ទំនាស់​ដណ្ដើម​ដី​រវាង​ប្រជា​ពលរដ្ឋ និង​អាជ្ញាធរ​នៅ​ខេត្ត​ប៉ៃលិន

ទំនាស់​ដណ្ដើម​កាន់​កាប់​ដី​ធ្លី​ទំហំ ជាង ២ ពាន់​ហិកតារ​រវាង​ប្រជា​ពលរដ្ឋ និង​អាជ្ញាធរ​នៅ​ខេត្ត​ប៉ៃលិន រហូត​មក​ដល់​ពេល​នៅ​ពុំ​ទាន់​មាន​ដំណោះ​ស្រាយ​នៅ​ឡើយ​ទេ។ ទន្ទឹម​គ្នា​នេះ ក្រុម​អ្នក​ភូមិ​ជា​ច្រើន​គ្រួសារ សម្ដែង​ប្រតិកម្ម​ជំទាស់​ទៅ​នឹង​ផែនការ​រឹបអូស​ដី​ស្រែ​ចម្ការ​របស់​ពួក​គាត់​ទុក​ជា​ដី​សម្បត្តិ​រដ្ឋ​ពី​សំណាក់​អាជ្ញាធរ​ខេត្ត​ប៉ៃលិន។

ប្រជា​ពលរដ្ឋ​ជា​ច្រើន​រយ​គ្រួសារ​នៅ​ខេត្ត​ប៉ៃលិន កំពុង​ស្វែង​រក​ការ​ជួយ​ជ្រោមជ្រែង​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល ដើម្បី​ធ្វើ​កិច្ច​អន្តរាគមន៍​ទៅ​អាជ្ញាធរ​ខេត្ត​ប៉ៃលិន ដើម្បី​ដោះស្រាយ​ឲ្យ​បាន​ទទួល​ដី​លំនៅ និង​ដី​ស្រែ​ចម្ការ​ទំហំ ២១០២ ហិកតារ​សម្រាប់​ការ​រស់​នៅ និង​ការ​កាន់កាប់​បង្ក​បង្កើន​ផល។

លោក ប៉ូ ជា អាយុ ៥១ ឆ្នាំ ថ្លែង​ថា ប្រជាជន​ម្នាក់ៗ មាន​ដី​តែ​ទំហំ ៥ ហិកតារ​ទេ ប៉ុន្តែ ត្រូវ​បាន​អាជ្ញាធរ​ដាក់​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​ហ៊ុមព័ទ្ធ​យក​រហូត​ទៅ​ដល់ ២ ពាន់ ២ រយ​ហិកតារ ៖ «ទាំង​អស់​អញ្ចឹង​វា​ប៉ះ​ដី​ប្រជាជន​ទាំង​អស់។ ដី​រដ្ឋ​មាន​តែ ៨ រយ​ហិកតារ​ឲ្យ​ទៅ​ខាង​កងទ័ព​ហ្នឹង។ វា ៥២ ហិកតារ ហើយ​សាលា​ខេត្ត​គេ​ទៅ​ឈូស​យក ២ ពាន់ ២ រយ​ហិកតារ។ អ៊ីចឹង​អស់​ដី​ប្រជាជន​ទាំង​អស់»។

អ្នក​ភូមិ​បាន​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី ៥ ខែ​ឧសភា ឆ្នាំ ១៩៩៨ ក្រោយ​ពី​មាន​ការ​ធ្វើ​សមាហរណកម្ម​រួច​មក ដី​ស្រែ​ចម្ការ​ទាំង​នេះ គឺ​ក្រុម​អ្នក​ភូមិ​បាន​កាន់កាប់ និង​បង្កបង្កើន​ផល​រហូត​ដល់​ឆ្នាំ ២០១១ ដោយ​ពុំ​ធ្លាប់​មាន​ការ​ហាមឃាត់​ឡើយ។ ស្រាប់​តែ​ថ្មីៗ នេះ អាជ្ញាធរ​ខេត្ត​មាន​គម្រោង​ដក​ដី​លំនៅ និង​ដី​ស្រែ​ចម្ការ​ទាំង​នោះ​ទុក​ជា​ដី​រដ្ឋ។

អ្នក​ភូមិ​ដែល​តវ៉ា គឺ​ជា​ប្រជា​ពលរដ្ឋ​ចំនួន ៣៤៥ គ្រួសារ នៅ​តាម​បណ្ដា​ភូមិ​ចំនួន ៧ ភូមិ ក្នុង​ឃុំ​ចំនួន ៣ នៃ​ខេត្ត​ប៉ៃលិន។

ប្រជា​ពលរដ្ឋ​ទាំង ៣៤៥ គ្រួសារ ដែល​បច្ចុប្បន្ន​កំពុង​រស់​នៅ​ក្នុង​ភូមិ​ទំនប់ ភូមិ​អូរ​កន្ធាងវ៉ា ភូមិ​អន្លង់​រក្សា ភូមិ​ភ្នំ​ក្រិញ ភូមិ​ចម្ការ​កាហ្វេ ភូមិ​ឫស្សី​ក្រោម និង​ភូមិ​ទួល​ស្រឡៅ ក្នុង​សង្កាត់​ទួល​ល្វា ឃុំ​សាលា ក្រៅ និង​ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន។

លោក អ៊ី ឈាន អភិបាល​ខេត្ត​ប៉ៃលិន មាន​ប្រសាសន៍​ថា កាល​ពី​អំឡុង​ឆ្នាំ ២០០២ និង ២០០៣ អាជ្ញាធរ​ខេត្ត​បាន​ធ្វើ​ការ​វាស់វែង​ដី​នៅ​ចំណុច​នោះ ដើម្បី​រក្សា​ទុក​ធ្វើ​ជា​ទីតាំង​លាន​យន្ត​ហោះ និង​អាច​វិនិយោគ​ទៅ​ក្រុមហ៊ុន​ឯកជន ដើម្បី​ជួយ​ដល់​ការ​អភិវឌ្ឍន៍​ក្នុង​ខេត្ត។

លោក​បន្ត​ថា ប្រជា​ពលរដ្ឋ ដែល​មាន​ដី​ពិត​ប្រាកដ​នៅ​ទីនោះ អាជ្ញាធរ​ខេត្ត​នឹង​មិន​ដក​ហូត​ឡើយ ៖ «ឥឡូវ​ខ្ញុំ​ឲ្យ​ស្រាវជ្រាវ​រឿង​ហ្នឹង​វិញ ព្រោះ​ខ្ញុំ​នៅ​ទី​នេះ ខ្ញុំ​ដឹង​ច្បាស់លាស់​ណាស់។ មិន​មាន​បំណង​ធ្វើ​អី​បំផ្លាញ ឬ​ធ្វើ​បាប​ប្រជា​ពលរដ្ឋ​ទេ។ បើ​មាន​ប្រជា​ពលរដ្ឋ​បាន​មាន​យើង បើ​មិន​មាន​ប្រជា​ពលរដ្ឋ​យើង​នៅ​ម៉េច​បាន។ នេះ​ជា​គោលការណ៍​ធំ»។

មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក ប្រចំា​ខេត្ត​បាត់ដំបង និង​ខេត្ត​ប៉ៃលិន លោក យិន ម៉េង​លី បាន​ទាម​ទារ​ឲ្យ​អាជ្ញាធរ​ខេត្ត​ប៉ៃលិន​បង្ហាញ​ឯកសារ ដែល​បាន​កំណត់​ដី​នៅ​តំបន់​នោះ ទុក​ធ្វើ​ជា​ទីតាំង​លាន​យន្តហោះ ឬ​តំបន់​សេដ្ឋកិច្ច​ពិសេស​ជា​សាធារណៈ ជូន​អ្នក​ភូមិ​ឲ្យ​អស់​ចម្ងល់។ លោក​បន្ត​ថា ក្រុម​អ្នក​ភូមិ បាន​កាន់​កាប់​ដី​បង្កបង្កើន​ផល នៅ​តំបន់​នោះ​តាំង​ពី​ឆ្នាំ ១៩៩៨ – ១៩៩៩។ ដូច្នេះ​ហើយ អាជ្ញាធរ​គួរ​គិត​គូរ​ក្នុង​ករណី​នេះ។

លោក យិន ម៉េង​លី ៖ «វា​ពាក់ព័ន្ធ​នឹង​រដូវ​បង្ក​បង្កើន​ផល អារម្មណ៍​គាត់​ចេះ​ភ័យ​ខ្លាច ហើយ​បើ​សិន​ជា​គាត់​នៅ​តែ​មិន​បាន​ដី​នោះ​ស្រប​ច្បាប់ គាត់​នៅ​តែ​ភ័យ​ខ្លាច។ ពួក​គាត់​នឹង​ទៅ​ធ្វើ​ជា​អ្នក​បម្រើ​គេ»។

មន្ត្រី​សមាគម អាដហុក បាន​បញ្ជាក់​ថា ការ​ដក​ដី​មក​ទុក​ធ្វើ​ជា​សម្បត្តិ​របស់​រដ្ឋ គឺ​ជា​ការ​ត្រឹមត្រូវ តាម​ឯក​សារ​របស់​រាជ​រដ្ឋាភិបាល។ ក៏​ប៉ុន្តែ ខាង​អាជ្ញាធរ​គួរ​ពិចារណា​ទៅ​លើ​តំបន់ ដែល​ត្រូវ​ដកហូត​នោះ ថា​តើ​ដី​នៅ​តំបន់​នោះ​ជា​ដី​ព្រៃ ឬ​ជា​ដី​វាល​អស់​ព្រៃ ដើម្បី​ឈាន​ទៅ​រក​ការ​ធ្វើ​ឯកសារ​ឲ្យ​ពួក​គាត់​បាន​កាន់​កាប់​ស្របច្បាប់៕