តំណាងអ្នកភូមិ អ្នកស្រី ខាន ចាន់នី បញ្ជាក់ ៖ «ខ្ញុំដាក់ពាក្យប្ដឹងឈ្មោះ ប្រិម នៅមេប៉ុស្ដិ៍៨ហ្នឹង»។
តំណាងអ្នកភូមិម្នាក់ទៀត លោក ប៉្លង ស៊ិន បញ្ជាក់បន្ថែម ៖ «ប៉ុស្ដិ៍ដែលមានរឿង ប៉ុស្ដិ៍៨ ប៉ុស្ដិ៍កណ្ដាល...»។
តំណាងសហគមន៍ឲ្យដឹងថា អ្នកភូមិមានគ្នាជាង៨០នាក់ កាលពីថ្ងៃទី១២និង១៣ ខែមករា ឆ្នាំ២០១០ បំបែកគ្នាជាពីរក្រុមចូលព្រៃដើម្បីសិក្សាពីព្រំប្រទល់ដីសហគមន៍និងព្រៃអភិរក្សសត្វព្រៃ ហើយបានប្រទះឃើញជនជាតិវៀតណាមជាក្រុមតូចមានគ្នាពី២ទៅ៦នាក់ ប្រដាប់ដោយម៉ាស៊ីនកាត់ឈើនិងត្រាក់ទ័រដឹកឈើ ក្នុងនោះក្រុមសហគមន៍បានចាប់ឃាត់ជនជាតិវៀតណាមមួយក្រុមមានគ្នា៥នាក់ មានម៉ាស៊ីនកាត់ឈើពីរគ្រឿងនិងត្រាក់ទ័រមួយគ្រឿងប្រគល់ឲ្យមន្ត្រីយោធាប៉ុស្តិ៍ព្រំដែនលេខ៨ ប៉ុន្តែមន្ត្រីប៉ុស្តិ៍បានគំរាមសហគមន៍ ហើយបញ្ជាឲ្យដោះលែងជនជាតិវៀតណាមនិងវត្ថុតាងទៅវិញអស់។
ពាក្យបណ្តឹងអ្នកភូមិធ្វើឡើងដោយមានស្នាមមេដៃតំណាងអ្នកភូមិចំនួន៥នាក់ ប្តឹងមន្ត្រីយោធាប៉ុស្តិ៍ព្រំដែនលេខ៨ មិនស្គាល់ត្រកូល ឈ្មោះ ប្រិម បានដាក់ជូនសមាគមអាដហុក ខេត្តមណ្ឌលគិរី នៅថ្ងៃសុក្រ ទី១៥ ខែមករា ឆ្នាំ២០១០។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងសុំការបំភ្លឺពីមន្ត្រីយោធាប៉ុស្តិ៍ព្រំដែនលេខ៨បានទេនៅថ្ងៃសុក្រ ១៥ មករានេះ។ ចំណែកមេបញ្ជាការយោធាខេត្តមណ្ឌលគិរី លោក មាស នាក់ បដិសេធមិនធ្វើអត្ថាធិប្បាយ ដោយបញ្ជាក់ថាជាប់ប្រជុំ។
កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ មន្ត្រីមន្ទីរបរិស្ថាននិងព្រះរាជអាជ្ញាអមតុលាការខេត្តមណ្ឌលគិរី ដែលអ្នកភូមិសុំឲ្យជួយអន្តរាគមន៍ចុះទៅកាន់ទីកើតហេតុបានបដិសេធថា មិនបានជួបប្រទះបទល្មើសអ្វីដូចអ្នកភូមិរាយការណ៍នោះទេ ក៏ប៉ុន្តែអ្នកភូមិបញ្ជាក់ថា ព្រះរាជអាជ្ញាបានជួបក្រុមជនជាតិវៀតណាមមួយក្រុមផ្សេងទៀតមានគ្នា៤នាក់និងត្រាក់ទ័រមួយគ្រឿង នៅចំណុចប៉ុស្តិ៍កណ្តាល ហើយនៅថ្ងៃព្រហស្បតិ៍នេះ អ្នកភូមិបានរកឃើញត្រាក់ទ័រមួយគ្រឿងរបស់ក្រុមវៀតណាមកាប់ឈើខុសច្បាប់ ត្រូវគេនាំមករក្សាទុកនៅផ្ទះមន្ត្រីប៉ូលិសម្នាក់ឈ្មោះ ព្រំ ធីរិទ្ធ នៅឃុំប៊ូស្រា ដែលរួមដំណើរជាមួយព្រះរាជអាជ្ញា គ្រាដែលពួកគេចុះទៅទាន់ហេតុការណ៍នោះ។
មន្ត្រីប៉ូលិសខេត្តមណ្ឌលគិរី លោក ព្រំ ធីរិទ្ធ ទទួលស្គាល់ថា ត្រាក់ទ័រមួយគ្រឿងនេះគឺជាវត្ថុតាងដែលក្រុមកាប់ឈើជនជាតិវៀតណាមបន្សល់ចោលនៅក្បែរប៉ុស្តិ៍កណ្តាល ហើយពួកគេរត់គេចខ្លួនបាត់។
លោក ព្រំ ធីរិទ្ធិ បានឲ្យដឹងដូច្នេះ ៖ «យើងទៅតាមទាន់នៅជិតផ្លូវវៀតណាម ហើយវារត់ទៅទម្លាក់ឈើផ្ញើនៅនឹងប៉ុស្ដិ៍ខ្មែរយើងនៅជិតភូមិហ្នឹងទៅ»។
ព្រះរាជអាជ្ញាអមតុលាការខេត្តមណ្ឌលគិរី លោក អ៊ឹម សុផាន មានប្រសាសន៍បញ្ជាក់ពីករណីនេះថា ៖ «ខ្ញុំកំពុងតែធ្វើការងារហ្នឹង។ កិច្ចការមួយចំនួនខ្ញុំមិនអាចជម្រាបជូនបានទេ ព្រោះឮព័ត៌មានទៅដូចទុកឲ្យពួកអ្នកពាក់ព័ន្ធបែកខ្ញែកអស់ហើយ»។
មន្ត្រីផ្នែកអង្កេតសមាគមអាដហុកខេត្តមណ្ឌលគិរី លោក ឆាយ ធី មានប្រសាសន៍ថា លោកនឹងអន្តរាគមន៍ពាក្យបណ្តឹងអ្នកភូមិទៅស្ថាប័នអយ្យការតុលាការខេត្តនិងស្ថាប័នពាក់ព័ន្ធថ្នាក់ជាតិ ដើម្បីចាត់វិធានការក្នុងរឿងនេះ៕