អ្នកភូមិជនជាតិទំពួន ប្រមាណ២៥នាក់ បានប្រមូលផ្តុំគ្នា នៅភូមិប៉ាណល ឃុំទីងចាក់ ស្រុកបរកែវ ខេត្តរតនគិរី នៅព្រឹកថ្ងៃទី៣០ ខែសីហា ដើម្បីសម្ដែងការជំទាស់ទៅនឹងក្រុមសមត្ថកិច្ច ដែលដឹកនាំដោយចៅក្រមតុលាការខេត្តរតនគិរី ចុះអង្កេតលើដីចម្ការរបស់ពួកគាត់ ចំនួន១០០ហិកតារ។
មេភូមិប៉ាណល លោក រម៉ាម ហឺញ បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី៣០ ខែសីហាថា ការជួបជុំរបស់អ្នកភូមិធ្វើឡើងខណៈដែលតុលាការ និងក្រុមសមត្ថកិច្ចចុះធ្វើការវាស់វែងដីរបស់ខ្លួន ដើម្បីដកហូតយកទៅប្រគល់ឲ្យអភិបាលក្រុងភ្នំពេញ លោក កែប ជុតិមា។ ប្រជាពលរដ្ឋរួមទាំងរូបលោកផងដែរ មិនសុខចិត្តចំពោះសកម្មភាពនេះទេ ដូច្នេះទើបនាំគ្នាតវ៉ាឡើង ៖ «គេដាក់ថាមួយរយហាត់ ហ្នឹងហើយដី ជូន កែប ជុតិម៉ា នោះណា អភិបាលក្រុងភ្នំពេញ ដីតាំងពីដូនតាខ្ញុំ។ ផូងខ្ញុំតាំងពីកើតមក ដូនតាងាប់នៅនេះហើយ។ យកតាទេហ្មង អត់មានទិញម៉ារៀល ធ្វើប្លង់ក៏ប្រជាជនអត់មានដឹងអីផង»។
មេភូមិប៉ាណលរូបនេះ បានបន្តទៀតថា ដីរបស់ប្រជាសហគមន៍បានដាំដំណាំ និងរស់នៅទីនេះតាំងពីឆ្នាំ១៩៧៩ ស្រាប់តែមកឮថាមានប្លង់កម្មសិទ្ធិរបស់លោក កែប ជុតិម៉ា ទៅវិញ។
ស្រ្តីឈ្មោះ សឺន យ៉េត បានបញ្ជាក់ថា កន្លងមកតុលាការបានកោះហៅរូបគាត់ និងអ្នកភូមិជាច្រើន ទៀតទៅប្រាប់ថា ដីធ្លី ផ្ទះ និងចម្ការដែលគាត់រស់នៅជាដីដែលមានម្ចាស់ និងមានប័ណ្ណកម្មសិទ្ធិហើយ បានតម្រូវឲ្យពួកគាត់ផ្ដិតមេដៃ តែបើហ៊ានជំទាស់តុលាការនឹងចាប់ដាក់គុក ៖ «បើថាយកដីហ្នឹង សម្លាប់ប្រជាជនហ្នឹងសិនទៅ។ ដីខ្ញុំហើយ ហៅខ្ញុំមកតុលាការ២ដងហើយ។ ខ្ញុំថាអ៊ីចឹង ចង់បម្រុងធ្វើម៉េចហ្នឹង គេថាអាហ្នឹងដីពាក់ព័ន្ធជាមួយ ប៉ែន សុខុន ខ្ញុំថា ប៉ែន សុខុន ឬ កែប ជុតិម៉ា ខ្ញុំអត់ស្គាល់ ខ្ញុំដឹងថា ភូមិកំណើតខ្ញុំតាណឹងតាំងពីចិតប្រាំបួនមក»។
អភិបាលក្រុងភ្នំពេញ លោក កែប ជុតិមា ដែលត្រូវចោទប្រកាន់ដោយអ្នកភូមិក្នុងរឿងនេះ មិនអាចសុំអត្ថាធិប្បាយបាននៅឡើយទេ កាលពីថ្ងៃទី៣០ ខែសីហា។ ចំណែកឯចៅក្រមតុលាការខេត្តរតនគិរី អ្នកស្រី ជ័យ មាលា បានបញ្ជាក់ថា អ្នកស្រីបានចុះធ្វើការអង្កេតសាកសួរនៅលើដីទំនាស់នោះ ហើយចំពោះដើមបណ្ដឹងវិញ អ្នកស្រីអះអាងមិនឃើញមានឈ្មោះអភិបាលក្រុងភ្នំពេញ លោក កែប ជុតិមា ទេ ៖ «ពាក្យបណ្ដឹងអត់មានបានឃើញឈ្មោះគាត់អីទេ ប៉ុន្តែគ្រាន់តែដឹងថាពាក្យបណ្ដឹងនេះ វាទាក់ទងនឹងថាក្រុមការងារមួយចំនួន ដែលធ្លាប់ធ្វើការនៅសាលាខេត្តរតនគិរីពីមុននោះណា។ ព្រឹកមិញនោះគឺយើងជាការចុះអង្កេតទៅលើដីទំនាស់ជាក់ស្ដែង ដោយជាក់ស្ដែងនោះណា»។
ជំទប់ទី១ ឃុំទីងចាក់ លោក ផ្លោង ប៉ាយ៉ង បានបញ្ជាក់ថា កាលពីឆ្នាំមុន លោកបានឃើញអភិបាលក្រុងភ្នំពេញ លោក កែប ជុតិមា បានចុះមកទីនេះម្ដង ហើយមេឃុំធ្លាប់ប្រាប់លោកថា ដីនោះជាកម្មសិទ្ធិរបស់អភិបាលក្រុង ដែលមានប្លង់កម្មសិទ្ធិ ៖ «មេឃុំគាត់ថា មានប្លង់ហើយដី កែប ជុតិម៉ា ហ្នឹង។ ប៉ះពាល់ទាំងអស់ អត់មានសល់មួយចង្អាមទេ»។
អ្នកស៊ើបអង្កេតសមាគមសិទ្ធិមនុស្សអាដហុកខេត្តរតនគិរី លោក ឆាយ ធី ឲ្យដឹងថា ការស៊ើបអង្កេតនៅជំហានដំបូងឃើញថា ដីតំបន់នោះសហគមន៍បានកាន់កាប់រស់នៅអាស្រ័យផលតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ។ ចំណែកឯការចុះវាស់វែងនៅថ្ងៃនេះ ក៏មិនមែនជាការអនុវត្តសាលក្រមសម្រេចរបស់តុលាការក្នុងការដកហូតយកដីពីពលរដ្ឋនៅឡើយទេ ៖ «ផ្ដិតមេដៃនោះ មិនមែនក្នុងគោលបំណងប្រគល់ដីទេ គឺគាត់ផ្ដិតដើម្បីចៀសឲ្យផុតពីការគំរាមចាប់ខ្លួន»។
លោកបានបន្តថា សហគមន៍បានចោទថាកន្លងមកមន្ត្រីតុលាការបានគំរាមកំហែងពលរដ្ឋក្នុងរឿងដីទំនាស់នេះ ដូច្នេះសមាគមសិទ្ធិមនុស្សអាដហុក នឹងធ្វើអន្តរាគមន៍បន្ទាប់ពីស៊ើបអង្កេតចប់សព្វគ្រប់ ដោយផ្អែកលើមូលដ្ឋាននៃការរស់នៅស្របច្បាប់ របស់សហគមន៍៕