អតីតមេគុកទួលស្លែងដ៏ល្បីឈ្មោះនេះ ត្រូវចៅក្រមសាលាដំបូង គឺលោក និល ណុន បញ្ជាឲ្យកងសន្តិសុខឲ្យនាំខ្លួនចូលអង្គសវនាការនាវេលាម៉ោង១០ព្រឹក ៖ «អនុរក្សមន្ទីរឃុំឃាំង នាំជនជាប់ចោទឈ្មោះ កាំង ហ្កិចអ៊ាវ ហៅ ឌុច មកកាន់ជារាងវង់ក្រចកសេះ ជាកន្លែងបម្រុងទុកសម្រាប់ជនជាប់ចោទនៅទីនេះ»។
ដោយសារតួនាទីជាអ្នកទទួលខុសត្រូវលើការសម្លាប់មនុស្សប្រមាណ១ម៉ឺន៦ពាន់នាក់នៅគុកទួលស្លែងកាលពី៣០ឆ្នាំមុន ឌុច បានរងការចោទលើបទល្មើសចំនួន៤ គឺឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម អំពើទារុណកម្មនិងមនុស្សឃាត។
ក៏ប៉ុន្តែ នៅក្នុងការសួរចោទឆ្លើយជាសាធារណៈនៅក្នុងសវនាការថ្ងៃដំបូងនេះ ចៅក្រម និល ណុន មិនទាន់សួរ ឌុច អំពីមូលហេតុដែលនាំឲ្យមានឧក្រិដ្ឋកម្មនិងការសម្លាប់រង្គាលមនុស្សនៅឡើយទេ គឺសួរដេញដោលពីជីវប្រវត្តិសង្ខេបរបស់ ឌុច ប៉ុណ្ណោះ។
និល ណុន ៖ លោកមានមុខរបរអ្វីទៅ មុនពេលត្រូវបានចាប់ឃុំខ្លួន?
ឌុច ៖ ថ្មីៗ មុនពេលដែលខ្ញុំត្រូវតុលាការយោធាកោះហៅមកឃុំខ្លួន ខ្ញុំជាគ្រូបង្រៀន ធ្វើការនៅស្រុកសំឡូត ខេត្តបាត់ដំបង។
មន្ត្រីនាំពាក្យសាលាក្តីខ្មែរក្រហម គឺលោក រាជ សម្បត្តិ ថ្លែងទាក់ទិនខ្លឹមសារនៃសវនាការថ្ងៃដំបូងនេះយ៉ាងដូច្នេះថា ៖ «អ្វីដែលសំខាន់នៅក្នុងថ្ងៃនេះ គឺថាជាការបញ្ជូនសារមួយទៅដល់អ្នកដែលប្រព្រឹត្តខុស ឬក៏ប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរ ជាពិសេសឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្រ្គាម ហើយនិងប្រឆាំងអនុសញ្ញាអន្តរជាតិអីៗថា និទណ្ឌភាពគេត្រូវតែលាតត្រដាងឲ្យឃើញ ទោះបីកិច្ចការហ្នឹងបានកើតឡើង ៣០ឆ្នាំជាងហើយក៏ដោយ ក៏គង់មានថ្ងៃណាមួយមានសវនាការពិតប្រាកដអ៊ីចឹងដើម្បីធ្វើការជំនុំជម្រះ ស្វែងរកយុត្តិធម៌ទៅដល់អ្នកដែលប្រព្រឹត្តកំហុស»។
សវនាការនេះមានជនរងគ្រោះក្រោមស្នាដៃ ឌុច និងសាធារណជនចូលរួមជាង ៥០០នាក់ ហើយក៏មានអ្នកកាសែតជាតិនិងអន្តរជាតិជាង ២០០នាក់ចូលរួមផងដែរ។ ជាមួយគ្នានេះ ស្ថានីយវិទ្យុនិងទូរស្សន៍ក្នុងស្រុកខ្លះ ក៏ផ្សាយបន្តផ្ទាល់អំពីសវនាការនេះដែរ។
រហូតមកទល់ពេលនេះ ឌុច បានក្លាយជាជនជាប់ចោទដំបូងបំផុតក្នុងចំណោមអតីតមេដឹកនាំខ្មែរក្រហម ៥នាក់ ដែលកំពុងជាប់ឃុំនៅសាលាក្តី ហើយសវនាការលើករណីរបស់ ឌុច គ្រោងនឹងបន្តធ្វើនៅថ្ងៃស្អែកទៀត៕