មន្ត្រីជាន់ខ្ពស់នៃអាជ្ញាធរបឹងទន្លេសាប ប្រទេសកម្ពុជា បានឲ្យដឹងនៅថ្ងៃទី៨ ខែមិថុនា ថា អាជ្ញាធរបឹងទន្លេសាប បានដុតបំផ្លាញ និងរុះរើសម្រាស់ខុសច្បាប់បានជាច្រើនកន្លែងនៅបឹងទន្លេសាប រយៈពេល ៤ថ្ងៃកន្លងមកនេះ និងបានចាប់ខ្លួនម្ចាស់សម្រាស់ម្នាក់នៅខេត្តពោធិ៍សាត់ និងកំពុងតែតាមចាប់ខ្លួនបក្សពួកចំនួន ២នាក់ទៀត ដែលបានប្រឆាំងបទបញ្ជាលេខ ០១ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កន្លងមក។
លទ្ធផលជាបឋមរយៈពេល ៤ថ្ងៃកន្លងមកនេះ គឺអាជ្ញាធរបឹងទន្លេសាប បានរុះរើសម្រាស់ចំនួន ៥៣កន្លែង ដុតបំផ្លាញព្រួលចំនួន ៣គំនរធំៗ ដុតសម្រាស់ចំនួន ៨គំនរធំៗ រុះរើព្រួលចំនួន ១០កន្លែង ដុតបំផ្លាញព្រួលធ្នស់ចំនួនជិត ២.០០០ដើម ដកបង្គោលធ្នស់ជាង ៥០០ដើម និងដុតបំផ្លាញស្បៃមុង ១៦កន្លែង។
គេបានរកឃើញសម្រាស់ខុសច្បាប់នៅមាត់បឹងទន្លេសាប ចំនួនជាង ១០០កន្លែងទៀត នៅគ្រាដែលប្រតិបត្តិការកំពុងតែបន្តយ៉ាងសកម្ម ដោយប្រើប្រាស់កម្លាំងមនុស្សអន្តរាគមន៍ជាង ៣០០នាក់ និងសាឡង់ជាច្រើនគ្រឿង។
អគ្គលេខាធិការអាជ្ញាធរបឹងទន្លេសាប លោក ច័ន្ទ យុត្ថា បានមានប្រសាសន៍នៅថ្ងៃទី៨ ខែមិថុនា ថា មានឧបសគ្គមួយចំនួន គឺមានខ្យល់បក់ខ្លាំង និងទឹករលកធំៗ ព្រមទាំងមានភ្លៀងធ្លាក់នៅបឹងទន្លេសាបស្ទើរតែលិចទូករបស់មន្ត្រីចុះបង្ក្រាបបទល្មើសទាំងនោះ។
លោកបន្តថា ៖ «គឺយើងពិនិត្យឃើញថា នៅលើដងស្ទឹងស្ទោង នៅខេត្តកំពង់ធំនេះ មានធ្នស់ មានសម្រាស់ មានលប ណរ៉ាវ ដែលជាឧបករណ៍គ្រោះថ្នាក់បំផុតនេះ គឺមិនតិចជាង ១០០កន្លែងទេ គឺគ្រាន់តែនៅលើដងស្ទឹងស្ទោងនេះមួយ។ យើងមានការភ្ញាក់ផ្អើលណាស់ ពេលដែលឃើញទិដ្ឋភាពបែបនេះ។ ភ្លាមៗនេះ គឺឯកឧត្ដមរដ្ឋមន្ត្រីបានបញ្ជាទៅមុខព្រួញខេត្តកំពង់ធំ ដើម្បីឲ្យបើកយុទ្ធនាការទ្រង់ទ្រាយធំជាបន្ទាន់ បំផ្លាញចោលទាំងស្រុងនូវអ្វីដែលមាននេះ»។
ខេត្តសំខាន់ៗចំនួន ៤ នៅជាប់បឹងទន្លេសាប ជាគោលដៅនៃការរុះរើសម្រាស់នោះ គឺខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តកំពង់ធំ និងខេត្តសៀមរាប។ វិធានការនេះគឺសង្គ្រោះបឹងទន្លេសាប និងរក្សាមច្ឆាជាតិ។
ប្រភពបានអះអាងថា ប្រធានអាជ្ញាធរបឹងទន្លេសាប លោក លឹម គានហោ ជារដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានហោះហើរតាមឧទ្ធម្ភាគចក្រលើបឹងទន្លេសាប នៅថ្ងៃទី៧ និងថ្ងៃទី៨ ខែមិថុនា បានរកឃើញថា នៅមានសម្រាស់លួចលាក់ជាង ១០០កន្លែងទៀត។ ភាគច្រើន គឺនៅមាត់បឹងទន្លេសាប នៅខេត្តកំពង់ធំ។
តំណាងប្រជានេសាទនៅបឹងទន្លេសាប លោក កែ សុធី បានមានប្រសាសន៍ថា ការចុះបង្ក្រាបគប្បីផ្ដោតលើឡូត៍នេសាទធំៗ និងចំគោលដៅសំខាន់ៗ ៖ «តាមបណ្ដាញគ្នាខ្ញុំឲ្យព័ត៌មានមកថា នៅខេត្តពោធិ៍សាត់ នៅមានបទល្មើសច្រើនណាស់។ កន្លែងដែលធំ គឺសមត្ថកិច្ចចុះមិនបានគ្រប់ជ្រុងជ្រោយ។ បើតាមព័ត៌មានដែលខ្ញុំជម្រាបជូន គឺនៅតាមឡូត៍នេសាទមិនទាន់គ្រប់ជ្រុងជ្រោយទេ នៅតែមានបទល្មើស»។
យុទ្ធនាការចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ និងរុះរើសម្រាស់នៅបឹងទន្លេសាប គឺផ្អែកតាមបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លេខ ០១ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១១ នៅគ្រាដែលរដ្ឋបាលជលផលកម្ពុជា បានប្រកាសរដូវបិទនេសាទ នៅថ្ងៃទី១ ខែមិថុនា ដល់ខែកញ្ញា ឬ ខែតុលា ឆ្នាំ២០១១។
អគ្គលេខាធិការអាជ្ញាធរបឹងទន្លេសាប លោក ច័ន្ទ យុត្ថា បានមានប្រសាសន៍ថា បទបញ្ជាលេខ ០១ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ មានសុពលភាពជារៀងរហូត ហើយប្រតិបត្តិការនៅតែបន្តរហូតអស់បទល្មើសនេសាទ។
លោក ច័ន្ទ យុត្ថា បានមានប្រសាសន៍ថា អ្វីដែលលោកនៅមានការព្រួយបារម្ភខ្លាំងនៅឡើយ គឺការឆក់ត្រីខុសច្បាប់ ប៉ុន្តែអាជ្ញាធរបឹងទន្លេសាប កំពុងមានវិធានការបន្ទាន់ ហាមឃាត់ការនាំចូល ការផលិត ការចែកចាយ និងអ្នកប្រើប្រាស់ឧបករណ៍ឆក់ត្រីខុសច្បាប់ នៅខេត្តពោធិ៍សាត់ និងខេត្តមួយចំនួនទៀត៕