​ទៅ​សម្លាប់​ នៅ​ក្នុង​អំឡុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។

សព្វ​ថ្ងៃ​នេះ សាលាក្ដី​ខ្មែរ​ក្រហម​កំពុង​ជំនុំជម្រះ​ក្ដី​ជន​ជាប់​ចោទ អៀង សារី ទាក់ទង​ទៅ​នឹង​ការ​សម្លាប់​មនុស្ស​នៅ​សម័យ​នោះ៕