រដ្ឋមន្ត្រីព័ត៌មានស្នើតុលាការសៀមរាបដោះលែងអ្នកកាសែតឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន
2008.12.31

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍កាលពីព្រឹកថ្ងៃពុធ ទី៣១ ខែធ្នូ ថា លោកបានស្នើសុំទៅតុលាការខេត្តសៀមរាបដើម្បីឲ្យដោះលែងនិពន្ធនាយកកាសែតក្នុងស្រុកម្នាក់នោះនៅក្រៅឃុំបណ្ដោះអាសន្នតាមអ្វីដែលតុលាការអាចធ្វើទៅបាន។
លោក ខៀវ កាញារីទ្ធ មានប្រសាសន៍ដូច្នេះថា ៖ «ក្រសួងគ្រាន់តែសុំតុលាការជាសំណើ ប៉ុន្តែបើសិនឲ្យនៅក្រៅឃុំបានក៏ជាការល្អដែរ»។
លោក ខៀវ កាញារីទ្ធ បានមានប្រសាសន៍ដូច្នេះ បន្ទាប់ពីលោកបានចុះហត្ថលេខានិងបោះត្រាក្រសួងព័ត៌មានកាលពីថ្ងៃទី៣០ ធ្នូ លើលិខិតមួយភ្ជាប់ជាមួយលិខិតរបស់សមាគមអ្នកសារព័ត៌មានខ្មែរប្រជាធិបតេយ្យដែលបានស្នើសុំទៅប្រធានតុលាការខេត្តសៀមរាបឲ្យដោះលែងបុរសឈ្មោះ ស៊ីង សំឡី ជានិពន្ធនាយករបស់កាសែតសង្គមខ្មែរ ឲ្យបាននៅក្រៅឃុំជាបណ្ដោះអាសន្នដើម្បីរង់ចាំការស៊ើបអង្កេតតាមនីតិវិធី។
ប្រធានសមាគមអ្នកសារព័ត៌មានខ្មែរប្រជាធិបតេយ្យ លោក សុខ សុវណ្ណ បានចាត់ទុកការចាប់ខ្លួននិពន្ធនាយកកាសែតសង្គមខ្មែរទៅឃុំឃាំងនោះ គឺខុសនឹងនីតិវិធីច្បាប់និងជាការរំលោភដ៏ធ្ងន់ធ្ងរទៅលើសិទ្ធិសេរីភាពរបស់អ្នកសារព័ត៌មាន។
ទោះជាយ៉ាងណា ចៅក្រមស៊ើបអង្កេតរបស់តុលាការខេត្តសៀមរាប ដែលទទួលបន្ទុកចាត់ការរឿងនោះ លោក ងួន ណារ៉ា បានមានប្រសាសន៍ថា រហូតមកដល់ល្ងាចថ្ងៃពុធ លោកពុំទាន់បានទទួលលិខិតស្នើសុំឲ្យនៅក្រៅឃុំនៅឡើយទេ ក៏ប៉ុន្តែលោកយល់ថា លិខិតនោះមិនត្រឹមត្រូវតាមនីតិវិធីច្បាប់ដែលត្រូវពិនិត្យនិងឆ្លើយតបឡើយ ពីព្រោះការស្នើសុំឲ្យនៅក្រៅឃុំ លុះត្រាតែធ្វើឡើងដោយជនជាប់ចោទផ្ទាល់ ឬក៏មេធាវី។
លោក ងួន ណារ៉ា មានប្រសាសន៍ដូច្នេះថា ៖ «នេះជាសិទ្ធិរបស់ក្រុមអ្នកសារព័ត៌មានទេ មិនមែនជាការស្នើសុំតាមនីតិវិធីច្បាប់ទេ។ បើស្នើតាមនីតិវិធីច្បាប់ ត្រូវតែធ្វើឡើងដោយជនដែលត្រូវចោទ ឬក៏មេធាវី ទើបយើងពិនិត្យនិងមានការឆ្លើយ និងបើកសិទ្ធិឲ្យអ្នកស្នើ បើមិនសុខចិត្ត ប្ដឹងទៅលើទៀត»។
សូមរំឭកថា និពន្ធនាយកកាសែតសង្គមខ្មែរ ឈ្មោះ ស៊ីង សំឡី និងអ្នកភូមិពីរនាក់ទៀត ត្រូវសមត្ថកិច្ចចាប់ខ្លួនដាក់ពន្ធនាគារកាលពីថ្ងៃទី៦ ខែធ្នូ ដោយសារទំនាស់ដីស្រែប្រាំងជាង ៩០ហិកតារនៅស្រុកជីក្រែង ដែលតុលាការបានចោទប្រកាន់ក្នុងបទព្រហ្មទណ្ឌ។
ប្រធានក្លឹបអ្នកកាសែតកម្ពុជា លោក ប៉ែន សមិទ្ធិ បានមានប្រសាសន៍ថា តុលាការនៅកម្ពុជាគួរតែពិចារណាឡើងវិញ អំពីការឃុំខ្លួនមនុស្សដែលទាក់ទងនឹងបញ្ហាដីធ្លី។ ក្លឹបអ្នកកាសែតកម្ពុជាបានឲ្យដឹងថា កន្លងមក មានអ្នកកាសែតក្នុងស្រុកជាង ១០នាក់ហើយ ត្រូវបានចាប់ខ្លួននៅតាមបណ្ដាខេត្តនានា ហើយពុំមានភស្តុតាងថា ពួកគេត្រូវបានចាប់ខ្លួននៅពេលកំពុងបំពេញការងារវិជ្ជាជីវៈនោះទេ ហើយក្លឹបបានស្នើសុំឲ្យក្រសួងព័ត៌មានពិនិត្យឲ្យបានហ្មត់ចត់ឡើងវិញចំពោះអ្នកណាជាអ្នកកាសែតនិងអ្នកណាមិនមែនជាអ្នកកាសែតនោះ៕