ព័ត៌មានទទួលបានពីសហភាពការងារកម្ពុជា (CLC) បានឲ្យដឹងថា សហព័ន្ធសហជីពនេះ និងសហព័ន្ធសហជីពជាតិនៃឧស្សាហកម្មវាយនភណ្ឌ កាត់ដេរកម្ពុជា (NIFTUC) គ្រោងជួបប្រជុំពិភាក្សាគ្នា ជាមួយភាគីសមាគមរោងចក្រកាត់ដេរនៅកម្ពុជា នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១០។
ប្រធានសហភាពការងារកម្ពុជា និងជាប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (C.CAWDU) លោក អាត់ ធន់ បានបញ្ជាក់ថា លោក និងលោកស្រី ម៉ម ញឹម ប្រធានសហព័ន្ធសហជីពជាតិនៃឧស្សាហកម្មវាយនភណ្ឌកាត់ដេរកម្ពុជា បានទទួលការអញ្ជើញជាផ្លូវការសម្រាប់ជំនួប នៅថ្ងៃច័ន្ទ ទី៦ កញ្ញា។ លោកចាត់ទុកថា ជំនួបនេះជាលើកទីមួយហើយក្នុងរយៈពេល ២ខែ នៃការទាមទារដំឡើងប្រាក់ខែរបស់កម្មករ គឺចាប់តាំងពីខែដើមកក្កដាមក។
លោក អាត់ ធន់ បានបញ្ជាក់ថា ៖ «យើងផ្ដិតមេដៃ ហើយយើងបានស្នើឲ្យមិត្តភ័ក្ដិជាតិ និងអន្តរជាតិ ជួយជំរុញពិធីសារឲ្យក្រុមហ៊ុនមកចរចាជាមួយយើង។ ក្រោយមកខាងក្រុមហ៊ុនក៏បានហៅយើង ដើម្បីធ្វើការចរចានៅល្ងាចថ្ងៃច័ន្ទហ្នឹង ដើម្បីជជែកគ្នាអំពីសំណើរបស់យើងដែលស្នើដំឡើងប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗហ្នឹង...»។
អគ្គលេខាធិការនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា លោក ខេន លូ (Ken Loo) បានបញ្ជាក់កាលពីល្ងាចថ្ងៃអាទិត្យ ទី៥ កញ្ញា អំពីជំនួបរវាងសមាគមរោងចក្រ និងសហជីពកម្មករនេះ ៖ «យើងបានអញ្ជើញលោក អាត់ ធន់ មកជួបប្រជុំជាមួយយើងនៅម៉ោង ៣រសៀល»។
ក៏ប៉ុន្តែលោក ខេន លូ ថ្លែងថា លោកមិនអាចប្រាប់អំពីរបៀបវារៈនៃជំនួបនេះបានទេ លុះត្រាតែជំនួបចប់។
ការជួបពិភាក្សារវាងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា និងសហជីពកម្មករ ដែលបានគ្រោងនេះ គឺធ្វើឡើងស្របគ្នានឹងពេលវេលាកំណត់ធ្វើកូដកម្មរយៈពេលមួយសប្ដាហ៍ របស់មេដឹកនាំសហជីពកម្មករកម្ពុជា ខិតជិតមកដល់។
កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១០ ក្រុមប្រឹក្សាការងារ បានសម្រេចដំឡើងប្រាក់ខែគោលអប្បបរមារបស់កម្មករ ដែលមានស្រាប់ពី ៥០ដុល្លារ ទៅ ៦១ដុល្លារក្នុងមួយខែ ដោយចាប់អនុវត្តពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១០ រហូតដល់ឆ្នាំ២០១៤។ ប៉ុន្តែការដំឡើងនេះ សហជីពកម្មករមិនទទួលយកទេ ហើយទាមទារឲ្យថៅកែរោងចក្រកាត់ដេរ និងស្បែកជើងនៅកម្ពុជា ដំឡើងប្រាក់ខែរបស់កម្មករឲ្យបានចំនួនចន្លោះពី ៧៥ ទៅដល់ ៩៣ដុល្លារក្នុងមួយខែ។
មេដឹកនាំសហភាពការងារកម្ពុជា (CLC) បានកំណត់យកថ្ងៃទី១៣ ដល់ថ្ងៃទី១៨ ខែកញ្ញា ដើម្បីធ្វើកូដកម្មមួយសប្ដាហ៍ ប្រសិនបើថៅកែបដិសេធការទាមទាររបស់គេ៕