របាយការណ៍​លីកាដូ​ស្ដីពី​ប្រព័ន្ធ​សារព័ត៌មាន​នៅ​កម្ពុជា

អង្គការ លីកាដូ ឬ សម្ព័ន្ធ​ខ្មែរ​ជំរឿន​និង​ការពារ​សិទ្ធិមនុស្ស បាន​ចេញ​ផ្សាយ​របាយការណ៍​ខែ​ឧសភា​២០០៨ ក្រោម​ចំណងជើង​ថា ការស្វែងយល់​ចំពោះ​អត្ថន័យ​ដែល​មើល​មិន​ឃើញ​ថា តើ​នយោបាយ ប្រាក់​កាស និង​ការភ័យខ្លាច​គ្រប់គ្រង​ប្រព័ន្ធ​សារព័ត៌មាន​កម្ពុជា​ដោយ​របៀប​ណា?

របាយការណ៍​នេះ មាន​គោលបំណង​ពីរ គឺ​ទី​១ ដើម្បី​ពិនិត្យ​មើល​បរិយាកាស​ប្រព័ន្ធ​ផ្សាយ​ព័ត៌មាន​កម្ពុជា​បច្ចុប្បន្ន អំពី​បញ្ហា​សេរីភាព​ក្នុង​ការបញ្ចេញ​មតិ និង​ការទទួល​ព័ត៌មាន និង​ទី២ របាយការណ៍​នេះ ពិនិត្យ​មើល​ការវាយប្រហារ​មក​លើ​អ្នកសារព័ត៌មាន ។

លីកាដូ ថ្លែងថា ចំណុច​សំខាន់​របស់​របាយការណ៍​ខ្លួន គឺ រក​គុណវិបត្ត​របស់​សារព័ត៌មាន​ខ្មែរ ព្រមទាំង​ភាពខ្លាំង​ខ្លះៗ​ផងដែរ និង​វិធីសាស្ត្រ​នៃ​ការត្រួតត្រា​នានា​ដែល​អ្នកអាន អ្នកស្តាប់ និង​អ្នក​តាមដាន​មើល មិន​អាច​មើល​ឃើញ​នូវ​បញ្ហា​ទាំងអស់​នេះ ។

លីកាដូ កត់សម្គាល់​ថា ថ្វីបើ​មាន​ការលើកឡើង​ជា​ញឹកញាប់​ថា កម្ពុជា​មាន​សេរីភាព​ទូលំ​ទូលាយ​ខាង​ការផ្សាយ​ព័ត៌មាន តែ​ការត្រួត​ពិនិត្យ ក៏​នៅ​តែ​មាន ។

ក្នុង​ការផ្សាយ​របស់​ទូរទស្សន៍​រដ្ឋ ទ.ទ.ក. ព័ត៌មាន​ណា​ដែល​ពាក់ព័ន្ធ​នយោបាយ និង​រឿង​វិវាទ​ផ្សេងៗ បាន​ត្រូវ​ឆ្លងកាត់​ការត្រួត​ពិនិត្យ​ពីសំណាក់​មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​ព័ត៌មាន ហើយ​«ព័ត៌មាន​បន្ទាន់» ក៏​ត្រូវ​ហាម​មិន​ឲ្យ​ផ្សាយ ឬ​ឲ្យ​ផ្សាយ​ដែរ តែ​ត្រូវ​កែសម្រួល​ឲ្យ​ស្រប​នឹង​មាគ៌ា​រដ្ឋាភិបាល​ជាមុន​សិន ។

ក្នុង​ការសិក្សា​ស្រាវជ្រាវ​នៅឆ្នាំ​២០០៧ ទៅលើ​អ្នកសារព័ត៌មាន ១៥០​នាក់ ដែល​ធើ្វ​ឡើង​ដើម្បី​របាយការណ៍​នេះ លីកាដូ បាន​អះអាង​ថា ៦៥​% និយាយ​ថា គេ​មាន​ការភ័យខ្លាច​ពី​ការវាយប្រហារ​លើ​រូប​រាងកាយ ហើយ ៦២​% ខ្លាច​ការប្រើ​ប្រាស់​វិធានការ​ច្បាប់​មកលើ​ពួកគេ ។

ចាប់ពី​មាន​រដ្ឋធម្មនុញ្ញថ្មី ឆ្នាំ ១៩៩៣ មក គេ​ជឿ​ថា យ៉ាងតិច​ណាស់ អ្នកសារព័ត៌មាន ៩​នាក់ បាន​ត្រូវ​គេ​សម្លាប់ ដោយសារ​តែ​ការងារ​ជា​អ្នកកាសែត​របស់​ពួកគេ ។

នៅក្នុង​អនុសាសន៍​សម្រាប់​រដ្ឋាភិបាល សភា និង​សហគមន៍​ជាតិ​និង​អន្តរជាតិ របាយការណ៍​ជា​ភាសា​អង់គ្លេស​កម្រាស់​ជាង​៧០​ទំព័រ ដែល​តាក់តែង​ឡើង​ដោយ លីកាដូ ក្រោម​កិច្ចឧបត្ថម្ភ​របស់​ស្ថានទូត​អង់គ្លេស បាន​ទាមទារ​ឲ្យ​កែប្រែ​ច្បាប់ លុប​ចោល​នូវ​បទព្រហ្មទណ្ឌ បរិហារ​កេរ្តិ៍​/​បទ​បង្ខូច​កេរ្តិ៍ឈ្មោះ និង​ផ្សាយ​ព័ត៌មាន​មិនពិត ចេញ​ពី​ច្បាប់​ព្រហ្មទណ្ឌ​របស់​កម្ពុជា ដើម្បី​ទុក​អាទិភាព​ដល់​ការប្រើប្រាស់​បទប្បញ្ញត្តិ​នៅក្នុង​ច្បាប់​សារព័ត៌មាន​ដែល​ជា​ច្បាប់​រដ្ឋប្បវេណី​ក្នុង​ការដោះស្រាយ​ទំនាស់​ពីបទ​បរិហារកេរ្តិ៍ ឬ​ផ្សាយ​ព័ត៌មាន​មិនពិត​នេះ​វិញ ។

ក្នុងចំណោម​អនុសាសន៍​នោះ​ទៀត ក៏​មាន​ការស្នើ​ឲ្យ​ក្រសួង​ព័ត៌មាន​ឈប់​គ្រប់គ្រង​ស្ថានីយ​ទូរទស្សន៍​និង​វិទ្យុជាតិ​ទ.ទ.ក. ស្ថានីយ AM 918 និង FM96 ដើម្បី​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងនេះ ក្លាយ​ជា​សេវា​សាធារណៈ ៕