ក្រុម​អ្នក​តវ៉ា​រឿង​ដីធ្លី​មិន​ទាន់​វិល​ត្រឡប់​ទៅ​លំនៅ​វិញ

ទោះបីជា​នាយក​រង​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​អះអាង​ថា ជួយ​ដោះស្រាយ​ជូន​ក្រុម​ប្រជាពលរដ្ឋ​ដែល​បាន​មក​សុំ​លោក ហ៊ុន សែន ដល់​ផ្ទះ​ក៏ដោយ ក៏​ប្រជាពលរដ្ឋ​ជាង​១០០​នាក់​ដែល​បាន​ធ្វើដំណើរ​ថ្មើរជើង មកពី​ខេត្តបាត់ដំបង​និង​ខេត្ត​បន្ទាយមានជ័យ​នោះ នៅតែ​មិន​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដែរ ។

0:00 / 0:00

នាយក​រង​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន លោក លឹម លាងសែ បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ជុំវិញ​បញ្ហា​នេះ​ថា ក្នុង​ការ​ដោះស្រាយ​ទំនាស់​ដីធ្លី​នេះ​ពុំ​មែន​ចង់​ដោះស្រាយ​បាន​ភា្លមៗ​នោះ​ទេ លោក​ត្រូវការ​ពេលវេលា​និង​ស្រាវជ្រាវ​នៅ​ថ្នាក់​មូលដ្ឋាន​ឲ្យ​បាន​ច្បាស់លាស់ ។

លោក លឹម លាងសែ បាន​ឲ្យ​ដឹង​ថា ៖ «អ៊ីចឹង​ខ្ញុំ​បាន​ជម្រាប​គាត់ យើង​នឹង​ចុះ​ទៅ​ដោះស្រាយ​ទៅ​ដល់​ទីកន្លែង​ដែល​មាន​ការ​ចូលរួម​ពី​ស្ថាប័ន​មួយចំនួន​ទៀត រួម​ទាំង​អាជ្ញាធរ​ខេត្ត​ផង ហើយ​និង​ភាគី​ដែល​ពាក់ព័ន្ធ​ជាមួយ​គាត់»

លោក ទិត ប៊ុនឈឿន តំណាង​ប្រជាពលរដ្ឋ ២២០​គ្រួសារ​មកពី​ស្រុក​បវេល ខេត្ត​បាត់ដំបង បាន​មាន​ប្រសាសន៍​ក្រោយ​ពី​ជួប​ចរចា​ជាមួយ​លោក លឹម លាងសែ ថា​ពួកលោក​មិន​ទាន់​ត្រឡប់​ទៅ​ផ្ទះ​ទេ រង់ចាំ​ខាង​ខុទ្ទកាល័យ​ចុះ​ទៅ​ដោះស្រាយ​ពួកគាត់​នឹង​ទៅ​ជាមួយ ។

លោក ទិត ប៊ុនឈឿន បាន​មាន​ប្រសាសន៍​ថា ៖ «នៅក្នុង​ដំណោះស្រាយ​នេះ ពួក​ខ្ញុំ​ក្នុង​ការ​ធ្វើដំណើរ​មក​ជួប​មាន​ការ​លំបាក​ខ្លាំង​ណាស់ ដូច្នេះ​ក្នុង​ការ​ដោះស្រាយ បើ​មិន​ទាន់​មាន​លទ្ធផល​ទេ ពួក​ខ្ញុំ​បាទ​មិន​ទាន់​វិល​ត្រឡប់​ទៅ​វិញ​ទេ»

លោក ចាន់ យឿត បាន​មាន​ប្រសាសន៍​ថា ពួក​លោក​ដល់​រដូវ​ធ្វើ​ស្រែ​ហើយ លោក​ចង់​បាន​ដី​នោះ​មក​វិញ ហើយ​លោក​ក៏​ចង់​បាន​ការ​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ទើប​មាន​ប្រសិទ្ធភាព ៖ «ក្នុង ១​គ្រួសារ​គឺ​អ្នក​ខ្លះ​មាន ២​ហិកតា អ្នក​ខ្លះ​មាន ៣ អ្នក​ខ្លះ​មាន ៥ អ្នក​ខ្លះ​មាន ៨ អ្នក​ខ្លះ​មាន ១០»

លោកស្រី សូទី បាន​មាន​ប្រសាសន៍​ថា​ក្នុង​អំឡុង​ឆ្នាំ​១៩៩០ ពួក​គាត់​បាន​ចូល​ទៅ​កាប់​រុករាន​ឆ្ការ​ដី​ព្រៃ​ធ្វើ​ស្រែ នៅ​ចំណុច​អូរ​វល្លិប្រេង និង​បឹងបាតផ្តិល ក្នុង​ខេត្ត​បាត់ដំបង ។ ក្នុង​ឆ្នាំ​១៩៩៨ អាជ្ញាធរ​បាន​ឃុបឃិត​គ្នា​យក​ដី​ពួក​គាត់ ហើយ​ពួក​គាត់​បាន​ប្តឹង​មក​តុលាការ​ខេត្ត​ច្រើន​លើក​មក​ហើយ តែ​ពួក​គេ​មិន​បាន​ដោះស្រាយ​ជូន​នោះ​ទេ ៖ «ព្រោះ​អី​ខាង​ខេត្ត​បាត់ដំបង​ហ្នឹង កុហក បង្វិល​ពួក​ខ្ញុំ​ជា​ច្រើន​លើក​ច្រើន​សា​ហើយ»

វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​ព្រះរាជអាជ្ញា​តុលាការ​ខេត្ត​បាត់ដំបង​បាន​ទេ នៅ​ថ្ងៃ​សុក្រ​នេះ ។

រីឯ​តំណាង​ប្រជាពលរដ្ឋ​១៩​គ្រួសារ​ដែល​បាន​ដើរ​ថ្មើរជើង​ពី​ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ មក​ដល់​ផ្ទះ​លោក​នាយក​រដ្ឋមន្រ្តី លោក សូ វៀត បាន​មាន​ប្រសាសន៍​ថា ក្រៅពី​លោក ហ៊ុន សែន គ្មាន​ស្ថាប័ន​ណា​អាច​ដោះស្រាយ​ឲ្យ​ពួក​លោក​បាន​ទេ ពីព្រោះ​ពួក​គាត់​អស់​ជំនឿ​លើ​ប្រព័ន្ធ​តុលាការ​និង​អាជ្ញាធរ​ខេត្ត ទើប​នាំគ្នា​មក​ដល់​ផ្ទះ​លោក​នាយក​រដ្ឋមន្រ្តី​ផ្ទាល់ ។ ក៏ប៉ុន្តែ​លោក​នាយក​រង​ខុទ្ទកាល័យ​ឲ្យ​ពួក​គាត់​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ រង់ចាំ​ដើម​ខែ​មិថុនា​ទើប​គេ​ចុះ​ដោះស្រាយ​ជូន ។

លោក សូ វៀត បាន​បញ្ជាក់​ថា ៖ «ការ​ដោះស្រាយ​នៅ​ខាង​ស្រុក ខាង​ខេត្ត ខាង​ឃុំ​របស់​ខ្ញុំ​ហ្នឹង គឺ​មិន​ដែល​ដោះស្រាយ​បាន​ចេញ​ឲ្យ​ពួក​ខ្ញុំ​ទេ បាន​យើង​ខ្ញុំ​មាន​ភាព​អស់​សង្ឃឹម​ត្រូវ​ឡើង​មក​ជួប​គាត់​ដើម្បី​ឲ្យ​គាត់​ជួយ​ធ្វើ​អន្តរាគមន៍»

សូម​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ជាង​១០០​នាក់​នេះ​បាន​ធ្វើដំណើរ​ថ្មើរជើង​ពី​ខេត្ត​បាត់ដំបង និង​ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី​២៣ និង​បាន​មក​ដល់​ផ្ទះ​លោក​នាយក​រដ្ឋមន្រ្តី កាលពី​យប់​ថ្ងៃ​ទី​២៨ ឧសភា​នេះ ហើយ​ពួកគាត់​មិន​ទាន់​បាន​វិលត្រឡប់​ទៅ​លំនៅ​វិញ​ទេ ពួក​គេ​កំពុង​ស្នាក់នៅ​ខាង​ក្រោយ​វត្ត​បទុមវតី ក្នុង​ទីក្រុង​ភ្នំពេញ ៕