ជម្លោះ​ដី​ធ្លី​រវាង​ក្រុមហ៊ុន​និង​ពលរដ្ឋ​នៅ​មណ្ឌលគិរី​នៅ​តែ​តាន​តឹង

ជនជាតិ​ព្នង​នៅ​ឃុំ​ប៊ូស្រា ខេត្ត​មណ្ឌលគិរី បាន​អះអាង​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៣ ធ្នូ ថា នឹង​បន្ត​ការ​ដុត​បំផ្លាញ​គ្រឿង​ចក្រ​របស់​ក្រុមហ៊ុន ខូវ ជីលី ជា​បន្ត​ទៅ​ទៀត បើ​សិន​ជា​ក្រុមហ៊ុន​នេះ​មិន​បញ្ឈប់​ការ​ឈូស​ឆាយ​លើ​ដី​ទំនាស់។

0:00 / 0:00

អះអាង​បែប​នេះ បន្ទាប់​ពី​ជនជាតិ​ព្នង​ប្រមាណ ១០០​នាក់ ដែល​បាន​ទៅ​ចូលរួម​ស្ដាប់ការ​ដោះស្រាយ​របស់​អាជ្ញាធរ​និង​ក្រុមហ៊ុន​នៅ​មន្ទីរ​ឃុំ​ប៊ូស្រា កាល​ពី​ថ្ងៃ​ទី​២៣ ធ្នូ បាន​ដើរ​ចេញ​ពី​អង្គ​ប្រជុំ​ដែល​មិន​ស្ដាប់​ការ​ដោះស្រាយ​ដែល​ពួក​គេ​យល់​ថា ជា​ពាក្យ​ដដែលៗ។

លោក អី ប្លង់ អាយុ ៦៤​ឆ្នាំ នៅ​ភូមិ​ទី​៦ បាន​អះអាង​ថា ពួកគេ​នៅ​តែ​ទាមទារ​ឲ្យ​ប្រគល់​ដី​ដែល​ធ្លាប់​ធ្វើ​នោះ​មក​ឲ្យ​ពួកគេ​វិញ ៖ «ប្រជាពលរដ្ឋ​យើង​ទាំង​អស់​គ្នា​ហ្នឹង អត់​ឲ្យ​ក្រុមហ៊ុន​ឈូសឆាយ​ទេ ដាច់​ខាត​មិន​ឲ្យ​ទេ បើ​ថា ឈូស​ទៀត​ដុត​ទៀតៗ សំណូមពរ​របស់​ពលរដ្ឋ។ គុក​គេ​ធ្វើ​សម្រាប់​ដាក់​មនុស្ស បើ​ថា​ដាក់​គុក ដាក់​អស់​មួយ​ឃុំ​ហ្នឹង​តែ​ម្ដង​ទៅ បើ​ថា​សម្លាប់ សម្លាប់​ឲ្យ​អស់​មួយ​ឃុំ​ហ្នឹង​តែ​ម្ដង​ទៅ»

សូម​ជម្រាប​ថា កាល​ពី​ថ្ងៃ​១៩ ធ្នូ ជនជាតិ​ព្នង​បាន​ដុត​បំផ្លាញ​គោយន្ត​កម្មករ​មួយ​គ្រឿង ហើយ​នៅ​ថ្ងៃ​ទី​២០ ធ្នូ ជន​ជាតិ​ព្នង​ក៏​បាន​ដុត​គ្រឿង​ចក្រ​ឈូស​ឆាយ​ចំនួន ៣​គ្រឿង​ទៀត នៅ​តំបន់​អូរឆែល ដោយសារ​តែ​ពួកគេ​អះអាង​ថា មិន​ព្រម​ផ្អាក​ការ​ឈូស​ឆាយ​ដើម្បី​ដោះស្រាយ។

ការ​ដោះស្រាយ​របស់​ក្រុមហ៊ុន​និង​អាជ្ញាធរ​នៅ​ថ្ងៃ​ទី​២៣ ធ្នូ មាន​បី​គោលការណ៍ គឺ​លក់​ដី​ឲ្យ​ក្រុមហ៊ុន​ការ​ធ្វើ​ចម្ការ ៥០% ម្នាក់ និង​ការ​ផ្ដល់​ដី​ចម្ការ​ឲ្យ​តាម​ជាក់​ស្ដែង ប៉ុន្តែ​គោលការណ៍​ទាំង ៣​ចំណុច​នេះ ត្រូវ​បាន​ជនជាតិ​ព្នង​បដិសេធ​ថា មិន​អាច​ទទួល​បាន​ដោយ​ទាមទារ​យក​ដី​ទាំង​អស់ ៖ «ពេល​ណា​យើង​ស៊ី​ឈ្នួល ស៊ី​ឈ្នួល ពេល​ណា​គេ​ធ្វើ​អ៊ីចឹង​យើង​ខឹង។ ហើយ​ខ្លះ​ក៏​អត់​ទាន់​មាន​ផ្ទះ​សម្បែង ដល់​ឃើញ​តឹងរ៉ឹង​ពេក​អ៊ីចឹង ចង់​ធ្វើ​ជា​ដី​នៅ​កន្លែង​យើង​ធ្វើ​ចម្ការ​វិល​ជុំ​ហ្នឹង ចង់​ឲ្យ​មក​យើង​វិញ»

តំណាង​ក្រុមហ៊ុន ខូវ ជីលី គឺ​លោក ហេង សុខជា បាន​ជំរុញ​ឲ្យ​មាន​ការ​ដោះស្រាយ​តាម​ផ្លូវ​ច្បាប់ បន្ទាប់​ពី​ជន​ជាតិ​ព្នង​ទាំង​នោះ​បាន​ដុត​បំផ្លាញ​គ្រឿង​ចក្រ​អស់​ចំនួន ៣​គ្រឿង ប៉ុន្តែ​អភិបាល​រង​ខេត្ត​មណ្ឌលគិរី គឺ​លោក យីម លុច ដែល​បាន​ចុះ​ទៅ​ដោះស្រាយ​នៅ​ថ្ងៃ​២៣ ធ្នូ បាន​ឲ្យ​ដឹង​ថា បើ​អនុវត្ត​ការ​ចាប់​ខ្លួន​ប្រាកដ​ជា​មាន​បាតុកម្ម​តវ៉ា​ចុះ​ឡើង ហើយ​កាន់​តែ​ធ្វើ​ឲ្យ​មាន​ការ​ពិបាក​ក្នុង​ការ​ដោះស្រាយ។

លោក ហេង សុខជា មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «យើង​មិន​ចង់​មាន​ការ​ចាប់​ខ្លួន​អី​ទេ រឿង​ហ្នឹង​បាន​កន្លង​ផុត​ទៅ​ឲ្យ​ចប់​ទៅ ហើយ​យើង​រក​វិធី​ដោះស្រាយ​តាម​របៀប​ផ្សេង​ទៅ​វិញ»

ប៉ុន្តែ​លោក​បាន​អះអាង​ថា ក្រុមហ៊ុន ខូវ ជីលី បាន​ទទួល​សេចក្ដី​សម្រេច​ដ៏​ត្រឹមត្រូវ​ពី​រាជ​រដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍ ដូច្នេះ​លោក​នឹង​ចាត់​វិធានការ​ថ្មី​ការពារ​ដើម្បី​ឲ្យ​ក្រុមហ៊ុន​នេះ​អភិវឌ្ឍ​ជា​បន្ត​ទៅ​ទៀត។

មន្រ្តី​សិទ្ធិមនុស្ស​នៃ​អង្គការ​វីជីលែន គឺ​លោក ឯម វាសនា បាន​ផ្ដល់​ទស្សនៈ​ថា គួរ​តែ​ប្ដូរ​ទីតាំង​ក្រុមហ៊ុន​ដើម្បី​បញ្ជៀស​អំពើ​ហិង្សា៕