ខ្សែរាជវង្សមួយអង្គ គឺម្ចាស់ក្សត្រិយ៍ នរោត្តម សោម៉ា បានសរសេរនៅក្នុងកាសែតភ្នំពេញប៉ុស្តិ៍ កាលពីចុងសប្ដាហ៍មុន ដោយភ្ជាប់អនាគតនៃរាជានិយមទៅក្នុងកណ្ដាប់ដៃគណបក្សប្រជាជនកម្ពុជា ដែលការលើកឡើងនេះ ត្រូវបានអ្នកនាំពាក្យរដ្ឋាភិបាលច្រានចោល និងថាជាការបញ្ឆេះបំបែកបំបាក់ខ្សែរាជវង្សានុវង្សជាមួយរដ្ឋាភិបាល។
អ្នកនាំពាក្យរដ្ឋាភិបាល ប្រតិកម្មចំពោះសំណេរអត្ថបទរបស់ខ្សែរាជវង្សមួយអង្គ គឺម្ចាស់ក្សត្រិយ៍ នរោត្តម សោម៉ា ដែលបានសរសេរអត្ថបទមួយផ្សាយក្នុងកាសែតភ្នំពេញប៉ុស្តិ៍ ដែលរដ្ឋាភិបាលគិតថាជាសំណេរមានចេតនាបង្កការបំបែកបំបាក់ផ្ទៃក្នុងជាតិ និងបំបែកបំបាក់រវាងខ្សែរាជវង្សានុវង្ស និងរដ្ឋាភិបាល។
ក្នុងអត្ថបទរបស់កាសែតភ្នំពេញប៉ុស្តិ៍ ចេញផ្សាយជាភាសាខ្មែរ និងភាសាអង់គ្លេស កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១២ ក្រោមចំណងជើងថា "អនាគតរាជានិយមស្ថិតក្នុងកណ្ដាប់ដៃគណបក្សប្រជាជន" ម្ចាស់ក្សត្រិយ៍ នរោត្តម សោម៉ា ជាម្ចាស់អត្ថបទនេះបានពណ៌នាថា ក្នុងអំឡុងពេលព្រះរាជពិធីបុណ្យព្រះបរមសព ព្រះមហាវីរក្សត្រ នរោត្តម សីហនុ កាលពីថ្ងៃទី១៧ ខែតុលា គាត់ឃើញការរួបរួមក្នុងចំណោមគ្រួសាររាជវង្សមានលក្ខណៈពុំរឹងមាំ និងមានការបែងចែកក្នុងរដ្ឋាភិបាលបច្ចុប្បន្ន។
នៅក្នុងព្រះរាជពិធីបុណ្យព្រះបរមសព ខ្សែរាជវង្សមិនសូវបានចូលទៅសម្ដែងគារវកិច្ចទេ ហើយច្រើនតែជាមន្ត្រីរដ្ឋាភិបាលមកពីគណបក្សប្រជាជន។ ក្នុងសំណេរអត្ថបទដដែល ម្ចាស់ក្សត្រិយ៍ នរោត្តម សោម៉ា បន្តថា អ្នករិះគន់បានលើកឡើងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋាភិបាលគ្រប់គ្រងសង្វៀននយោបាយ និងរាជានិយម ហើយនឹងបន្តគ្រប់គ្រងដរាបណាលោកនៅកាន់អំណាច ហើយព្រះមហាក្សត្រ នរោត្ត សីហមុនី ជាមហាក្សត្របច្ចុប្បន្ន ហាក់ដូចជាទីងមោងគ្មានអំណាចអ្វីទាំងអស់។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៩ ខែតុលា លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរដ្ឋាភិបាល ចាត់ទុកសំណេររបស់ ម្ចាស់ក្សត្រិយ៍ នរោត្តម សោម៉ា ថាជាសំណេរចេតនាបញ្ឆេះញុះញង់បំបែកបំបាក់រវាងរាជវង្សានុវង្ស និងរដ្ឋាភិបាល ដែលមានគណបក្សប្រជាជនកំពុងកាន់អំណាច។ លោក ខៀវ កាញារីទ្ធ បញ្ជាក់ថា ការសរសេររបស់ ម្ចាស់ក្សត្រិយ៍ នរោត្តម សោម៉ា ជាការចោទប្រកាន់មិនសមហេតុផល និងក្នុងគំនិតមួយខ្មៅកខ្វក់។
លោក ខៀវ កាញារីទ្ធ៖ «ដែលបង្ហាញឲ្យឃើញថា ហាក់ដូចជាសម្ដេច ហ៊ុន សែន ជាអ្នកគ្រប់គ្រងទីតាំងហ្នឹងទាំងមូល ហើយព្រះករុណារបស់យើងព្រះមហាក្សត្ររបស់យើងបច្ចុប្បន្ននេះ ហាក់ដូចជាទីងមោង គ្មានអំណាចអ្វីទាំងអស់។ ចោទថាការរៀបចំនៅក្នុងវាំងមិនឲ្យរាជវង្សានុវង្សចូលទៅនេះ គឺជាការមួយមួលបង្កាច់ ហើយក្នុងចេតនាអាក្រក់ណាស់ ហើយធ្វើឲ្យប៉ះពាល់ដ៏ធ្ងន់ធ្ងរដល់រាជរដ្ឋាភិបាល ក៏ដូចជាគណបក្សកាន់អំណាច ហើយជាពិសេស សម្ដេច ហ៊ុន សែន ហាក់ដូចជាសម្ដេច ហ៊ុន សែន គឺចង់វាំងទីលើវាំងទាំងមូល»។
ម្ចាស់ក្សត្រិយ៍ នរោត្តម សោម៉ា បានសរសេររិះគន់បន្តថា រដ្ឋាភិបាលមានអំណាចក្នុងការសម្រេចថា តើសមាជិករាជវង្សអង្គណានឹងក្លាយជាព្រះមហាក្សត្របន្ទាប់។ អនាគតរាជានិយម ស្ថិតក្នុងកណ្ដាប់ដៃរបស់គណបក្សកាន់អំណាច ហើយអ្នកខ្លះជឿជាក់ថា រាជានិយមនឹងបាត់បង់ទៅបន្តិចម្តងៗ។
លោក ខៀវ កាញារីទ្ធ បញ្ជាក់ថា នាយករដ្ឋមន្ត្រីមិនមានសិទ្ធជ្រើសរើសព្រះមហាក្សត្របន្ទាប់ទេ តែមានក្រុមប្រឹក្សាព្រះរាជបល្ល័ង្កជាអ្នកបោះឆ្នោតជ្រើសរើស ហើយរដ្ឋាភិបាលប្រកាន់ជំហររក្សារាជានិយមជាដរាប៖ «គ្រាន់តែឃើញអត្ថបទជាអង់គ្លេស ខ្មែរ យើងឃើញថា ការបកប្រែពាក្យ គឺផ្សេងគ្នា ហើយទី២ អត្ថបទខាងក្នុង គឺពិសពុលបន្តិចហើយ ដែលចោទមកលើរដ្ឋាភិបាលក្នុងពេលដែលរដ្ឋាភិបាលខំធ្វើគ្រប់បែបយ៉ាង ដើម្បីធ្វើយ៉ាងណាដើម្បីលើកស្ទួយកិត្យានុភាពរបស់ព្រះរាជា ក៏ដូចជាព្រះរាជវង្សានុវង្ស ដូច្នេះមិនគួរចោទនេះជាការខុសឆ្គង»។
លោក ខៀវ កាញារីទ្ធ បានចោទជាសំណួរទៅ ម្ចាស់ក្សត្រិយ៍ នរោត្តម សោម៉ា ថាតើអ្វីដែលសរសេរនេះក្នុងនាមជាអ្នកកាសែតអាជីព ក្នុងនាមជាខ្សែរាជវង្សានុវង្ស ឬក្នុងនាមជាអ្នកនយោបាយ ដែលសរសេរដើម្បីកេងចំណេញនយោបាយលើព្រះបរមសពរបស់ ព្រះបាទ នរោត្តម សីហនុ។
ទោះជាយ៉ាងណា លោក ខៀវ កាញារីទ្ធ មិនបានបញ្ជាក់ពីនីតិវិធីណាមួយតាមផ្លូវច្បាប់សម្រាប់កាសែតភ្នំពេញប៉ុស្តិ៍ ដែលបានចុះផ្សាយនូវអត្ថបទរបស់ ម្ចាស់ក្សត្រិយ៍ នរោត្តម សោម៉ា នោះទេ តែបញ្ជាក់ថា ម្ចាស់អត្ថបទនេះគួរកែតម្រូវលើអត្ថបទរបស់ខ្លួនដែលបានចេញផ្សាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។