សាលា​ឧទ្ធរណ៍​បដិសេធ​ពាក្យ​បណ្តឹង​របស់​ពលរដ្ឋ​នៅ​តំបន់​បឹងកក់

សាលា​ឧទ្ធរណ៍​បាន​បដិសេធ​ពាក្យ​បណ្តឹង​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​បឹងកក់​ដែល​សុំ​ឲ្យ​ក្រុមហ៊ុន​ស៊ូកាគូ​ផ្អាក​ការបូម​ដី​ចាក់​បំពេញ​ទីតាំង​បឹង​កក់​រហូត​ដល់​មាន​ដំណោះស្រាយ​រវាង​ក្រុមហ៊ុន​និង​ប្រជាពលរដ្ឋ​ជា​មុន​សិន។

បន្ទាប់​ពី​ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​ប្រកាស​សាលក្រម​នៅ​ថ្ងៃ​ទី​២៥ ធ្នូ លោក ជូង ជូងី មេធាវី​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​បឹង​កក់​បាន​អះអាង​ថា ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​កាត់​សេចក្តី​ថា ប្រជាពលរដ្ឋ​ត្រូវ​ប្តឹង​នៅ​សាលា​ក្រុង មិន​ត្រូវ​ប្តឹង​ក្រុមហ៊ុន​ស៊ូកាគូ​ទេ ៖ «តុលាការ​ច្រានចោល​ការទាមទារ​របស់​ប្រជាពលរដ្ឋ»

បន្ទាប់​ពី​ប្រជាពលរដ្ឋ​បាន​ដឹង​ថា ក្រុមប្រឹក្សា​ជំនុំជម្រះ​របស់​សាលាឧទ្ធរណ៍​បាន​បដិសេធ​ប្រជាពលរដ្ឋ​ប្រមាណ​១០០​នាក់​នៅ​មុខ​សាលា​ឧទ្ធរណ៍​បាន​នាំ​គ្នា​ដុត​ធូប​ដាក់​បណ្តាសា​ហើយ​ស្រែក​តិះដៀល​តុលាការ​ថា​អយុត្តិធម៍។

តំណាង​ប្រជាពលរដ្ឋ​នៅ​តំបន់​បឹង​កក់​បាន​រៀបរាប់​ថា ពួក​គាត់​នឹង​បន្ត​ការតវ៉ា​ទៅ​គ្រប់​ទី​កន្លែង​ដើម្បី​ទាមទារ​រក​យុត្តិធម៌​ព្រោះ​តុលាការ​ខ្មែរ​ត្រូវការ​តែ​លុយ មិន​អាច​ផ្តល់​យុត្តិធម៌​ឲ្យ​ពួក​គាត់​បាន​ឡើយ ៖ «ខ្ញុំ​នឹង​បបួល​គ្នីគ្នា​ចងក្រង​ធ្វើ​ជា​លិខិត​មួយ​ឡើង​មក​ថ្វាយ​បង្គំ​ព្រះ​មហាក្សត្រ​តែម្ដង សុំ​ឲ្យ​ព្រះមហាក្សត្រ​លោក​ជួយ​តែម្ដង ពេល​ហ្នឹង។ នឹង​មាន​ផែនការ​នៅ​ថ្ងៃ​មុខ​នេះ នឹង​ទៅ​ទៀត ទៅ​ផ្ទះ​សម្ដេច ហ៊ុន សែន»

មេធាវី​របស់​ក្រុមហ៊ុន​ស៊ូកាគូ លោក ចេង ប៉េងហាប់ បាន​បញ្ជាក់​ថា ការបូម​ខ្សា​ច់​បញ្ចូល​បឹង​កក់​នេះ​គឺ​ជា​ការទទួល​ខុស​ត្រូវ​របស់​សាលា​ក្រុង​មិន​មាន​ការពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ស៊ូកាគូ​នោះ​ទេ។

លោក ចេង ប៉េងហាប់ បាន​មាន​ប្រសាសន៍​ថា ៖ «ខ្ញុំ​គឺ​មេធាវី​តំណាង​ឲ្យ​ក្រុមហ៊ុន។ វិវាទ​ហ្នឹង​គឺ​វិវាទ​ពាក់ព័ន្ធ​តែ​ជាមួយ​ប្រជាពលរដ្ឋ​និង​សាលា​ក្រុង ព្រោះ​អី​ក្រុមហ៊ុន​ខ្ញុំ​ហ្នឹង​គឺ​ជួល ជួល​រយៈពេល​៩៩​ឆ្នាំ​ពី​រដ្ឋ។ អ៊ីចឹង​វិវាទ​ហ្នឹង​គឺ​សាលា​ក្រុង​ត្រូវ​ដោះស្រាយ​គោលនយោបាយ​ជាមួយ​ប្រជាពលរដ្ឋ​ម៉េចៗ អា​ហ្នឹង​ជា​គោលការណ៍​របស់​គាត់»

នៅ​ថ្ងៃ​ទី​២៥ ធ្នូ​នេះ វិទ្យុ​អាស៊ីសេរី​បាន​ព្យាយាម​សុំ​ការបំភ្លឺ​ពី​អភិបាល​រង​ក្រុង​ភ្នំពេញ ប៉ុន្តែ​លោក​ថា​កំពុង​ជាប់​រវល់​ប្រជុំ។

សូម​ជម្រាប​ដែរ​ថា នៅ​ថ្ងៃ​ពុធ​នេះ​មុន​នឹង​ប្រជាពលរដ្ឋ​នៅ​តំបន់​បឹង​កក់​ចូល​ទៅ​ជំនុំជម្រះ​នៅ​ក្នុង​សាលាឧទ្ធរណ៍​បាន​នាំ​គ្នា​ទៅ​បន់ស្រន់​នៅ​មុខ​ព្រះអង្គ​ដង្កា​ដោយ​សុំ​ឲ្យ​បារមី​ស័ក្តិសិទ្ធិ​ជួយ​ឲ្យ​ពួក​គាត់​បាន​ឈ្នះ​និង​ទទួល​បាន​យុត្តិធម៌៕