អ្នក​ភូមិ​នៅ​កំពត​ឯកភាព​គ្នា​លក់​ដី​ដែល​រង​ការរំខាន​ដោយ​ការបំផ្ទុះ​ថ្ម​ភ្នំ

អ្នក​ភូមិ​នៃ​ឃុំ​ព្រៃថ្នង​និង​ឃុំ​ល្អាង ខេត្ត​កំពត បាន​ឯកភាព​តម្លៃ​គ្នា​លក់​ដី​រង​នូវ​ការរំខាន​ពី​កម្ទេច​ថ្ម​ដែល​មិន​អាច​ដាំដុះ​ដី​កសិកម្ម​បាន​ត​ទៅ​ទៀត​ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន​ឈ្មោះ Sinohydro ដែល​វិនិយោគ​វារី​អគ្គិសនី​កំចាយ ប៉ុន្តែ​មិន​ទាន់​មាន​ការឯកភាព​ពី​ខាង​ក្រុមហ៊ុន​ចិន​នៅ​ឡើយ​ទេ។

0:00 / 0:00

ការកំណត់​តម្លៃ​ឯកភាព​គ្នា​នេះ​បាន​ធ្វើ​ឡើង​ក្នុង​ពេល​ដែល​ក្រុមហ៊ុន​ចិន Sinohydro វិនិយោគ​វារី​អគ្គិសនី​កំចាយ​បាន​បំផ្ទុះ​ភ្នំ​ដុបមាន់ព្រៃ​យក​ថ្ម ហើយ​កម្ទេច​ថ្ម​ជា​ច្រើន​ខ្ទាត​កប់​ក្នុង​ដី​ដាំ​ដុះ​របស់​អ្នក​ស្រុក​ដងទង់​និង​ស្រុក​កំពត​ដែល​មាន​ឃុំ​ល្អាង​និង​ឃុំ​ព្រៃថ្នង។

អ្នក​ស្រុក​ពីរ​ឃុំ​នោះ​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ចិន​ទិញ​ដី​១​ម៉ែត្រ​ការ៉េ ៣,៥​ដុល្លារ​អាមេរិក ដែល​កម្ទេច​ថ្ម​បាន​ខ្ទាត​ត្រូវ​ក្បែរ​ភ្នំ​ដុបមាន់ព្រៃ​ទាំងអស់​ជាង​៧០​ហិកតារ។ ឯ​ខាង​ក្រុមហ៊ុន​ចិន​វិញ​ចង់​ជួល​ដី​៤​ឆ្នាំ​ឲ្យ​១​ហិកតារ​តម្លៃ​១​ម៉ឺន​ដុល្លារ​អាមេរិក​ទៅ​វិញ។

អ្នកស្រី លីន នៅ​ភូមិ​ល្អាង ឃុំ​ល្អាង ស្រុក​ដងទង់ អះអាង​ថា ក្រុមហ៊ុន​ចិន​ត្រូវតែ​ទិញ​ដី​កម្ទេច​ថ្ម​ខ្ទាត​ត្រូវ​នោះ ៖ «ខូចខាត​ដំណាំ​ហ្នឹង ព្រោះ​ក្រុមហ៊ុន​ប៉ះពាល់ អ៊ីចឹង​ត្រូវតែ​សំណូមពរ​ឲ្យ​ទិញ​តែម្ដង ព្រោះ​អី​បាក់​ដើម​ហើយ​នៅ​មិន​កើត ក្នុង​ការភ័យ​ខ្លាច រត់​រហូត»

លោក មាស ណេន មេ​ក្រុម​១០​នៃ​ភូមិ​ទ្វារថ្មី ឃុំ​ព្រៃថ្នង ស្រុក​កំពត បាន​អះអាង​ដូច្នេះ ៖ «ប៉ះពាល់​ខាង​ឃុំ​ទ្វារថ្មី ឃុំ​ព្រៃខ្នង ១៩​គ្រួសារ ហើយ​ដី​គ្នា​ដាំ​រាល់តែ​ឆ្នាំ ដាំ​ពោត ដាំ​សណ្ដែក​បាន​ផល។ តែ​ឥឡូវ​អត់​ដាំ​កើត​ទេ ថ្ម​ទាំងអស់ ថ្ម​ក្រាស់​ឃ្មឹក។ ៣,៥​ដុល្លារ​គឺ​ថា​បង​ប្អូន​ទាំងអស់​គ្នា​បែប​ជា​សមស្រប លក់​ឲ្យ ដាច់​ចិត្ត​ហើយ»

លោក អ៊ឹម សំណាង តំណាង​ប្រជាជន​ភូមិ​ល្អាង ២៩​គ្រួសារ ក្នុង​ឃុំ​ល្អាង ស្រុក​ដងទង់ ឲ្យ​ដឹង​ថា អាជ្ញាធរ​និង​អ្នក​ស្រុក​បាន​ឯកភាព​កំណត់​តម្លៃ​លក់​ដី​ដែល​រង​នូវ​កម្ទេច​ថ្ម​ភ្នំ​ខ្ទាត​ត្រូវ​ក្បែរ​ភ្នំ​ដុបមាន់ព្រៃ​ជាង​៧១​ហិកតារ​នោះ​ក្នុង​១​ម៉ែត្រ​ការ៉េ ៣,៥​ដុល្លារ​អាមេរិក ៖ «ឥឡូវ​តម្លៃ​ទិញ​គឺ​តម្លៃ​៣,៥​ដុល្លារ​ហ្នឹង»

អភិបាល​ស្រុក​កំពត លោក ឃុយ សៀន មាន​ប្រសាសន៍​ថា ក្រុម​ការងារ​ស្រុក​បាន​ចុះ​ស្រង់​តម្លៃ​លក់​ដី​របស់​អ្នក​ស្រុក ហើយ​បាន​ឯកភាព​កំណត់​តម្លៃ​លក់​ដី​ដែល​ថ្ម​ខ្ទាត​ត្រូវ​កប់​ក្នុង​ដី​ក្នុង​១​ម៉ែត្រ​ការ៉េ​៣,៥​ដុល្លារ​អាមេរិក។

លោក​ថា អាជ្ញាធរ​ស្រុក ខេត្ត នឹង​យក​តម្លៃ​នេះ​ទៅ​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​ចិន Sinohydro នោះ ប៉ុន្តែ​ក្រុមហ៊ុន​ចិន​នោះ​មិន​ទាន់​អាច​ឲ្យ​ចូល​ជួប​បាន​ដោយ​ជាប់​រវល់។

លោក ឃុយ សៀន បាន​បញ្ជាក់​ថា ៖ «តាម​អ្នក​ដែល​ចុះ​ទៅ​ធ្វើ​មក​រាយការណ៍​ឲ្យ​ខ្ញុំ​ថា ក្នុង​តម្លៃ​៣​ដុល្លារ ឬ ៣,៥​ដុល្លារ ក្នុង​១​ម៉ែត្រ​ការ៉េ គាត់​សុខ​ចិត្ត​លក់។ ប៉ុន្តែ​ឥឡូវ​ហ្នឹង​ខាង​ក្រុមហ៊ុន​ចិន​គេ​មិន​ទាន់​ឆ្លើយ​តប​ថា​ម៉េច​នៅ​ឡើយ»

សូម​ជម្រាប​ជូន​ថា ក្រុមហ៊ុន​ចិន Sinohydro ផលិត​វារី​អគ្គិសនី​កំចាយ​នេះ ទទួល​បាន​ការអនុញ្ញាត​ពី​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល នៅ​ឆ្នាំ​២០០៧ អនុវត្ត​លើ​ផ្ទៃ​ដី​៧១,៥​ហិកតារ​ក្នុង​ទឹក​ប្រាក់​ប្រមាណ​២៧០​លាន​ដុល្លារ​អាមេរិក៕