អ្នកស្រី រួន ម៉ារី អាយុ ៤២ឆ្នាំ រស់នៅក្នុងភូមិក្រសៈថ្មី ឃុំឈូកស ស្រុកកំពង់ត្រឡាច ជាភរិយារបស់ឈ្មោះ ទាំ សារី ដែលត្រូវតុលាការឃុំខ្លួនជាមួយមនុស្សពីរនាក់ផ្សេងទៀតដែលមាន ឈ្មោះ សេង ម៉ាត់លី និងស្រីម្នាក់ទៀតឈ្មោះ កុប ម៉ៃ បានរៀបរាប់ថា ប្តីរបស់គាត់មិនមានការពាក់ព័ន្ធក្នុងរឿងដីធ្លីនោះទេ ៖ «ខាងតុលាការគេដាក់លិខិតប្រកាសថា បងប្អូនណាមានដីនៅស្រែហ្នឹង ឲ្យនាំគ្នាចុះទៅស្រែទាំងអស់គ្នា ហើយអ៊ីចឹងខ្ញុំចុះទៅ ស្រែខ្ញុំមានទាន់បានលក់អីមួយចម្អាម អ៊ីចឹងគេចោទខ្ញុំថា ញុះញង់ គេដាក់ដីកាហៅសាកសួរ។ ដល់ពេលទៅ គ្រាន់តែសួរហើយ មានប៉េអឹម ៣-៤នាក់ ឈរត្រៀមចាំ ចាប់តែម្ដង។ ខ្ញុំអត់មានខុសអី ទៅយកដីគេឯណាមួយចម្អាមទេ ដីខ្ញុំ ប្ដីខ្ញុំធ្វើទាហានតាំងពីកាលកុម្មុយនីស្ត គេឲ្យរបបមក។ ហើយក្រុមហ៊ុនគេ គេទិញដីក្នុងៗឯណោះទេ ប៉ុន្តែមិនដឹងម៉េចមកដៀមដាមដល់ខ្ញុំ ខ្ញុំអត់មានពាក់ព័ន្ធទៅលើដីហ្នឹងផង»។
អ្នកស្រីបានឲ្យដឹងទៀតថា ដីដែលមានទំនាស់រវាងប្រជាពលរដ្ឋនិងក្រុមហ៊ុនឯកជនមួយនោះ មានទំហំប្រហែល ៦០ហិកតារ ស្ថិតនៅក្នុងភូមិ ក្រសៈថ្មី ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
តំណាងក្រុមហ៊ុនដែលមានទំនាស់ជាមួយប្រជាពលរដ្ឋនោះមិនអាចទំនាក់ទំនងដើម្បីសុំការបំភ្លឺបានទេ។
មេឃុំឈូកស លោក ស៊ីត ហាម៉ាត់ បានប្រសាសន៍ថា ទំនាស់ដីធ្លីបានកើតឡើងយូរមកហើយ ប៉ុន្តែលោកពុំទាន់បានជ្រាបច្បាស់អំពីដំណើររឿងទំនាស់ដីនេះច្បាស់ឡើយ។
លោក ស៊ីត ហាម៉ាត់ មានប្រសាសន៍ថា ៖ «មានបញ្ហារឿងដីធ្លីដែលបានលក់ហើយ ហើយនាំគ្នាបះបោរយកដីវិញអីវិញ រឿងរ៉ាវយូរយារហើយប៉ុន្មានឆ្នាំហើយ។ មិនដឹងលក់ឲ្យអ្នកណាអ្នកណីទេ ខ្ញុំមេឃុំថ្មី អត់ដឹង គេលក់តាំងពី៩៧ ឯណោះ រួចទើបមកមានរឿង ២០០៧-២០០៨នេះហើយ អត់ក្ដាប់បាន ព្រោះដីពីមុនមក យើងអត់បានដឹង»។
រីឯមន្ត្រីស៊ើបអង្កេតអង្គការអាដហុក ប្រចាំខេត្តកំពង់ឆ្នាំ លោក សំ ច័ន្ទគា បានមានប្រសាសន៍ថា តុលាការខេត្តកំពង់ឆ្នាំងច្រើនតែចាប់ខ្លួនអ្នករងគ្រោះហើយ ទើបធ្វើការស៊ើបអង្កេតជាក្រោយដែលជាការខុសនឹងច្បាប់រដ្ឋនោះ។
លោក សំ ច័ន្ទគា មានប្រសាសន៍ដូច្នេះថា ៖ «ចំពោះករណីនៃការចាប់ខ្លួនប្រជាពលរដ្ឋ ៣នាក់នេះ ខ្ញុំយល់ឃើញថា តុលាការបច្ចុប្បន្ន ជាពិសេសតុលាការកំពង់ឆ្នាំង គាត់ហាក់ដូចជា គាត់ប្រើមធ្យោបាយមួយ គឺគាត់ប្រកាន់គំនិតថា ចាប់ខុសប្រសើរជាងដោះលែងខុស ព្រោះឲ្យតែមានពាក្យបណ្ដឹងពីគូភាគីមួយចំហៀងចូលទៅ ក្នុងរឿងស្អីទាំងអស់ គឺគាត់មិនបានស៊ើបអង្កេតឲ្យបានដិតដល់ទេ គឺគាត់ត្រូវឃុំមុន ហើយក្រោយពីការស៊ើបអង្កេតរបស់គាត់ហើយ បានគាត់ធ្វើការដោះលែងជាក្រោយ។ អ៊ីចឹងមានន័យថា ស្ថាប័នតុលាការសព្វថ្ងៃនេះ កំពុងតែរំលោភលើរដ្ឋធម្មនុញ្ញហើយ ត្រង់ចំណុចដែលនិយាយអំពីភាពថ្លៃថ្នូរនោះ»។
លោក សំ ច័ន្ទគា បានមានប្រសាសន៍ទៀតថា បើទោះជាការចាប់ខ្លួនប្រជាពលរដ្ឋនោះខុសក៏ដោយ គេមិនដែលឃើញស្ថាប័នតុលាការសុំទោស ឬសងជំងឺចិត្តដល់អ្នករងគ្រោះឡើង៕