យោធា​នៅ​មណ្ឌលគិរី​រង​ការ​ប្ដឹង​ពី​បទ​ដោះ​លែង​វៀតណាម​កាប់​ឈើ​ខុស​ច្បាប់

តំណាង​សហគមន៍​ជនជាតិ​ដើម​ព្នង​ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី ឲ្យ​ដឹង​ថា ពួក​គេ​សម្រេច​ចិត្ត​ដាក់​ពាក្យ​ប្តឹង​មន្ត្រី​យោធា​ការពារ​ព្រំដែន​ខេត្ត​មណ្ឌលគិរី ពី​បទ​ឃុបឃិត​ដោះ​លែង​ជនជាតិ​វៀតណាម​កាប់​ឈើ​ក្នុង​ទឹក​ដី​ខ្មែរ​ខុស​ច្បាប់ ហើយ​គំរាម​អ្នក​ភូមិ​ដែល​ជា​អ្នក​ចាប់​ជន​ល្មើស​និង​វត្ថុតាង​បាន​ទៀត​ផង។

0:00 / 0:00

តំណាង​អ្នក​ភូមិ អ្នកស្រី ខាន ចាន់នី បញ្ជាក់ ៖ «ខ្ញុំ​ដាក់​ពាក្យ​ប្ដឹង​ឈ្មោះ ប្រិម នៅ​មេ​ប៉ុស្ដិ៍​៨​ហ្នឹង»

តំណាង​អ្នក​ភូមិ​ម្នាក់​ទៀត លោក ប៉្លង ស៊ិន បញ្ជាក់​បន្ថែម ៖ «ប៉ុស្ដិ៍​ដែល​មាន​រឿង ប៉ុស្ដិ៍​៨ ប៉ុស្ដិ៍​កណ្ដាល...»

តំណាង​សហគមន៍​ឲ្យ​ដឹង​ថា អ្នក​ភូមិ​មាន​គ្នា​ជាង​៨០​នាក់ កាល​ពី​ថ្ងៃ​ទី​១២​និង​១៣ ខែ​មករា ឆ្នាំ​២០១០ បំបែក​គ្នា​ជា​ពីរ​ក្រុម​ចូល​ព្រៃ​ដើម្បី​សិក្សា​ពី​ព្រំប្រទល់​ដី​សហគមន៍​និង​ព្រៃ​អភិរក្ស​សត្វព្រៃ ហើយ​បាន​ប្រទះ​ឃើញ​ជន​ជាតិ​វៀតណាម​ជា​ក្រុម​តូច​មាន​គ្នា​ពី​២​ទៅ​៦​នាក់ ប្រដាប់​ដោយ​ម៉ាស៊ីន​កាត់​ឈើ​និង​ត្រាក់ទ័រ​ដឹក​ឈើ ក្នុង​នោះ​ក្រុម​សហគមន៍​បាន​ចាប់​ឃាត់​ជន​ជាតិ​វៀតណាម​មួយ​ក្រុម​មាន​គ្នា​៥​នាក់ មាន​ម៉ាស៊ីន​កាត់​ឈើ​ពីរ​គ្រឿង​និង​ត្រាក់ទ័រ​មួយ​គ្រឿង​ប្រគល់​ឲ្យ​មន្ត្រី​យោធា​ប៉ុស្តិ៍​ព្រំដែន​លេខ​៨ ប៉ុន្តែ​មន្ត្រី​ប៉ុស្តិ៍​បាន​គំរាម​សហគមន៍ ហើយ​បញ្ជា​ឲ្យ​ដោះលែង​ជន​ជាតិ​វៀតណាម​និង​វត្ថុតាង​ទៅ​វិញ​អស់។

ពាក្យ​បណ្តឹង​អ្នក​ភូមិ​ធ្វើ​ឡើង​ដោយ​មាន​ស្នាម​មេដៃ​តំណាង​អ្នក​ភូមិ​ចំនួន​៥​នាក់ ប្តឹង​មន្ត្រី​យោធា​ប៉ុស្តិ៍​ព្រំដែន​លេខ​៨ មិន​ស្គាល់​ត្រកូល ឈ្មោះ ប្រិម បាន​ដាក់​ជូន​សមាគម​អាដហុក ខេត្ត​មណ្ឌលគិរី នៅ​ថ្ងៃ​សុក្រ ទី​១៥ ខែ​មករា ឆ្នាំ​២០១០។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​មន្ត្រី​យោធា​ប៉ុស្តិ៍​ព្រំដែន​លេខ​៨​បាន​ទេ​នៅ​ថ្ងៃ​សុក្រ ១៥ មករា​នេះ។ ចំណែក​មេ​បញ្ជា​ការ​យោធា​ខេត្ត​មណ្ឌលគិរី លោក មាស នាក់ បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ ដោយ​បញ្ជាក់​ថា​ជាប់​ប្រជុំ។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ មន្ត្រី​មន្ទីរ​បរិស្ថាន​និង​ព្រះរាជ​អាជ្ញា​អម​តុលាការ​ខេត្ត​មណ្ឌលគិរី ដែល​អ្នក​ភូមិ​សុំ​ឲ្យ​ជួយ​អន្តរាគមន៍​ចុះ​ទៅ​កាន់​ទី​កើត​ហេតុ​បាន​បដិសេធ​ថា មិន​បាន​ជួប​ប្រទះ​បទ​ល្មើស​អ្វី​ដូច​អ្នក​ភូមិ​រាយ​ការណ៍​នោះ​ទេ ក៏​ប៉ុន្តែ​អ្នក​ភូមិ​បញ្ជាក់​ថា ព្រះរាជ​អាជ្ញា​បាន​ជួប​ក្រុម​ជនជាតិ​វៀតណាម​មួយ​ក្រុម​ផ្សេង​ទៀត​មាន​គ្នា​៤​នាក់​និង​ត្រាក់ទ័រ​មួយ​គ្រឿង នៅ​ចំណុច​ប៉ុស្តិ៍​កណ្តាល ហើយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ អ្នក​ភូមិ​បាន​រក​ឃើញ​ត្រាក់ទ័រ​មួយ​គ្រឿង​របស់​ក្រុម​វៀតណាម​កាប់​ឈើ​ខុស​ច្បាប់ ត្រូវ​គេ​នាំ​មក​រក្សា​ទុក​នៅ​ផ្ទះ​មន្ត្រី​ប៉ូលិស​ម្នាក់​ឈ្មោះ ព្រំ ធីរិទ្ធ នៅ​ឃុំ​ប៊ូស្រា ដែល​រួម​ដំណើរ​ជាមួយ​ព្រះរាជ​អាជ្ញា គ្រា​ដែល​ពួកគេ​ចុះ​ទៅ​ទាន់​ហេតុការណ៍​នោះ។

មន្ត្រី​ប៉ូលិស​ខេត្ត​មណ្ឌលគិរី លោក ព្រំ ធីរិទ្ធ ទទួល​ស្គាល់​ថា ត្រាក់ទ័រ​មួយ​គ្រឿង​នេះ​គឺ​ជា​វត្ថុតាង​ដែល​ក្រុម​កាប់​ឈើ​ជនជាតិ​វៀតណាម​បន្សល់​ចោល​នៅ​ក្បែរ​ប៉ុស្តិ៍​កណ្តាល ហើយ​ពួកគេ​រត់​គេច​ខ្លួន​បាត់។

លោក ព្រំ ធីរិទ្ធិ បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «យើង​ទៅ​តាម​ទាន់​នៅ​ជិត​ផ្លូវ​វៀតណាម ហើយ​វា​រត់​ទៅ​ទម្លាក់​ឈើ​ផ្ញើ​នៅ​នឹង​ប៉ុស្ដិ៍​ខ្មែរ​យើង​នៅ​ជិត​ភូមិ​ហ្នឹង​ទៅ»

ព្រះរាជ​អាជ្ញា​អម​តុលាការ​ខេត្ត​មណ្ឌលគិរី លោក អ៊ឹម សុផាន មាន​ប្រសាសន៍​បញ្ជាក់​ពី​ករណី​នេះ​ថា ៖ «ខ្ញុំ​កំពុង​តែ​ធ្វើ​ការងារ​ហ្នឹង។ កិច្ចការ​មួយ​ចំនួន​ខ្ញុំ​មិន​អាច​ជម្រាប​ជូន​បាន​ទេ ព្រោះ​ឮ​ព័ត៌មាន​ទៅ​ដូច​ទុក​ឲ្យ​ពួក​អ្នក​ពាក់ព័ន្ធ​បែក​ខ្ញែក​អស់​ហើយ»

មន្ត្រី​ផ្នែក​អង្កេត​សមាគម​អាដហុក​ខេត្ត​មណ្ឌលគិរី លោក ឆាយ ធី មាន​ប្រសាសន៍​ថា លោក​នឹង​អន្តរាគមន៍​ពាក្យ​បណ្តឹង​អ្នក​ភូមិ​ទៅ​ស្ថាប័ន​អយ្យការ​តុលាការ​ខេត្ត​និង​ស្ថាប័ន​ពាក់ព័ន្ធ​ថ្នាក់​ជាតិ ដើម្បី​ចាត់​វិធានការ​ក្នុង​រឿង​នេះ៕