សម្ដេចព្រះសង្ឃរាជគណៈមហានិកាយនៃប្រទេសកម្ពុជាព្រះមហាសុមេធាធិបតី ទេព វង្ស បានមានព្រះថេរដីកាកាលពីថ្ងៃពុធ ទី៣០ ខែកក្កដា នៅក្នុងទីវត្តកែវសិក្ខាគិរីស្វារៈនៃទឹកដីខ្មែរដែលកងទាហានឈុតខ្មៅរបស់ថៃកំពុងតែកាន់កាប់ ថា ព្រះសង្ឃពុទ្ធសាសនាថ្នាក់រាជាគណៈសំខាន់ៗនឹងមកធ្វើពិធីក្រុងពាលីសុំទឹកដីនិងសន្តិភាព ជំនួសឲ្យការបង្ហូរឈាមគ្នារវាងកងទ័ពខ្មែរថៃនៅក្នុងជម្លោះព្រំដែននៅជិតប្រាសាទព្រះវិហារចាប់ពីថ្ងៃទី១ ខែសីហាខាងមុខ ។
ព្រះមហាសុមេធាធិបតី ទេព វង្ស បានមានព្រះថេរដីកាថា ៖ «គណៈសង្ឃនាយក សង្ឃនាយករង សុទ្ធតែរាជាគណៈ សុទ្ធតែសម្ដេចៗ សុំបូជាក្រុងពាលីសុំទឹកសុំដី សុំឲ្យទីនេះកន្លែងនេះមានសុខសន្តិភាព ចាប់តាំងពីថ្ងៃទី១ទៅ ។ អាត្មាប្រកាសថា សុខចិត្តយើងបង្ហូរទឹកភ្នែកវាប្រសើរជាងបង្ហូរឈាមគ្នា ។ ថៃក៏ព្រះពុទ្ធសាសនាដូចគ្នា» ។
ទោះយ៉ាងណារហូតមកដល់ថ្ងៃពុធនេះ វត្តមានរបស់កងទាហានឈុតខ្មៅថៃដែលចូលមកលុកលុយក្នុងទីវត្តទឹកដីខ្មែររយៈពេលកន្លះខែហើយ ដោយកងទ័ពថៃទាំងនោះមិនទាន់មានគម្រោងជាក់លាក់ណាមួយក្នុងការដកចេញពីទឹកដីខ្មែរនៅឡើយទេ ។
មេបញ្ជាការកងទ័ពជើងគោកនិងជាប្រធានទំនាក់ទំនងព្រំដែនថៃកម្ពុជាដែលបានចុះមកពិនិត្យស្ថានភាពទាហានថៃនៅក្នុងទឹកដីខ្មែរកាលពីព្រឹកថ្ងៃពុធ លោកឧត្ដមសេនីយ៍ទោ ឌុកស៊ីត គ្រីយ៉ៃ បានឆ្លើយបដិសេធក្នុងការបញ្ជាក់ពីពេលវេលាច្បាស់លាស់ដែលថា តើកងទ័ពថៃនឹងដកចេញពីទឹកដីខ្មែរនៅពេលណាមួយនៅឡើយ ដោយលោកមានប្រសាសន៍ថាវាមិនមែនជាការងាររបស់លោកទេ ។
លោកឧត្ដមសេនីយ៍ទោ ឌុកស៊ីត គ្រីយ៉ៃ បានឲ្យដឹងតាមរយៈអ្នកបកប្រែថា ៖ "ការងាររបស់គាត់គ្រាន់តែមកមើលទេ គាត់មិនអាចឆ្លើយតបបានទេ ។ ធម្មតាការទំនាក់ទំនងគ្នារវាងប្រទេសទាំងពីរ" ។
កាលពីព្រឹកថ្ងៃអង្គារបញ្ញវ័ន្តខ្មែរមួយក្រុមរបស់រាជបណ្ឌិតសភាកម្ពុជា បានចាត់ទុកការបញ្ជូនកងទ័ពថៃចូលមកក្នុងទឹកដីខ្មែរគឺជាអំពើខុសច្បាប់ ហើយគេទាមទារឲ្យកងទ័ពថៃទាំងអស់ដកចេញពីទឹកដីខ្មែរនៃតំបន់ព្រះវិហារ ។
ក្រុមបញ្ញវ័ន្តខ្មែរបានឲ្យដឹងថា ៖ «អ្វីដែលថៃធ្វើពេលនេះ ខ្ញុំជឿជាក់ថាកម្ពុជាអាចតបគ្រប់ពេលវេលា ប៉ុន្តែកម្ពុជាដែលជាប្រទេសមួយដែលមានវប្បធម៌ខ្ពស់ ស្អប់ខ្ពើមសង្គ្រាម ថៃទេមិនដែលធ្វើសង្គ្រាម ។ អ៊ីចឹងសូមឲ្យថៃវិលត្រឡប់ទៅប្រទេសខ្លួនឯងវិញ ដោយគោរពនូវបូរណភាពទឹកដីរបស់កម្ពុជា» ។
នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា លោក ហ៊ុន សែន បានមានប្រសាសន៍កាលពីថ្ងៃអង្គារថា កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការដកកងទ័ពចេញពីតំបន់ជម្លោះជិតប្រាសាទព្រះវិហារ ដើម្បីស្វែងរកមធ្យោបាយបន្ធូរបន្ថយភាពតានតឹងផ្នែកយោធា ក៏ប៉ុន្តែកាលបរិច្ឆេទនៃការសម្រេចដកកងទ័ពនោះគឺអាស្រ័យទៅលើភាគីថៃធ្វើឡើងជាមុន ៕