ក្រៅពីទំនាស់លើដីស្រែរបស់អ្នកស្រុក ករណីទំនាស់ដីធ្លីដែលក្រុមអ្នកស្រាវជ្រាវមើលឃើញថា មានលក្ខណៈជាទ្រង់ទ្រាយធំ និងប៉ះពាល់ខ្លាំងចំពោះការអភិវឌ្ឍកសិកម្មនោះ គឺដីនៅតំបន់ដែលអាជ្ញាធរអះអាងថា ជាដីព្រៃ ។ ក៏ប៉ុន្តែ ទីតាំងដីនោះ ត្រូវគេមើលឃើញថា លែងមានព្រៃទៅហើយនោះ ។
មន្ត្រីកម្មវិធីច្បាប់ដីធ្លីនិងធនធានធម្មជាតិនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ គឺលោក គិត ទូច មានប្រសាសន៍ថា ជុំវិញវិបត្តិដីធ្លីសម្រាប់កសិកម្មនៅកម្ពុជា យ៉ាងដូច្នេះថា ៖ «ក្នុងចំណោមដីសរុបសម្រាប់កសិកម្មដែលមានជាង ៦លានហិកតា នៅសល់តែជាង ១លានហិកតាប៉ុណ្ណោះ ហើយជាង ១លានហិកតាហ្នឹង គួរតែជាឱកាសដែលពលរដ្ឋមូលដ្ឋានហ្នឹងទទួលបានដើម្បីបង្កើនកសិកម្មដាំដុះដែលតម្រូវតាមទីផ្សារសកលលោកខាងក្រៅ ប៉ុន្តែដោយសារតែនិន្នាការដែលយើងបានឃើញកន្លងទៅ គឺទីផ្សារដីធ្លី ការហ៊ុមព័ទ្ធដីទុក វាធ្វើឲ្យធនធានសម្រាប់ធ្វើកសិកម្មដែលចូលរួមវិភាគទានធ្វើឲ្យសេដ្ឋកិច្ចដុះដាលហ្នឹង ត្រូវបង្អាក់» ។
រាជរដ្ឋាភិបាលកម្ពុជាបានថ្លែងជាញឹកញាប់ថា វិស័យកសិកម្មគឺជាគន្លឹះក្នុងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ។
ក៏ប៉ុន្តែ លោក អំ សំអាត ប្រធានផ្នែកស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្ស លីកាដូ មានប្រសាសន៍ថា ទំនាស់ដីធ្លី ដែលកើតមានជាបន្តបន្ទាប់នោះ បានបង្អាក់ទាំងការធ្វើចម្ការនិងការដាំដុះស្រូវ ។
លោក អំ សំអាត បានលើកយកបញ្ហាផលវិបាកនៃទំនាស់ដីធ្លីមួយកន្លែងនៅឯខេត្តកោះកុងតាំងពីឆ្នាំ២០០៥មក យ៉ាងដូច្នេះថា ៖ «តាមប្រជាពលរដ្ឋបានលើកឡើងថា ដីរបស់គាត់ ជាង៣ពាន់ហិកតានៅភូមិជីខ ត្រូវប៉ះពាល់ដល់ដីស្រែនិងដីចម្ការរបស់ប្រជាពលរដ្ឋ ធ្វើឲ្យពួកគាត់អត់បានបង្កបង្កើនផល រហូតដល់បច្ចុប្បន្ននេះ គឺអត់បានធ្វើអ្វីទាំងអស់ ហើយទំនាស់នេះ ក៏មិនទាន់ដោះស្រាយចេញនៅឡើយ ។ នៅឯហ្នុង គឺមានប្រជាពលរដ្ឋជាង ២០០គ្រួសារ ដែលប៉ះពាល់ ហើយជីវភាពរបស់ពួកគាត់មានការប្រែប្រួលដោយសារតែពីមុន គាត់ធ្លាប់តែគ្រប់គ្រាន់ដល់ពេលអស់ដីស្រែចម្ការទៅ ធ្វើឲ្យជីវភាពគាត់ធ្លាក់ចុះ» ។
លោក អំ សំអាត ថ្លែងបន្តថា ដើម្បីឲ្យយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្មជឿនលឿនទៅបាន គេត្រូវដោះស្រាយទំនាស់ដីធ្លីឲ្យមានប្រសិទ្ធភាព ៖ «អ៊ីចឹង រដ្ឋាភិបាលគួរតែខ្នះខ្នែងនិងរួសរាន់ឡើងក្នុងការដោះស្រាយវិវាទដីធ្លីនេះ ដើម្បីបញ្ចៀស ទីមួយគឺភាពក្រីក្ររបស់ប្រជាពលរដ្ឋ ទីពីរអំពើហិង្សាដែលកើតឡើងក្នុងពេលមានវិវាទដីធ្លី និងកំណើននៃការចាប់ខ្លួនប្រជាពលរដ្ឋដាក់ពន្ធនាគារ ឬក៏ការគេចខ្លួនចេញពីការតាមចាប់ ឬការបង្ករបួសស្នាម ឬអំពើហិង្សាផ្សេងៗដែលកើតឡើងដោយសារទំនាស់ដីធ្លីនេះ» ។
ចំណែកឯលោក ច័ន្ទ សុផល ជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៃវិទ្យាស្ថានបណ្តុះបណ្តាលនិងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍ និងជាប្រធានសមាគមអ្នកសេដ្ឋកិច្ចកម្ពុជា មានប្រសាសន៍ថា ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់សម្បទានដីសង្គមកិច្ច ចំពោះពលរដ្ឋនៅជនបទ ដើម្បីធ្វើផលិតកម្មកសិកម្ម ។
ទោះបីជាយ៉ាងណាក៏ដោយ លោកថា ការផ្តល់ដីសង្គមកិច្ចនោះ នៅមានចំនួនតិចតួច និងយឺតយ៉ាវនៅឡើយ ៖ «គេឲ្យប្រជាពលរដ្ឋយើងក្នុងមួយគ្រួសារ ៥ហិកតា គឺដដែលហ្នឹង ដីអស់ព្រៃឈើហ្នឹង ក្រោមកម្មវិធីរបស់រដ្ឋ ហើយពួកម្ចាស់ជំនួយដូចជា World Bank គេឲ្យកម្ចីដើម្បីជួយទ្រទ្រង់ ដូចថា ឥឡូវបើរដ្ឋចែកដី៥ហិកតាហ្នឹងហើយ បើខ្វះផ្លូវគេធ្វើផ្លូវ បើខ្វះសាលាគេធ្វើសាលា ខ្វះផ្សារគេធ្វើផ្សារ ខ្វះទឹកស្អាតគេធ្វើទឹកស្អាត គេមានលុយកំប្លេរបស់គេចាំជួយរឿងហ្នឹង ហើយរដ្ឋយកដីចែកឲ្យអ្នកដែលក្រហើយគ្មានដី ប៉ុន្តែចលនាពីរហ្នឹង យើងឃើញថា ចលនាសម្បទានសង្គមហ្នឹង វាយឺតមែនទែន ទើបតែសាកល្បងនៅស្រុកស្នួល ស្រុកមេមត់ ហើយនិងនៅកំពង់ធំ» ។
យោងតាមរបាយការណ៍ស្រាវជ្រាវរបស់អង្គការ Oxfam អង់គ្លេស ដែលចេញផ្សាយក្នុងឆ្នាំ២០០៧ បានឲ្យដឹងថា ផ្ទៃដីនៅកម្ពុជាភាគច្រើនត្រូវបានកាន់កាប់ដោយមន្ត្រីនិងឧកញ៉ាមួយចំនួន ។ ដីជាច្រើនម៉ឺនហិកតា ដែលកាន់កាប់ដោយក្រុមឧកញ៉ានិងអ្នកមានអំណាចមួយចំនួនតូចនោះ គឺមិនទាន់ត្រូវបានវិនិយោគដាំដុះឲ្យមានផ្លែផ្កា នៅឡើយទេ ។
របាយការណ៍ដដែលសរសេរថា ផ្ទៃដីប្រមាណ ៣០% គឺត្រូវបានកាន់កាប់ដោយក្រុមឈ្មួញ ផ្ទៃដីប្រមាណ២៣% គឺត្រូវបានកាន់កាប់ដោយក្រុមអ្នកមានអំណាច និងផ្ទៃដីប្រមាណ ២៣%ទៀត គឺកាន់កាប់ដោយក្រុមឧកញ៉ា ។
របាយការណ៍ដដែលសរសេរថា សម្បទានដីសេដ្ឋកិច្ចជាច្រើនម៉ឺនហិកតា នៅតែត្រូវបានផ្តល់ឲ្យក្រុមហ៊ុនឯកជន ជាបន្តបន្ទាប់ ។
យោងតាមរបាយការណ៍អំពីកំណើនផលទុនជាតិក្នុងឆ្នាំកន្លងទៅ បានឲ្យដឹងថា វិស័យកសិកម្មនៅកម្ពុជា បានរួមចំណែកចំនួន ២៨% ទៅក្នុងកំណើនផលទុនជាតិ និងផ្តល់ឱកាសការងារជាង ៥៧%នៃកម្លាំងពលកម្មសរុប ។
រហូតទល់ពេលនេះ កម្ពុជាដែលមានប្រជាជនភាគច្រើនរស់ពឹងផ្អែកជាសំខាន់លើវិស័យកសិកម្មនោះ គម្លាតជីវភាពនៅមានកម្រិតខ្ពស់នៅឡើយ ។ ចំណែកឯពលរដ្ឋ ដែលស្ថិតនៅក្រោមបន្ទាត់នៃភាពក្រីក្រីមានចំនួន ៣០%នៃប្រជាជនទូទៅ ៕