ទស្សនៈ​មេធាវី​ចំពោះ​តម្រូវ​ការ​សុំ​ច្បាប់​អនុញ្ញាត​មុន​ផ្សព្វផ្សាយ​ច្បាប់

ប្រធាន​គណៈ​មេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រតិកម្ម​យ៉ាង​ខ្លាំង​ចំពោះ​ការ​ឆ្លើយ​តប​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស Human Rights Watch បាន​ចោទ​ថា សេចក្ដី​ប្រកាស​របស់​គណៈ​មេធាវី​ដែល​តម្រូវឲ្យ​មេធាវី​សុំ​ច្បាប់​ប្រធាន​គណៈ​មេធាវី​មុន​សម្ភាស​ជាមួយ​អ្នក​កាសែត​ជា​ចរិត​នយោបាយ​បម្រើ​ឲ្យ​បក្ស​កាន់​អំណាច។
ដោយ វោហារ ជាតិ
2013.02.17
សុក សំអឿន ៣០៥ លោក សុក សំអឿន ប្រធាន​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា មាន​ប្រសាសន៍​ក្នុង​កិច្ច​ពិភាក្សា​សេចក្ដី​ព្រាង​ច្បាប់​សមាគម អង្គការ​មិន​មែន​រដ្ឋាភិបាល នៅ​ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១១។
RFA/Vohar Cheath

លោក​ក៏​បាន​ប្រតិកម្ម​ចំ​ពោះ​ការ​បកស្រាយ​របស់​លោក មេធាវី សុក សំអឿន ដែរ ដោយ​ចោទ​ថា លោក សុក សំអឿន បក​ស្រាយ​ប្រាប់​អ្នក​យក​ព័ត៌មាន​មិន​បាន​ស្រាវជ្រាវ​ឯកសារ​ច្បាប់​ច្បាស់​លាស់ ដែល​ធ្វើ​ឲ្យ​មតិ​សាធារណជន​យល់​ច្រឡំ។

រឿងរ៉ាវ​ទាក់ទង​ទៅ​នឹង​សេចក្ដី​ប្រកាស​របស់​ប្រធាន​គណៈ​មេធាវី​នេះ បាន​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​រវាង​មតិ​ជាតិ និង​អន្តរ​ជាតិ​ជា​បន្តបន្ទាប់។

នៅ​ក្នុង​សន្និសីទ​កាសែត​ថ្ងៃ​ទី​១៥ កុម្ភៈ កន្លង​ទៅ​នេះ លោក ប៊ុន ហុន ប្រធាន​គណៈ​មេធាវី​បាន​វាយ​បក​ទៅ​នឹង​ការ​រិះគន់​របស់​លោក ប្រែដ អាដាម (Brad Adams) ប្រធាន​អង្គការ​សិទ្ធិមនុស្ស Human Rights Watch ខ្លាំង​ៗ​ថា មិន​បាន​ស្រាវ​ជ្រាវ និង​មិន​យល់​ច្បាប់​នៃ​ប្រទេស​កម្ពុជា។

ចំណែក​លោក​មេធាវី សុក សំអឿន វិញ ក៏​ដូច្នេះ​ដែរ ​គឺ​លោក ប៊ុន ហុន បាន​ចោទ​ថា លោក សុក សំអឿន កន្លង​មក បាន​បក​ស្រាយ​ប្រាប់​អ្នក​សារព័ត៌មាន​អំពី​មាត្រា​ស្ដី​ពី​ក្រមសីលធម៌​មេធាវី​ខុស ដោយ​ច្រឡំ​មាត្រា​ចាស់ និង​មាត្រា​ថ្មី​ទើប​កែ ដែល​មាន​លេខ ១៥ ដូច​គ្នា។

លោក ប៊ុន ហុន៖ «បញ្ញត្តិ​មាត្រា ១៥ នេះ គឺ​ក្រមសីលធម៌​ថ្មី មិន​មែន​ក្រម​សីលធម៌​ចាស់​ទេ។ បញ្ញត្តិ​មាត្រា ១៥ នៃ​ក្រមសីលធម៌​នេះ គឺ​ចុះ​ថ្ងៃ​២១ កញ្ញា ២០១២ ឯ​មាត្រា ១៥ មួយ​ទៀត គឺ​មាត្រា ១៥ នៃ​ក្រម​សីលធម៌​ឆ្នាំ​១៩៩៥ លោក​យក​អា​នោះ​មក​បកស្រាយ។ ប្រែដ អាដាម ឮ​អ៊ីចឹង​ថែម​ពី​លើ សុក សំអឿន នោះ​ទៅ។ ចំណុច​នេះ​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា លោក សុក សំអឿន ខ្វះ​ការ​ស្រាវ​ជ្រាវ»

លោក សុក សំអឿន គឺ​ជា​មេធាវី​ម្នាក់​ដែល​បណ្ដាញ​សារព័ត៌មាន​ជា​ច្រើន​ឧស្សាហ៍​សុំ​អត្ថាធិប្បាយ​អំពី​ច្បាប់ ខណៈ​មេធាវី​ខ្លះ​ទៀត​មិន​ចង់​និយាយ​ជាមួយ​សារព័ត៌មាន។

ឆ្លើយ​តប​​ទៅ​នឹង​លោក ប៊ុន ហុន លោក សុក សំអឿន បញ្ជាក់​នៅ​ថ្ងៃ​ទី​១៦ កុម្ភៈ មាន​រឿង​ពី​ដែល​អាច​ធ្វើ​ឲ្យ​លោក​បកស្រាយ​ខុស គឺ​អាច​មកពី​ទំព័រ​វ៉ឹបសាយ​របស់​គណៈ​មេធាវី​មិន​ទាន់​ធ្វើ​បច្ចុប្បន្ន​ភាព​មាត្រា​ថ្មី​នៅ​ពេល​ដែល​លោក​ឆែក​មើល មុន​នឹង​ឆ្លើយ​ទៅ​សំណួរ​អ្នក​សារព័ត៌មាន ដែល​សួរ​លោក​អំពី​ក្រមសីលធម៌​មេធាវី ទាក់​ទង​នឹង​សេចក្ដី​ប្រកាស​របស់​គណៈ​មេធាវី​នេះ ឬ​លោក​អាច​ច្រឡំ​ដោយ​អចេតនា។

កាល​ពី​ថ្ងៃ​ទី​២៣ មករា ឆ្នាំ​២០១៣ ប្រធាន​គណៈ​មេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រកាស​ជូន​ដំណឹង​ដល់​មេធាវី​ជា​សមាជិក​ទាំង​អស់​ត្រូវ​ឆ្លង​គណៈ​មេធាវី​សិន​មុននឹង​ផ្ដល់​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ ឬ​ទូរទស្សន៍ ដើម្បី​ការពារ​ក្រែង​មាន​ការ​បកស្រាយ​ច្បាប់​ខុស​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​ភណ្ឌ​ច្រឡំ។

សេចក្ដី​ប្រកាស​នេះ បាន​ធ្វើ​ឲ្យ​មេធាវី​មាន​ប្រតិកម្ម​ផ្ទុយ​គ្នា។

លោក​មេធាវី សុក សំអឿន មាន​ប្រសាសន៍​ថា នៅ​ពេល​មាន​ការ​បក​ស្រាយ​បី​ប្រធាន​គណៈ​មេធាវី លោក​យល់​ថា សេចក្ដី​ប្រកាស​នេះ​មិន​ប៉ះពាល់​ដល់​សេរីភាព​មេធាវី​ទេ តែ​លោក​សុំ​ឲ្យ​ប្រធាន​គណៈ​មេធាវី​បើក​សេរីភាព​ដល់​មេធាវី​បញ្ចេញ​មតិ​ផ្ទាល់​ខ្លួន​ដោយ​ត្រង់ៗ​ចំពោះ​សេចក្ដី​ប្រកាស​នេះ​ដែរ។ចំណែក​លោក​មេធាវី ជូង ជូងី យល់​ឃើញ​ថា សេចក្ដី​ប្រកាស​នេះ អាច​ប៉ះពាល់​សិទ្ធិ​មេធាវី​ខ្លះៗ។

សេចក្ដី​ប្រកាស​របស់​ប្រធាន​គណៈ​មេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​បាន​ធ្វើ​ឲ្យ​​មេធាវី​បរទេស និង​ខ្មែរ​ខ្លះ ​ដែល​កំពុង​បម្រើការ​ក្នុង​សាលាក្ដី​ខ្មែរ​ក្រហម​ភ្ញាក់​ផ្អើល​ដែរ។ មេធាវី​ខ្លះ​បាន​ចោទ​​ថា តើ​សេចក្ដី​ប្រកាស​​របស់​ប្រធាន​គណៈ​មេធាវី​នេះ អាច​ប៉ះពាល់​ដល់​ការងារ​ប្រចាំ​ថ្ងៃ​របស់​មេធាវី​នៃ​សាលាក្ដី​ខ្មែរ​ក្រហម​ដែរ ឬ​យ៉ាងណា?

អ្នកស្រី ស៊ិន សុវ៉ន មេធាវី​មួយ​រូប​នៃ​សាលាក្ដី​ខ្មែរ​ក្រហម មាន​ប្រសាសន៍​ថា សេចក្ដី​ប្រកាស​នេះ​ធ្វើ​ឲ្យ​ខាត​ពេលវេលា​ការងារ​ដែល​អ្នកស្រី​ត្រូវ​ចំណាយ​ពេល​ចុះ​ឡើង​សុំ​ច្បាប់​​ទៅ​ការិយាល័យ​គណៈ​មេធាវី​សិន មុន​នឹង​មាន​សិទ្ធិ​និយាយ​ជាមួយ​អ្នក​កាសែត​បាន។ អ្នកស្រី​បញ្ជាក់​ថា នៅ​សប្ដាហ៍​ក្រោយ​នេះ​អ្នកស្រី​ត្រូវ​បាន​អញ្ជើញ​ទៅ​បក​ស្រាយ​ដំណើរការ​ក្ដី​របស់​សាលាក្ដី​ខ្មែរ​ក្រហម​នៅ​ស្ថានីយ​វិទ្យុ​មួយ តែ​អ្នកស្រី​បញ្ជាក់​ថា អ្នកស្រី​នឹង​មិន​ឆ្លង​គណៈ​មេធាវី​ជា​មុន​ដូច​ការ​ប្រកាស​នោះ​ទេ។

យ៉ាង​ណា​មិញ លោក គី តិច មេធាវី​រដ្ឋាភិបាល និង​ជា​អតីត​​ប្រធាន​គណៈ​មេធាវី​បាន​អំពាវ​នាវ​ឲ្យ​មេធាវី​ទាំង​អស់​គោរព​តាម​សេចក្ដី​ប្រកាស​របស់​គណៈ​មេធាវី​ថ្មី​នេះ ដើម្បី​ពង្រឹង​វិជ្ជាជីវៈ​មេធាវី​ផង និង​ធ្វើ​ឲ្យ​មេធាវី​ម្នាក់ៗ​បក​ស្រាយ​​ច្បាប់​ទៅ​អ្នក​ស្ដាប់​បាន​ត្រឹមត្រូវ​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។