អង្គការការពារសិទ្ធិមនុស្ស បានផ្សព្វផ្សាយរបាយការណ៍មួយ ស្ដីអំពីការប្រឹងប្រែងធ្វើការរបស់សកម្មជនការពារសិទ្ធិមនុស្ស និងអំពីការលំបាកមួយចំនួន ដែលសកម្មជនការពារសិទ្ធិមនុស្សជួបប្រទះក្នុងការបំពេញការងាររបស់ខ្លួន។
របាយការណ៍នោះបានលើកឡើងករណីជាច្រើន ក្នុងនោះមានករណីលោក ហង្ស ចក្រា ចាងហ្វាងកាសែតខ្មែរម្ចាស់ស្រុក ដែលត្រូវបានតុលាការក្រុងភ្នំពេញ ចោទប្រកាន់ពីបទបង្កអស្ថិរភាពនយោបាយ និងផ្សព្វផ្សាយព័ត៌មានមិនពិត ហើយបានជាប់ពន្ធនាគារអស់រយៈពេល ៩ខែ និង ១៧ ថ្ងៃ កាលពីឆ្នាំ២០០៩។ ករណីនេះ ជាករណីមួយក្នុងចំណោម ៦៦ករណីដទៃទៀត ដែលអង្គការ ការពារសិទ្ធិមនុស្សលីកាដូ បានរកឃើញថា អ្នកការពារសិទ្ធិមនុស្សនៅកម្ពុជា កំពុងជួបប្រទះការធ្វើបាបពីសំណាក់អាជ្ញាធរ និងប្រព័ន្ធយុត្តិធម៌មិនឯករាជ្យនៅកម្ពុជា។
របាយការណ៍របស់អង្គការលីកាដូ ដែលបានចេញផ្សាយជាសាធារណៈនៅថ្ងៃពុធ ទី១ ខែកញ្ញា ហើយដែលមានចំណងជើងថា ការវាយប្រហារ និងការគំរាមកំហែងចំពោះអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជា ដោយបានចាប់ផ្ដើមកត់ត្រាតាំងពីខែមករា ឆ្នាំ២០០៨ ដល់ខែធ្នូ ឆ្នាំ២០០៩ បានរកឃើញថា យ៉ាងហោចណាស់ក៏មានអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជា ចំនួន ៦៦នាក់ ត្រូវបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរពីសំណាក់អាជ្ញាធរ និងតុលាការនៅកម្ពុជា។
របាយការណ៍បង្ហាញថា ក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ អ្នកការពារសិទ្ធិមនុស្សនៅកម្ពុជា បានប្រឈមមុខនឹងបរិយាកាសគ្រោះថ្នាក់កាន់តែច្រើនឡើង ដូចជាការទទួលរងអំពើហិង្សាផ្នែករាងកាយ ការចាប់ខ្លួនដោយខុសច្បាប់ ការប្រឌិតការចោទប្រកាន់បទល្មើសព្រហ្មទណ្ឌ ការរារាំងមិនឲ្យមានការប្រមូលផ្ដុំ និងការដើរហើរ និងការបណ្ដេញចេញដោយបង្ខំជាដើម។
របាយការណ៍ក៏បានរកឃើញផងដែរថា ចាប់តាំងពីឆ្នាំ២០០៧ ដំណើរចុះអន់ថយយ៉ាងខ្លាំងនៃសេរីភាពសារព័ត៌មាន ការប្រមាថដល់ប្រព័ន្ធយុត្តិធម៌ដើម្បីបំបាត់សំឡេងរិះគន់រដ្ឋាភិបាល និងការរឹតបន្តឹងសិទ្ធិតវ៉ាដោយសន្តិវិធី។
លោក ហង្ស ចក្រា នៅថ្ងៃពុធ ទី១ ខែកញ្ញានេះ មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីថា បន្ទាប់ពីមានការចាប់ខ្លួនរបស់គាត់ អ្នកសារព័ត៌មានកម្ពុជា មានការព្រួយបារម្ភចំពោះការសរសេរព័ត៌មាន ដោយខ្លាចការប្ដឹងពីបទបរិហារកេរ្តិ៍។ លោកថា ការកាត់ទោសឲ្យលោកជាប់ពន្ធនាគារ គឺជាការកាត់ទោសផ្នែកនយោបាយ ដោយតុលាការមិនប្រើប្រាស់ច្បាប់របបសារព័ត៌មានមកកាត់ទោសគាត់។
របាយការណ៍បន្តទៀតថា អ្នកតំណាង និងមេដឹកនាំសហគមន៍ដែលពាក់ព័ន្ធនឹងជម្លោះដីធ្លី ត្រូវបានរងការគំរាមកំហែងដោយប្រើអំពើហិង្សា ការចាត់វិធានការតាមផ្លូវចាប់ដោយចាប់ដាក់គុក។ មេដឹកនាំសហជីពកម្មករ ត្រូវរងការរំលោភបំពាន ការចាប់ឃុំខ្លួន ហើយអ្នកសារព័ត៌មាន និងបុគ្គលិកសិទ្ធិមនុស្សរបស់អង្គការមិនមែនរដ្ឋាភិបាលបានទទួលរងការគំរាមកំហែង ការចាប់ខ្លួន និងការរារាំងទប់ស្កាត់មិនឲ្យធ្វើការងាររបស់ខ្លួន។
ជាមួយនោះដែរ ក្រុមហ៊ុនដែលមានទំនាក់ទំនងល្អជាមួយរដ្ឋាភិបាលកម្ពុជា បានអំណាច និងមធ្យោបាយគាបសង្កត់ដើម្បីធ្វើឲ្យអ្នកការពារសិទ្ធិមនុស្សមានការភ័យខ្លាច និងធ្វើឲ្យលទ្ធភាពរបស់មន្ត្រីការពារសិទ្ធិមនុស្សចុះខ្សោយក្នុងការតស៊ូមតិ។
ប្រធានអង្គការលីកាដូ លោកស្រី ពុង ឈីវកេក មានប្រសាសន៍នៅថ្ងៃពុធនេះថា លោកស្រីមានការព្រួយបារម្ភចំពោះការកើនឡើងនៃការធ្វើទុក្ខបុកម្នេញទៅលើអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជា ដោយការប្រើប្រាស់មធ្យោបាយតុលាការដើម្បីបង្ក្រាបពួកអ្នកការពារសិទ្ធិមនុស្ស។
លោកស្រីថា ការងាររបស់អ្នកការពារសិទ្ធិមនុស្សដែលគ្រោះថ្នាក់ជាងគេ គឺការចូលរួមការពារការរំលោភយកដីធ្លីដោយខុសច្បាប់របស់ក្រុមហ៊ុនទៅលើប្រជាពលរដ្ឋ ទោះបីកម្ពុជា បានចុះហត្ថលេខាលើសន្ធិសញ្ញាអន្តរជាតិដើម្បីធានាការពារអ្នកការពារសិទ្ធិមនុស្សក៏ដោយ តែស្ថានភាពរបស់អ្នកការពារសិទ្ធិមនុស្ស និងសង្គមស៊ីវិល កាន់តែមានលក្ខណៈកាន់តែអាក្រក់ៗទៅ។
របាយការណ៍បន្ថែមទៀតថា តុលាការកំពុងប្រើមធ្យោបាយ ដោះលែងឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន ដើម្បីព្រមានកុំ អ្នកការពារសិទ្ធិមនុស្ស ហ៊ានបន្តការងារ របស់ពួកគេក្នុងការជួយការពារសិទ្ធិប្រជាពលរដ្ឋ។ អ្នកការពារសិទ្ធិមនុស្សដែលត្រូវបានដោះលែងឲ្យនៅក្រៅឃុំ ត្រូវបានបង្គាប់បញ្ជាឲ្យបញ្ឈប់សកម្មភាពរបស់ពួកគេចូលរួមជួយប្រជាពលរដ្ឋ ក្នុងជម្លោះដីធ្លី ការតវ៉ា ឬក៍បំបាក់ស្មារតីសកម្មភាពដោយប្រយោល ពីការបន្តកិច្ចការសិទ្ធិមនុស្សរបស់ពួកគេ ដោយគំរាមពន្យារពេលការចោទប្រកាន់របស់ពួកគេ។
លោកស្រី ពុង ឈីវកេក មានប្រសាសន៍ថា កម្ពុជាត្រូវការប្រព័ន្ធយុត្តិធម៌ឯករាជ្យ ដើម្បីបញ្ចៀសការប្រើប្រាស់តុលាការដើម្បីគាបសង្កត់អ្នកការពារសិទ្ធិមនុស្ស។
ទាក់ទងនឹងសេរីភាពសារព័ត៌មាន កាលពីឆ្នាំ២០០៩ មានបណ្ដឹងយ៉ាងហោចណាស់ចំនួន ២៥ ត្រូវបានប្ដឹងជំទាស់នឹងអ្នកកាសែតក្រោមបទបរិហារកេរ្តិ៍ និងផ្សាយព័ត៌មានមិនពិត។ មានអ្នកកាសែតចំនួន ៤នាក់ រួមទាំងលោក ហង្ស ចក្រា ផងត្រូវបានតុលាការកាត់ឲ្យជាប់ទោស។
អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន នៅថ្ងៃពុធ បានច្រានចោលព័តមានក្នុងរបាយការណ៍របស់អង្គការលីកាដូ ដែលថា ស្ថានភាពរបស់អ្នកការពារសិទ្ធិមនុស្សនៅកម្ពុជា កំពុងជួបវិបត្តិ ដោយមានការធ្វើបាបពីសំណាក់អាជ្ញាធរកម្ពុជា និងប្រព័ន្ធតុលាការ។ លោកថា ការកាត់ទោសអ្នកកាសែតកន្លងមក មិនទាក់ទងទៅនឹងសិទ្ធិបញ្ចេញមតិនោះទេ។ លោក ផៃ ស៊ីផាន បន្ថែមថា ការអនុវត្តច្បាប់ត្រូវអនុវត្តលើបុគ្គលគ្រប់រូបដែលបានប្រព្រឹត្តល្មើសច្បាប់ដោយគ្មានការលើកលែង។
របាយការណ៍របស់អង្គការលីកាដូ បានចេញផ្សាយពីរថ្ងៃ បន្ទាប់ពីតុលាការខេត្តតាកែវ បានកាត់ទោសលោក លាង សុខជឿន បុគ្គលិករដ្ឋបាលអង្គការលីកាដូ ឲ្យជាប់គុកចំនួន ២ឆ្នាំ និងពិន័យជាប្រាក់ចំនួនពីរលានរៀល ចំពោះការចោទប្រកាន់ថា លោកបានបាចខិត្តប័ណ្ណប្រឆាំងរដ្ឋាភិបាល៕