អាជ្ញាធរខែត្រកំពតបង្កើនសកម្មភាពរុះរើផ្ទះពលរដ្ឋនៅឃុំតាកែន
2008.07.05
ខណៈដែលក្រុមមន្ត្រីនិងកងកម្លាំងប្រដាប់អាវុធបង្កើនសកម្មភាពរុះរើផ្ទះសម្បែងរបស់ប្រជាពលរដ្ឋនៅចំណុចអន្លង់ក្រោម ភូមិជ័យសេនា ឃុំតាកែន ស្រុកឈូក ខេត្តកំពត កាន់តែខ្លាំងនៅវេលាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០០៨នេះ ប្រជាពលរដ្ឋក៏បានបង្កើនការទាមទារសុំឲ្យប្រមុខរដ្ឋាភិបាលថ្លែងបញ្ជាក់ឲ្យបានច្បាស់តាមរយៈវិទ្យុឬទូរទស្សន៍ថា តើរដ្ឋពិតជាត្រូវការដកយកដីពីពួកគាត់សម្រាប់ការអភិវឌ្ឍមែនឬយ៉ាងណា ?
ស្ត្រីម្នាក់បានពោលត្អូញត្អែរថាក្រុមមន្ត្រីនិងកងកម្លាំងប្រដាប់អាវុធបានរុះរើផ្ទះរបស់គាត់ ទោះបីជាកូនរបស់គាត់កំពុងតែមានជំងឺក៏ដោយ ៖ «កូនខ្ញុំឈឺ អង្វរគេថាកុំឲ្យរុះចេញ ឥឡូវគេរុះហើយផ្ទះខ្ញុំ ។ ដាំទឹកក្ដៅមិនទាន់ពុះគេរុះផ្ទះ ដាំបាយមិនទាន់ឆ្អិនគេរុះផ្ទះ ធ្លាក់លើក្បាលវាហ្នឹង ។ អត់មានកន្លែងនៅផង ឈរក្រោមដើមឈើ...» ។
បុរសម្នាក់ដែលជាកងកម្លាំងប្រដាប់អាវុធឈរជើងនៅចំណុចអន្លង់ក្រោមបានមានប្រសាសន៍ថា លោកបានសម្រេចចិត្តចាកចេញពីអង្គភាពព្រោះលោកមិនអាចទ្រាំមើលការលំបាករបស់ប្រជាពលរដ្ឋនៅតំបន់នោះ ។
បុរសដដែលបានឲ្យដឹងថា ៖ «ខ្ញុំយោធានៅតាកែនហ្នឹង កងកម្លាំងប្រដាប់អាវុធតាកែន ប៉ុន្តែខ្ញុំមកផ្ទះផ្អាកប៉ុណ្ណឹងសិន ឃើញវាមិនទំនងគប្បី ខ្ជិល អាណិតប្រជាពលរដ្ឋ» ។
មន្ត្រីសាលាខេត្តកំពតទទួលបន្ទុកការងារស្ថិតិនិងរដ្ឋបាលនៃអនុគណៈកម្មការបែងចែកនិងផ្ដល់ជូនដីសម្បទានដល់ប្រជាពលរដ្ឋដែលរស់នៅជុំវិញមជ្ឈមណ្ឌលអភិវឌ្ឍន៍៣១៧ ក្នុងភូមិជ័យសេនា លោក សឹម ពុទ្ធា បានអះអាងប្រាប់មន្ត្រីសិទ្ធិមនុស្សថាលោកនឹងពិនិត្យឡើងវិញនូវដំណោះស្រាយដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋ ។
អ្នកសម្របសម្រួលនៃសមាគមអាដហុក ប្រចាំខេត្តកំពតនិងក្រុងកែប អ្នកស្រី ទ្រី ឈួន បានមានប្រសាសន៍ថាគោលការណ៍ជាឯកតោភាគីរបស់អនុគណៈកម្មការធ្វើឲ្យមានផលប៉ះពាល់ដល់ដំណើរការដោះស្រាយវិវាទ ។
អ្នកស្រី ទ្រី ឈួន បានមានប្រសាសន៍ថា ៖ «ចំពោះខាងសង្គមស៊ីវិលកាលពីល្ងាចម្សិលមិញនេះ បានបើកកិច្ចប្រជុំមួយដែលមានការចូលរួមពីសហគមន៍នៅក្នុងខេត្តកំពត ប្រហែលជាជិត១០សហគមន៍ ហើយ NGO ទាំងអស់មាន៥ NGO ។ ហើយការប្រជុំហ្នឹងយើងបានសម្រេចគ្នារៀបចំឲ្យមានសេចក្ដីថ្លែងការណ៍រួមមួយដើម្បីសុំអំពាវនាវទៅដល់អនុគណៈកម្មការនៅតំបន់ក្បាលដំរី ក៏ដូចជាអាជ្ញាធរខេត្តកំពតដែរជាពិសេស ដើម្បីឲ្យធ្វើការដោះលែងអ្នកទាំង៤ដែលអនុគណៈកម្មការចាប់យកមកដាក់មន្ទីរឃុំឃាំង ។ មួយទៀតគឺរឿងសុំឲ្យលុបគោលការណ៍ជាឯកតោភាគីរបស់អនុគណៈកម្មការ ហើយនិងចំណុចទី៣ហ្នឹងគឺសុំឲ្យអនុគណៈកម្មការហ្នឹងរៀបចំឲ្យមានដំណោះស្រាយឡើងវិញ ធ្វើយ៉ាងម៉េចឲ្យប្រជាពលរដ្ឋទទួលយកបាន» ។
ប្រជាពលរដ្ឋរស់នៅចំណុចអន្លង់ក្រោមភាគច្រើនបានឲ្យដឹងថា ពួកគាត់ក្រាញមិនព្រមចាកចេញព្រោះពួកគាត់នៅមានមន្ទិលចំពោះចំណាត់ការរបស់មន្ត្រីអាជ្ញាធរ ហើយក្ដីសង្ឃឹមរបស់ពួកគាត់មានតែមួយគត់គឺនៅរង់ចាំប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ៕