លោកឧត្ដមសេនីយ៍ត្រី ឈុំ សុជាត មន្ត្រីនាំពាក្យក្រសួងការពារជាតិ បានមានប្រសាសន៍ឲ្យដឹងនៅព្រឹកព្រហស្បតិ៍ ទី២៩ ខែកក្កដានេះ ថា ដំណើរការកសាងអគារសម្រាប់កងទ័ពស្នាក់នៅ និងទីបញ្ជាការដ្ឋានតាមក្រវាត់ព្រំដែនខ្មែរក្នុងខេត្តនានា ជាប់ព្រំដែនប្រទេសថៃ រហូតមកដល់ខែកក្កដានេះ មានលទ្ធផលជិតរួចរាល់ ហើយបន្ទាប់ពីចាប់ផ្ដើមសាងសង់តាំងពីខែកុម្ភៈ ដើមឆ្នាំ២០១០មក។
លោកឧត្ដមសេនីយ៍ត្រី ឈុំ សុ ជាត បានបញ្ជាក់ថា ៖ «ជាមូលដ្ឋាន យើងប្រហែលជាបានដល់ថ្នាក់វរសេនាតូច អគារត្រឹមត្រូវអស់។ នៅតាមអនុសេនាធំ យើងអត់ទាន់មានទេ។ ជាមូលដ្ឋាន យើងបានចង់គ្រប់អស់ហើយ ប្រក់ស៊ីប្រូស៊ីម៉ង់ត៍ក្បឿង យើងបានប្រក់រួចហើយ ទាំងស័ង្កសីហ្នឹង និងទីបញ្ជាការប៉ុស្តិ៍មុខយើងអាចមានខ្លះដែរ»។
កាលពីខែកុម្ភៈ ដើមឆ្នាំ២០១០ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីរដ្ឋាភិបាលខ្មែរ បានផ្តល់អគារស្នាក់នៅចំនួន ១៥៥ខ្នង ដែលចំណាយទឹកប្រាក់អស់ចំនួន ៣.៨៧៥.០០០ដុល្លារសហរដ្ឋអាមេរិកបន្ថែមទៀត ទៅឲ្យកងទ័ពនៅក្រវាត់ព្រំដែនក្នុងខេត្តចំនួន ៥ ក្នុងប្រទេសកម្ពុជា ជាប់ព្រំដែនប្រទេសថៃ។
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីខ្មែរ ដែលបានចុះសួរសុខទុក្ខកងទ័ពនៅឃុំផ្លូវមាស ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង កាលពីខែកុម្ភៈ បានមានប្រសាសន៍ថា អគារទាំង ១៥៥ខ្នង នឹងផ្តល់ទៅកងទ័ពក្នុងខេត្តចំនួន ៥ គឺខេត្តបន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ និងកោះកុង ដែលចំណាយទឹកប្រាក់អស់ជាង ៣លានដុល្លារសហរដ្ឋអាមេរិក។
លោកឧត្តមសេនីយ៍ សូរ ចាន់ ហេង មេបញ្ជាការនៃបញ្ជាការដ្ឋានកងពលថ្មើរជើងលេខ៥១ ក្នុងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ទាក់ទិននឹងដំណើរការកសាងបន្ទាយកងទ័ពខាងលើនេះថា ការសាងសង់អគារសម្រាប់កងទ័ពស្នាក់នៅ និងទីបញ្ជាការដ្ឋានតាមបណ្តោយព្រំដែនក្នុងខេត្តបន្ទាយមានជ័យកំពុងដំណើរទៅមុខ ប៉ុន្តែមិនទាន់រួចរាល់ហើយជាស្ថាពរទេ។
លោកឧត្ដមសេនីយ៍ សូរ ចាន់ ហេង បានអះអាងថា ៖ «ខាងខ្ញុំមានបីចំណុច ចំណុចទីមួយ នៅខាងទីតាំងតាគាំ អាហ្នឹងទីបញ្ជាការទេ យើងកំពុងតែឡើងឥដ្ឋជញ្ជាំង។ ចំណុចទីពីរ នៅខាងស្រុកថ្មពួក អាហ្នឹង ១២ខ្នង ដែលជាអំណោយរបស់សម្ដេច យើងបានឡើងឥដ្ឋបានចំនួន ៨ខ្នង ចាក់ធ្នឹមបាន ១១ខ្នង ១ខ្នងកំពុងដំណើរការ ប៉ុន្តែសសរអីរួចអស់ហើយ រីឯ ១ចំណុចទៀតនៅសង្កាត់និម្មិត ១២ខ្នង គឺបានទាំងឡើងឥដ្ឋ ទាំងចាក់ធ្នឹម ទាំងបូកអីរួចអស់ តែយើងអត់បានដាក់ដំបូល»។
លោកឧត្តមសេនីយ៍ សូរ ចាន់ ហេង បានមានប្រសាសន៍បញ្ជាក់ថា តាមលទ្ធផលជាក់ស្ដែងនៃដំណើរការកសាងអគារសម្រាប់កងទ័ពស្នាក់នៅ និងទីបញ្ជាការដ្ឋានមួយចំនួនបានរួចរាល់ ៧០%ហើយ ប៉ុន្តែដោយសាររដូវនេះមានមេឃភ្លៀងទើបធ្វើឲ្យមានការយឺតយ៉ាវ។
លោកឧត្ដមសេនីយ៍ សូរ ចាន់ ហេង បានឲ្យដឹងថា ៖ «អានេះវាអាស្រ័យទៅលើរដូវនេះជារដូវវស្សា បើសិនជាមិនភ្លៀងអាហ្នឹងវាលឿនដែរ បើភ្លៀងបងប្អូនជាងគ្នាធ្វើមិនកើតដែរណា៎!»។
ចំណែកឯលោក ជឹម ភើយ មេបញ្ជាការកងពលតូចលេខ៥២ ប្រចាំទិសសំឡូត ខេត្តបាត់ដំបង និងខេត្តប៉ៃលិន បានមានប្រសាសន៍ថា ៖ «ឥឡូវយើងកំពុងតែសាងសង់បានប្រហែល ៥០%ហើយ វាស្ទះភ្លៀងផងអីផង!»។
ការសម្រេចផ្ដល់អគារស្នាក់នៅរបស់កងទ័ពបន្ថែមរបស់រដ្ឋាភិបាលខ្មែរ ដែលបានធ្វើឡើងកាលពីខែកុម្ភៈ ដើមឆ្នាំ២០១០ គឺបន្ទាប់ពីអគារកងទ័ពជាច្រើនត្រូវបានរដ្ឋាភិបាលខ្មែរ ប្រកាសផ្ដល់ទៅឲ្យកងទ័ពនៅតាមព្រំដែនក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ប្រយោជន៍ដើម្បីការពង្រឹងការការពារខ្សែក្រវាត់ព្រំដែនរបស់ខ្លួន ខណៈដែលប្រទេសកម្ពុជា និងប្រទេសថៃ កើតមានជម្លោះតានតឹងដាក់គ្នាខាងផ្នែកយោធា រហូតមានការផ្ទុះអាវុធដាក់គ្នាជាច្រើនលើកច្រើនសារួចមក។
វត្តមានចុះសួរសុខទុក្ខកងទ័ពជួរមុខរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងការប្រកាសផ្តល់អគារកងទ័ពស្នាក់នៅ រួមជាមួយសម្ភារៈប្រើប្រាស់ជាច្រើនទៀត ទៅដល់កងទ័ពជួរមុខក្នុងខេត្តចំនួន ៥ គឺខេត្តបន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ និងកោះកុង គឺបន្ទាប់ពីលោក ហ៊ុន សែន បានចុះទៅសួរសុខទុក្ខកងទ័ពជួរមុខក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ កាលពីពេលកន្លងទៅ ដែលពោរពេញទៅដោយការរិះគន់ពីសំណាក់មេដឹកនាំប្រទេសថៃ។
ចាប់តាំងពីមានជម្លោះរឿងប្រាសាទព្រះវិហាររបស់ខ្មែរ ដែលអង្គការយូណេស្កូបានសម្រេចដាក់ចូលជាបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨មក ប្រទេសកម្ពុជា និងថៃបានកើតមានសភាពការណ៍តានតឹងជាបន្តបន្ទាប់ រហូតដល់ការផ្ទុះអាវុធជាច្រើនលើក និងការដាក់ពង្រាយកងទ័ពនៅតាមព្រំដែន និងគ្រឿងសព្វាវុធទំនើបបង្ហាញសាច់ដុំដាក់គ្នារៀងៗខ្លួន។ បន្ទាប់មកប្រទេសទាំងពីរ កម្ពុជា-ថៃ ចាប់តាំងពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨ ក្រោយពីជម្លោះរឿងប្រាសាទព្រះវិហារ ក៏បង្កឲ្យមានការផ្ទុះអាវុធជាច្រើនលើកច្រើនសា បណ្តាលឲ្យកងទ័ពប្រទេសទាំងពីរស្លាប់ និងរបួសរៀងៗខ្លួន៕