WB៖ ការ​ទិញ​ដី​កសិកម្ម​ទ្រង់ទ្រាយ​ធំ​បង្ក​គ្រោះថ្នាក់​ដល់​ជីវភាព​កសិករ

ធនាគារ​ពិភពលោក (WB) បាន​ចេញ​ផ្សាយ​របាយការណ៍​ជា​សាធារណៈ​មួយ ដោយ​បាន​បង្ហាញ​ថា តម្រូវការ​ដី​កសិកម្ម​​នៅ​កម្ពុជា​ដែល​មាន​ទំហំ​ធំ បាន​បណ្ដាល​ឲ្យ​មាន​ការ​គំរាមកំហែង​ទៅ​លើ​សិទ្ធិ​កសិករ​នៅ​កម្ពុជា និង​ប្រទេស​ដទៃ​ទៀត​ក្នុង​ពិភពលោក។

0:00 / 0:00

មន្ត្រី​ធនាគារ​ពិភព​លោក​បាន​ព្រមាន​ថា ការ​ទិញ​ផ្ទៃ​ដី​កសិកម្ម​ដែល​មាន​ទ្រង់ទ្រាយ​ធំ​នៅ​កម្ពុជា និង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដ​ទៃ​ទៀត​ បាន​និង​កំពុង​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ទៅ​ដល់​ជីវភាព​របស់​កសិករ ដោយសារ​តែ​ភាព​ខ្វះខាត​ទៅ​លើ​អភិបាលកិច្ច​ដី។

ការ​ព្រមាន​របស់​មន្ត្រី​ធនាគារ​ពិភពលោក ធ្វើ​ឡើង​បន្ទាប់​ពី​ធនាគារ​ពិភព​បាន​ផ្សាយ​របាយការណ៍​របស់​ខ្លួន កាល​ទី​ថ្ងៃ​ទី​៨ ខែ​កញ្ញា ដែល​មាន​ចំណង​ជើង​ថា "ការ​កើន​ឡើង​នៃ​តម្រូវការ​ដី​កសិកម្ម​នៅ​លើ​ពិភពលោក" ហើយ​ដែល​របាយការណ៍​នេះ​បាន​រក​ឃើញ​ថា ការ​កើន​ឡើង​តម្លៃ​ស្បៀង​អាហារ​ពិភពលោក​បាន​ក្លាយ​ជា​កត្តា​សំខាន់ ដែល​បាន​ជំរុញ​ឲ្យ​មាន​តម្រូវ​ការ​ដី​កសិកម្ម​នៅ​ក្នុង​ប្រទេស​​​កំពុង​អភិវឌ្ឍន៍។ តម្រូវការ​នេះ​អាច​បណ្ដាល​ឲ្យ​គ្រោះថ្នាក់​ទៅ​លើ​សង្គម និង​បរិស្ថាន​ក្នុង​ប្រទេស​​​កំពុង​អភិវឌ្ឍន៍​ទាំង​នោះ។

លោក ង៉ូស៊ី អូខនយ៉ូ ល្វាឡា (Ngozi Okonjo-Iweala) នាយក​គ្រប់គ្រង​របស់​ធនាគារ​ពិភពលោក បាន​អះអាង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​កាល​ពី​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឲ្យ​ដឹង​ថា តម្រូវ​ការ​ដី​ជា​កម្មសិទ្ធិ​ដែល​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​កំពុង​មាន​តម្រូវ​ការ​យ៉ាង​ខ្លាំង។ លោក​ស្នើ​ឲ្យ​បញ្ឈប់​ការ​លាក់លៀម​ចំពោះ​ការ​គ្រប់គ្រង​​ដី បើ​មិន​ដូច្នោះ​ទេ ប្រជាពលរដ្ឋ​ក្រីក្រ​នឹង​មិន​បាត់​ដី​របស់​ពួកគាត់។

មន្ត្រី​គ្រប់គ្រង​កម្មវិធី​ដីធ្លី​នៃ​សមាគម​អាដហុក លោក អ៊ូច ឡេង នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៩ ខែ​កញ្ញា មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ឲ្យ​ដឹង​ថា របាយការណ៍​របស់​ធនាគារ​ពិភពលោក​បាន​បង្ហាញ​ការ​ពិត​របស់​កម្ពុជា ដែល​រដ្ឋាភិបាល​កម្ពុជា មិន​បាន​គោរព​សិទ្ធិ​កាន់​កាប់​ដី​របស់​ប្រជាពលរដ្ឋ​ក្រីក្រ។ បច្ចុប្បន្ន​នេះ​រដ្ឋាភិបាល​កម្ពុជា បាន​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឲ្យ​ក្រុមហ៊ុន​បរទេស និង​ក្រុមហ៊ុន​ក្នុង​ស្រុក​ប្រមាណ ១០០​ក្រុមហ៊ុន នៅ​លើ​ផ្ទៃ​ដី​កសិកម្ម​ប្រមាណ​ជាង ១​លាន​ហិកតា។

លោក អ៊ូច ឡេង បន្ត​ទៀត​ថា រដ្ឋាភិបាល​កម្ពុជា បាន​ទទួល​ប្រាក់​ចំណូល​ពី​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ១​ដុល្លារ​ក្នុង​មួយ​ហិកតា សម្រាប់​រយៈ​ពេល​មួយ​ឆ្នាំ ប៉ុន្តែ​ប្រសិន​រដ្ឋាភិបាល​ផ្ដល់​ដី​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ស្រែ​ចម្ការ ប្រជាពលរដ្ឋ​កម្ពុជា អាច​រក​ប្រាក់​ចំណូល​បាន​រហូត​ទៅ​ដល់ ៣០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

លោក អ៊ូច ឡេង បន្ថែម​ទៀត​ថា ក្នុង​ចំណោម​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ចំនួន ១០០​នោះ មាន​ក្រុមហ៊ុន​តែ​ចំនួន​ប្រមាណ ១០% ប៉ុណ្ណោះ ដែល​បាន​ប្រើប្រាស់​ដី​សម្បទាន​សេដ្ឋកិច្ច ដែល​ផ្ដល់​ដោយ​រដ្ឋាភិបាល ក្រៅ​ពី​នោះ ក្រុមហ៊ុន​ដទៃ​ទៀត​ទុក​ដី​សម្បទាន​ទាំង​នោះ​ដើម្បី​រង់ចាំ​ដី​ឡើង​ថ្លៃ ដើម្បី​ផល​ចំណេញ ដោយ​មិន​បាន​អភិវឌ្ឍ​ទៅ​លើ​ដី​នោះ​ទេ។ លោក​ថា រដ្ឋាភិបាល​មិន​អាច​ផ្ដល់​សំណង​ត្រឹមត្រូវ​ទៅ​ដល់​ប្រជាពលរដ្ឋ ដែល​បាន​ប៉ះពាល់​ដោយ​ការ​ផ្ដល់​សម្បទាន​សេដ្ឋកិច្ច​នោះ​ទេ។

របាយការណ៍​ធនាគារ​ពិភពលោក​ដែល​បាន​ធ្វើ​ការ​សន្និដ្ឋាន​ពី​ស្ថានភាព​កម្ពុជា និង​ប្រទេស​ដទៃ​ទៀត ដោយ​ផ្អែក​ទៅ​លើ​ទិន្នន័យ​ពី​ប្រទេស​កម្ពុជា និង​ប្រទេស​ចំនួន ១៣ ផ្សេង​ទៀត​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក (Africa) អាមេរិកឡាទីន (Latin America) អឺរ៉ុប (Europe) និង​អាស៊ី ដោយ​បាន​ចាប់​ផ្ដើម​សិក្សា​តាំង​ពី​ឆ្នាំ ២០០៤ ទៅ​ដល់​ឆ្នាំ ២០០៩ ហើយ​បាន​រក​ឃើញ​ថា ចាប់​តាំង​ពី​វិបត្តិ​ស្បៀង​អាហារ​ពិភព​លោក​កាល​ពី​ឆ្នាំ​២០០៨ តម្រូវការ​ផ្ទៃ​ដី​កសិកម្ម​បាន​កើន​ទៅ​ដល់ ៤៥​លាន​ហិកតា​នៅ​ឆ្នាំ​២០០៩។ ប៉ុន្តែ​រដ្ឋាភិបាល​ខ្លះ​បាន​ជួប​វិបត្តិ​ចំពោះ​តម្រូវ​ការ​របស់​អ្នក​វិនិយោគ​ទុន​ក្រៅ​ស្រុក ដោយ​មិន​បាន​គិត​ពិចារណា​អំពី​សិទ្ធិ​កាន់​កាប់ដី​របស់​ប្រជាពលរដ្ឋ​មុន​ការ​ផ្ដល់​ដី​ទៅ​ឲ្យ​អ្នក​វិនិយោគ​ទុន ហើយ​ជួន​កាល​សិទ្ធិ​កាន់​កាប់​ដី​របស់​ម្ចាស់​ដី​មិន​ត្រូវ​បាន​គេ​អើពើ​នៅ​ពេល​មាន​ជម្លោះ​ដី។

អនុ​រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម លោក កៀង វ៉ាង បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទាក់ទង​ទៅ​នឹង​របាយការណ៍​របស់​ធនាគារ​ពិភពលោក​នោះ​ទេ។ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​របស់​ទីស្ដីការ​គណៈរដ្ឋ​មន្រ្ដី លោក ទិត សុធា នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៩ ខែ​កញ្ញា បាន​បដិសេធ​ព័ត៌មាន​របស់​ធនាគារ​ពិភពលោក ដែល​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​ប្រជាពលរដ្ឋ​កម្ពុជា ដែល​អាច​បាត់​បង់​ដី​ដោយសារ​តែ​តម្រូវ​ផ្ទៃដី​កសិកម្ម។ លោក​ថា កន្លង​មក​រដ្ឋាភិបាល​កម្ពុជា បាន​ផ្ដល់​ដី​សាធារណៈ​របស់​រដ្ឋ​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ជា​ដី​សម្បទាន​សេដ្ឋកិច្ច ហើយ​រដ្ឋាភិបាល​មិន​បាន​ប៉ះពាល់​ដល់​ដី​របស់​ប្រជាពលរដ្ឋ​នោះ​ទេ។

លោក ទិត សុធា បន្ត​ទៀត​ថា ទោះ​បី​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​រដ្ឋ​អាច​រក​ចំណូល​បាន​តិច ដោយ​រដ្ឋ​យក​តម្លៃ​មួយ​ដុល្លារ​ក្នុង​មួយ​ហិកតា​សម្រាប់​រយៈ​ពេល​មួយ​ឆ្នាំ​ក៏ដោយ ក៏​ប្រជាពលរដ្ឋ​នឹង​អាច​ទទួល​បាន​ការងារ​ធ្វើ​ពី​ក្រុមហ៊ុន​ទាំង​នោះ។ លោក ទិត សុធា ក៏​បាន​បដិសេធ​ផង​ដែរ​ថា កន្លង​មក​គ្មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន ដោយសារ​តែ​បញ្ហា​ដី​សម្បទាន​នោះ​ទេ។

ការ​លើក​ឡើង​របស់​លោក ទិត សុធា ហាក់​បី​បាន​ផ្ទុយ​ទៅ​នឹង​របាយការណ៍​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ដែល​បាន​រក​ឃើញ​ថា ក្នុង​រយៈ​ពេល ៦​ខែ ដើម​ឆ្នាំ​២០១០ បង្ហាញ​ថា ប្រជាពលរដ្ឋ​ចំនួន ៦៣​នាក់ ត្រូវ​បាន​ចាប់​ដាក់​គុក​ទាក់ទង​នឹង​ជម្លោះ​ដីធ្លី។ បើ​ប្រៀប​ធៀប​ចំនួន ៦​ខែ​ដូច​គ្នា​នៅ​ឆ្នាំ​២០០៩ មាន​ការ​កើន​ឡើង​ចំនួន ១៣​នាក់។

ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​ថ្លែង​ថា ការ​ចាប់​ប្រជាពលរដ្ឋ​ដាក់​គុក​ជា​វិធី​គំរាម​កំហែង​ថ្មី​មួយ​របស់​ក្រុមហ៊ុន​ឯកជន និង​អ្នក​មាន​អំណាច ដោយ​ប្រើប្រាស់​ប្រព័ន្ធ​យុត្តិធម៌​ប្រឆាំង​នឹង​តំណាង​ប្រជា​ពលរដ្ឋ ឬ​ប្រជាពលរដ្ឋ​ណា​ដែល​ហ៊ាន​ប្រឆាំង​នឹង​ការ​ទន្ទ្រាន​យក​ដី​របស់​ក្រុមហ៊ុន។

អង្គការ​សិទ្ធិ​មនុស្ស​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ ដី​សម្បទាន​សេដ្ឋកិច្ច​មាន​ចំនួន​រហូត​ទៅ​ដល់ ១,២​លាន​ហិកតា ហើយ​សម្បទាន​ដី​សម្រាប់​រ៉ែ​មាន ១,៤​លាន​ហិកតា សម្រាប់​ក្រុមហ៊ុន​ចំនួន ១០១​ក្រុមហ៊ុន។

ដើម្បី​កែប្រែ​វិបត្តិ​បាត់បង់​ដី​របស់​ប្រជាពលរដ្ឋ​ដោយសារ​តែ​តម្រូវ​ការ​ដី​កសិកម្ម​នោះ របាយការណ៍​ធនាគារ​ពិភពលោក​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​គោរព​សិទ្ធិ​ដីធ្លី និង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន និង​ម្ចាស់​ដី​ធ្វើ​ការ​ចរចា​គ្នា​ដោយ​ផ្ទាល់ សម្រាប់​គម្រោង​អភិវឌ្ឍន៍។

របាយការណ៍​បន្ត​ទៀត​ថា ប្រសិន​បើ​រដ្ឋាភិបាល​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​វិនិយោគ​លើ​ដី ប្រជាពលរដ្ឋ​ជនបទ​នឹង​ទទួល​បាន​ផលប្រយោជន៍។ របាយការណ៍​ក៏​បាន​ទាមទារ​ឲ្យ​មាន​ការ​បើក​ទូលាយ​ព័ត៌មាន ការ​ទទួល​ព័ត៌មាន និង​ការ​តាម​ដាន​ពី​សំណាក់​សង្គម​ស៊ីវិល​ចំពោះ​បញ្ហា​ដីធ្លី៕