ប្រធានសហគមន៍អ្នកនេសាទនៅដងទន្លេមេគង្គផ្នែកខាងលើ ក្នុងភូមិសាស្ត្រឃុំអូរស្វាយ ស្រុកថាឡាបរិវត្ត ខេត្តស្ទឹងត្រែង លោក គង់ ចន្ធី បានបញ្ជាក់នៅថ្ងៃទី២៧ ខែសីហាថា ទឹកទន្លេមេគង្គបានឡើងខ្ពស់ជិតពេញទន្លេហើយ។ ជាមួយគ្នានេះ ទឹកក៏បានហូរចូលទៅកាន់អូរ ព្រែក និងព្រៃលិចទឹកនានាផងដែរ ក្នុងរយៈពេល៥ថ្ងៃមកហើយ ប៉ុន្តែទោះយ៉ាងនេះក្តី ស្ថានភាពទឹកមិនបានជួយឲ្យត្រីពងកូនបានទេ ព្រោះវាហួសរដូវទៅហើយ សម្រាប់ត្រីសំខាន់ៗ ដែលមានចំនួនប្រហែល ៧០ភាគរយ ដែលត្រូវពងកូនចាប់ពីចុងខែមិថុនា ដល់ត្រឹមតែចុងខែកក្កដាប៉ុណ្ណោះ ៖ «ត្រូវផុតកំណត់នៃការពងកូនរបស់វា មានត្រីប្រា ត្រីកែ ប្រួល ក្អែក អាអស់ហ្នឹងវាចាប់ផ្តើមផុតហើយ រដូវពងកូនរបស់វា វាអត់ពងនៅបឹងទន្លេសាបទេ ពងពីមេគង្គបង្ហៀរទៅ ហើយវាទៅធ្វើការញាស់នៅចាប់ពីខេត្តក្រចេះចុះទៅរហូតដល់ទន្លេសាបហ្នឹង។ អ៊ីចឹងត្រីមួយចំនួនធំ បើសិនជាមេគង្គ ភាគខាងលើហ្នឹងធ្វើឲ្យអាក់ខាននៃការពងកូន វាមិនមែនអត់តែអ្នកមេគង្គលើទេ ជាពិសេសអត់រហូតដល់អ្នកទន្លេសាបណោះ»។
លោក គង់ ចន្ធី មានប្រសាសន៍បន្ថែមថា ប្រជាពលរដ្ឋឆ្នាំនេះនឹងជួបផលវិបាកក្នុងការធ្វើនេសាទ ហើយនៅឆ្នាំខាងមុខ ក៏នៅតែមានបញ្ហាដែរ ដោយសារតែខ្វះទឹកទន្លេមេគង្គក្នុងឆ្នាំនេះ មិនបានបង្កលទ្ធភាពឲ្យត្រីពងកូនបាចសាចសម្រាប់បន្តពូជទៅឆ្នាំខាងមុខបាននោះ។ ម្យ៉ាងទៀត ត្រីពីទន្លេមេគង្គជាធម្មតាគឺជាប្រភពពូជយ៉ាងសំខាន់ ក្នុងការចែកចាយទៅទន្លេមេគង្គផ្នែកខាងក្រោម ចំនួន៤ខេត្តផ្សេងទៀតផង និងចែកចាយចូលទៅកាន់ទន្លេសាបផង។ ដូច្នេះជារួមប្រជាពលរដ្ឋជាច្រើនខេត្ត នៅតាមដងទន្លេមេគង្គ និងតាមដងទន្លេនានា ដែលទទួលឥទិ្ធពលពីទន្លេមេគង្គផ្នែកខាងលើនឹងជួបបញ្ហាកង្វះខាតត្រីនៅឆ្នាំនេះ និងឆ្នាំខាងមុខដូចៗគ្នា។
អនុប្រធានគណៈកម្មការជាតិទន្លេមេគង្គកម្ពុជា លោក ស៊ិន នីនី មានប្រសាសន៍ឲ្យដឹងថា ស្ថានភាពទឹកទន្លេមេគង្គពិតជាមានការកើនឡើងខ្ពស់មែន ប៉ុន្តែវានៅតែមិនទាន់មានកម្ពស់ស្មើអាចប្រៀបនឹងឆ្នាំមុនបាននៅឡើយទេ ជាក់ស្ដែងសូម្បីនៅស្ថានីយជលសាស្ត្រចតុមុខកម្ពស់ទឹកនៅទាបជាងឆ្នាំមុនប្រមាណ២ម៉ែត្រទៀត។ ដូច្នេះស្ថានភាពនេះនៅតែបង្កផលប៉ះពាល់ដល់ធនធានជលផលគួរឲ្យបារម្ភ ៖ «ដឹងថាដល់ពេលវាធ្លាក់ភ្លៀងដំបូងនោះ វាចាប់ផ្ដើមពងកូនហើយៗ ដល់ពងកូនហើយ វាទម្លាក់នៅឯណា? អាកូនត្រីហ្នឹង វារស់នៅតាមបឹង។ ធម្មតាតាកាលណាខែ៧ ខែ៨ហ្នឹង ទឹកវាចូលមកខ្លាំង ហើយនៅនឹងទន្លេសាប ហើយវាលិចព្រែកអីៗ អ៊ីចឹងទៅ ស្លឹកឈើអី កម្ទេចកំទីដែលវានាំឲ្យទឹកស្អុយហ្នឹងគឺថាវាៗទឹកច្រើនទៅ វាបាត់ស្អុយហើយ។ អ៊ីចឹងត្រីទេ កូនត្រីហ្នឹងវារស់នៅបានដោយស្រួល វាធំធាត់បាន»។
លោក ស៊ិន នីនី បញ្ជាក់បន្ថែមថា ទឹកទន្លេមេគង្គទើបនឹងឡើងក្នុងរយៈពេលថ្មីៗនេះ វាពិតជាមិនមានអំណោយផលដល់ការបន្តពូជត្រីទេ។ ត្រីពងកូនវាមានខែថ្ងៃរបស់វា ហើយម្យ៉ាងទៀតដោយសារស្ថានភាពទឹកតិច មានស្លឹកឈើជ្រុះស្អុយរលួយវាធ្វើឲ្យកូនត្រីតូចៗ ត្រូវពុលងាប់ដែរ។
ប្រធានរដ្ឋបាលជលផលកម្ពុជា លោក ណៅ ធួក ធ្លាប់ប្រកាសឲ្យដឹងថា កម្ពុជាមានការព្រួយបារម្ភជាខ្លាំងទាក់ទងទៅនឹងធនធានជលផលនៅឆ្នាំនេះ ពិសេសបណ្ដាលមកពីកង្វះខាតទឹកទន្លេមេគង្គនឹងធ្វើឲ្យធនធានត្រីទឹកសាបធ្លាក់ចុះនៅឆ្នាំនេះ។
គេនៅមិនទាន់ធ្វើការស្រាវជ្រាវចប់នៅឡើយទេថាតើកម្ពុជាអាចនឹងបាត់បង់ត្រីចំនួនប៉ុន្មានភាគរយ ដោយសារតែរបបទឹកទន្លេមេគង្គមិនផ្ដល់ស្ថិរភាពនោះ ប៉ុន្តែបើតាមគណៈកម្មការទន្លេមេគង្គកម្ពុជា ការធ្លាក់ចុះធនធានជលផលនឹងបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរនៅតាមបណ្ដោយដងទន្លេមេគង្គ ប្រមាណជាង២លាននាក់។ ដូច្នេះហើយមធ្យោបាយដោះស្រាយនៅចំពោះមុខនេះ គឺមានតែការពង្រីកការជីកស្រះចិញ្ចឹមត្រីឲ្យបានគ្រប់មូលដ្ឋាន ដើម្បីទប់ទល់ទៅនឹងបញ្ហាកង្វះខាតត្រីនៅពេលខាងមុខ៕