ប្រធានអង្គការ ខារ៉ាម កម្ពុជា (Caram–Cambodia) លោក យ៉ា ណាវុធ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១២ បានសំដែងការព្រួយបារម្ភអំពីការប្រើអំពើហិង្សាក្នុងទម្រង់ធ្ងន់ធ្ងរមកលើពលករចំណាកស្រុកកម្ពុជា នៅប្រទេសថៃ និងប្រទេសម៉ាឡេស៊ី។
អង្គការ ខារ៉ាម កម្ពុជា សុំឲ្យសកម្មជនការពារសិទ្ធិពលករ និងមន្ត្រីនគរបាលប្រឆាំងការជួញដូរមនុស្ស ជួយដោះស្រាយចំពោះករណីពលករដែលរងគ្រោះដោយសារអំពើហិង្សានោះ។
សកម្មភាពដែលគេចាត់ទុកថា ស្ថិតក្នុងទម្រង់ធ្ងន់ធ្ងរនៃអំពើហិង្សានោះ មានដូចជា ការវាយដំលើរាងកាយ ការចាប់រំលោភផ្លូវភេទ ការធ្វើបាបផ្លូវចិត្ត និងអំពើហិង្សាក្នុងគ្រួសារ និងសហគមន៍។
លោក យ៉ា ណាវុធ បានមានប្រសាសន៍នៅក្នុងការបើកសិក្ខាសាលាស្ដីពីអំពើហិង្សាលើពលករចំណាកស្រុក មានស្ត្រី និងកុមារ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១២ ថា រហូតមកដល់ពេលនេះមានស្ត្រី និងកុមារជាច្រើន រងគ្រោះដោយសារអំពើហិង្សា នៅពេលធ្វើការងារនៅបរទេស ដូចជាប្រទេសថៃ និងម៉ាឡេស៊ីជាដើម។
លោក យ៉ា ណាវុធ៖ «តើយើងត្រូវរួមគ្នាធ្វើម៉េច យើងត្រូវសម្របសម្រួលគ្នាយ៉ាងម៉េច ដើម្បីឲ្យអំពើហិង្សានេះអាចមានលក្ខណៈថយចុះបាន ជាពិសេសស្ត្រី និងកុមារ បានប្រឈមមុខនឹងបញ្ហាជាច្រើន»។
អតីតពលករចំណាកស្រុកម្នាក់មកពីប្រទេសម៉ាឡេស៊ី ឈ្មោះ សែម ស្រេប អាយុ ២០ឆ្នាំ ធ្លាប់ធ្វើការងារនៅតាមផ្ទះនៅប្រទេសម៉ាឡេស៊ី នៅឆ្នាំ២០០៨ ដល់ឆ្នាំ២០១០ កន្លងទៅ តាមរយៈក្រុមហ៊ុន ធី អែន ភី (T&P)។
នាងបាននិយាយប្រាប់អ្នកកាសែតឲ្យដឹងថា ការងារបម្រើនៅតាមផ្ទះនៅប្រទេសម៉ាឡេស៊ី កន្លងមក គឺវេទនាណាស់ ដោយសារហូបមិនគ្រប់គ្រាន់ ដេកមិនគ្រប់គ្រាន់ និងធ្វើការងារនឿយហត់ជាច្រើនម៉ោង។ នៅពេលធ្លាក់ខ្លួនឈឺម្តងៗ ថៅកែកាត់ប្រាក់ខែទៀត៖ «ងើបម៉ោង ៥ (ព្រឹក) រហូតមកដល់ម៉ោង ២យប់ បានអាចគេង។ កំហឹងអ៊ីចឹងជះលើខ្ញុំ ដូចជាវាយខ្ញុំអ៊ីចឹង វាយពីក្រោយអ៊ីចឹង កណ្ដាប់ដៃ។ កណ្ដាប់ដៃថៅកែស្រី យកដៃរុញក្បាល»។
ទាក់ទងនឹងអំពើហិង្សាលើពលករចំណាកស្រុកបែបនេះ អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃក្រសួងមហាផ្ទៃ លោក សាយ ម៉េងឈៀង បានមានប្រសាសន៍ថា អំពើហិង្សានេះមិនមែនកើតមាននៅតែប្រទេសកម្ពុជាទេ គឺប្រទេសដទៃទៀតក៏មានបញ្ហានេះដែរ៖ «អង្គការសង្គមស៊ីវិល ក៏ដូចជាស្ថាប័នអង្គការពាក់ព័ន្ធដទៃទៀត ក៏ត្រូវចូលរួមដើម្បីទប់ស្កាត់ និងបន្ថយជាអតិបរមានូវការប្រព្រឹត្តអំពើហិង្សាលើពលករទេសសន្តប្រវេសន៍ ពិសេសស្ត្រី និងកុមារ»។
ប្រភពពីមន្ត្រីរដ្ឋាភិបាលកម្ពុជា និងសកម្មជនការពារសិទ្ធិពលករបានឲ្យដឹងថា ប្រទេសថៃ មានពលករកម្ពុជា ខុសច្បាប់ ចំនួនជាង ២៥ម៉ឺននាក់ និងប្រទេសម៉ាឡេស៊ី មានពលករកម្ពុជា ស្របច្បាប់ចំនួនជាង ៥ម៉ឺននាក់។
អង្គការ ខារ៉ាម កម្ពុជា នៅឆ្នាំ២០១១ កន្លងទៅនេះ បានទទួលពាក្យបណ្ដឹងចំនួនជាង ៥០ករណីពីគ្រួសាររបស់ពលករចំណាកស្រុករងគ្រោះ ដោយសារអំពើហិង្សានៅប្រទេសថៃ និងម៉ាឡេស៊ី៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។