លោក ស៊ុន សូផាត ដែលជាម្ចាស់ដីមួយរូបនៅក្នុងចំណោមម្ចាស់ដីជាច្រើនរូបបានថ្លែងឲ្យដឹងថា រូបលោកជាមួយម្ចាស់ដីចំនួន៣រូបទៀតត្រូវអាជ្ញាធរតាមរកចាប់ខ្លួនដោយចោទថា រូបលោកនិងមនុស្ស៣នាក់ទៀតជាមេក្លោងក្នុងការតវ៉ាមិនឲ្យមានការកាន់កាប់ដីដោយអ្នកមានអំណាច។
លោក ស៊ុន សូផាត បានឲ្យដឹងថា ៖ «ឲ្យគេតាមចាប់ចុះ ព្រោះគេមានឯកសារយកមកក្លែងបន្លំទាំងអស់។ ខ្ញុំសុំគេឲ្យរង់ចាំការដោះស្រាយទៅតុលាការអី គេអត់ព្រម គេគំរាមយកកម្លាំងសមត្ថកិច្ចទៅធ្វើបាបប្រជាពលរដ្ឋនៅភូមិពូធឿងហ្នឹង»។
តាមលោក ស៊ុន សូផាត បានឲ្យដឹងថា បច្ចុប្បន្ននេះមនុស្សដែលបានអះអាងថាជាតំណាងម្ចាស់ដីមានឈ្មោះ ប៉ុល រតនា និង ដាន ដារ៉ា និងមនុស្សមួយចំនួនទៀត។
លោក ប៉ុល រតនា និងលោក ដាន ដារ៉ា មិនអាចទាក់ទងបានដើម្បីសុំការពន្យល់ទាក់ទងជាមួយទំនាស់ដីដែលប្រជាពលរដ្ឋបានចោទថា បានរំលោភនិងប្រើប្រាស់ប័ណ្ណកម្មសិទ្ធិមិនត្រឹមត្រូវ។ ប៉ុន្តែកាលពីថ្ងៃទី២២ កញ្ញាកន្លងទៅ ប្រជាពលរដ្ឋបានឲ្យដឹងថា ឈ្មោះ ប៉ុល រតនា និង ដាន ដារ៉ា បានសុំឲ្យប៉ូលិសក្រុងព្រះសីហនុនិងមន្រ្តីតុលាការចុះទៅជួយការពារក្នុងការវាស់ដីនៅតំបន់សេអ៊ី៥នោះ ហើយដោយប្រជាពលរដ្ឋមិនព្រមឲ្យមានការវាស់ដោយសម្រួលនោះបានបណ្តាលឲ្យមានការប៉ះទង្គិចដោយប៉ូលិសបានវាយមនុស្សម្នាក់នៅនឹងកន្លែង ហើយបានចាប់យកទៅស្នងការសួរចម្លើយ តែក្រោយមកបានដោះលែងវិញ។
លោក តាក វណ្ណថា ស្នងការប៉ូលិសក្រុងព្រះសីហនុធ្លាប់បានហៅប្រជាពលរដ្ឋដែលកាន់កាប់ដីចំនួន១២៦គ្រួសារនៅតំបន់សេអ៊ី៥ ភូមិពូធឿង សង្កាត់បិតត្រាំង ខណ្ឌព្រៃនប់ ក្រុងព្រះសីហនុនោះ ថាជាក្រុមជនដែលមករស់នៅលើដីមានម្ចាស់មានកម្មសិទ្ធិត្រឹមត្រូវ។
លោក តាក វណ្ណថា បានមានប្រសាសន៍ថា ៖ «បងប្អូនចេះតែទៅពពាក់ពពូនធ្វើផ្ទះ សង់ទីលំនៅលើដីរបស់គេមានកម្មសិទ្ធិត្រឹមត្រូវស្របច្បាប់របស់គេ»។
ប៉ុន្តែតាមប្រជាពលរដ្ឋដែលរស់នៅតំបន់សេអ៊ី៥បានឲ្យដឹងថា ប័ណ្ណកម្មសិទ្ធិនោះមានលក្ខណៈមិនប្រក្រតីតាមផ្លូវច្បាប់។
ប្រជាពលរដ្ឋមួយរូបឈ្មោះ សារ៉េត ដែលត្រូវជាឪពុកជនរងគ្រោះត្រូវប៉ូលិសវាយបែកភ្នែកកាលពីថ្ងៃទី២២ កញ្ញា បានឲ្យដឹងថា កំពុងរៀបចំដាក់ពាក្យប្តឹងចំពោះការវាយប្រហារបៀតបៀនលើរាងកាយបង្កឲ្យមានរបួសស្នាមពីសំណាក់ក្រុមប៉ូលិសដែលចុះទៅការពារការវាស់ដីកាលពីថ្ងៃទី២២ កញ្ញាកន្លងទៅ។
មន្រ្តីតាមដានការរំលោភសិទ្ធិមនុស្សអាដហុកនៅក្រុងព្រះសីហនុបានឲ្យដឹងថា ការប្រើកម្លាំងប្រដាប់អាវុធដោះស្រាយទំនាស់ដីនៅភូមិបិតត្រាំងនោះមិនត្រឹមត្រូវទេ ព្រោះសំណុំរឿងនេះនៅតុលាការកំពុងតែដោះស្រាយនៅឡើយ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងពេលប្រកាសគោលនយោបាយចតុកោណដំណាក់កាលទី២ កាលពីថ្ងៃប្រជុំគណៈរដ្ឋមន្រ្តីថ្មីអាណត្តិថ្មីទី៤ បានមានប្រសាសន៍ថា មន្រ្តីមានអំណាចគួរនាំគ្នាធ្វើបុណ្យចំពោះប្រជារាស្រ្តឲ្យបានច្រើន ហើយល្មមឈប់លោភលន់ទៅ។
សូមជម្រាបថា ទំនាស់ដីនៅតំបន់សេអ៊ី៥ ភូមិពូធឿង សង្កាត់បិតត្រាំង ខណ្ឌព្រៃនប់ ក្រុងព្រះសីហនុនេះ មានចំនួនជាង១១០ហិកតាហើយកើតមានតាំងពីឆ្នាំ២០០៥មកម៉្លេះ៕