និស្សិត​ខ្មែរ​កាន់​តែ​ច្រើន​ទទួល​បាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ស.រ.អា

សហរដ្ឋ​អាមេរិក (ស.រ.អា) បាន​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា មាន​ការ​កើន​ឡើង ៣​ដង​ក្នុង​ឆ្នាំ ២០០៩ នេះ នៅ​ក្នុង​កម្មវិធី Fulbright និង Hubert Humphrey។

0:00 / 0:00

មន្ត្រី​អ្នក​នាំ​ពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា សហរដ្ឋ​អាមេរិក​បាន​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ខ្មែរ​ចំនួន ៤៦​នាក់ ក្នុង​ឆ្នាំ ២០០៩ នេះ នៅ​ក្នុង​កមុ្មវិធី Fulbright និង Hubert Humphrey ដែល​មាន​រយៈពេល​ខុសៗ​គ្នា រួម​មាន​និស្សិត​បន្ត​ថ្នាក់​អនុ​បណ្ឌិត​មាន​រយៈ​ពេល​ពីរ​ឆ្នាំ និង​និស្សិត​ថ្នាក់​បរិញ្ញាបត្រ​ដែល​ផ្លាស់​ប្តូរ​បទពិសោធន៍​សិក្សា​រយៈ​ពេល ៥​សប្តាហ៍ ដល់ ៩​ខែ ផ្អែក​លើ​កម្មវិធី​សិក្សានីមួយៗ។

លោក ចន ចនសុន (John Johnson) មន្ត្រី នាំ ពាក្យ​ស្ថានទូតសហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​បញ្ជាក់​ថា សិស្ស​និង​និស្សិត​ខ្មែរ​ដែល​ទទួល​បាន​អាហារូបករណ៍​ទៅ​រៀន​នៅ​សហរដ្ឋ​អាមេរិក​មាន​ចំនួន​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។

លោក ចន ចនសុន មាន​ប្រសាសន៍​តាម​រយៈ​អ្នក​បក​ប្រែ​ឲ្យ​ដឹង​ដូច្នេះ​ថា ៖ "ហើយ​នេះ​គឺ​ជា​ឱកាស​មួយ​ដែល​យើង​គិត​ថា និស្សិត​ដែល​បាន​ទទួល​អាហារូបករណ៍​ទៅ​រៀន​នោះ គឺ​ជា​និស្សិត​ដែល​មាន​ភាព​វៃ​ឆ្លាត​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា តំណាង​ឲ្យ​និស្សិត​ផ្សេងៗ​ទៀត។ ហើយ​ជា​ឱកាស​មួយ​ដែល​យើង​អបអរ​ចំពោះ​ជ័យ​ជម្នះ​របស់​គេ ហើយ​ជា​ឱកាស​មួយ​ដែល​លោក​ឯកអគ្គ​រដ្ឋ​ទូត​មាន​ឱកាស​ជួយ​ជាមួយ​ពួក​គេ​ផង​ដែរ"

លោក ចន ចនសុន បាន​ថ្លែង​ទៀត​ថា ការ​បង្កើន​ចំនួន​អ្នក​ទទួល​បាន​អាហារូបករណ៍​នេះ ដោយសារ​តែ​និស្សិត​ខ្មែរ​កាន់​តែ​មាន​ភាព​ឆ្លាត​វៃ​និង​ការ​ព្យាយាម​យ៉ាង​ហ្មត់ចត់​ក្នុង​ការ​សិក្សា​រៀន​សូត្រ​របស់​ពួក​គេ​នោះ។

រីឯលោកស្រី ខារ៉ល រ៉ដលី (Carol Rodley) ឯកអគ្គ​រដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា បាន​ថ្លែង​នៅ​ក្នុង​ពិធី​ជួប​ជុំ​និស្សិត​ដែល​ទទួល​អាហារូបករណ៍​ទៅ​សហរដ្ឋ​អាមេរិក និង​និស្សិត​ដែល​បាន​វិល​មក​វិញ​នៅ​ក្នុង​សប្តាហ៍​នេះ​ថា ចាប់​តាំង​ពី​ឆ្នាំ ១៩៩៤ មក Fulbright និង Hubert Humphrey សហរដ្ឋ​អាមេរិក​បាន​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​ខ្មែរ​សរុប​ចំនួន​ជាង ៣០០​នាក់​ហើយ​មក​ដល់​ឆ្នាំ ២០០៩ នេះ ដែល​ស្ថាន​ទូត​បាន​ជួយ​សម្រួល។

លោកស្រី ខារ៉ល រ៉ដលី មាន​ប្រសាសន៍​ដូច្នេះ ៖ "ឆ្នាំ​នេះ​យើង​បាន​បង្កើន​ចំនួន ២​ដង សម្រាប់​កម្មវិធី​នៃ​ការ​ផ្លាស់​ប្ដូរ​លើ​វិស័យ​អប់រំ​ដែល​យើង​បាន​ផ្ដល់​ឲ្យ និង​មាន​ចំនួន​កើន​ឡើង ៣​ដង សម្រាប់​ចំនួន​សិស្ស​ពី​ប្រទេស​កម្ពុជា ដែល​នឹង​ត្រូវ​ទៅ​សិក្សា​នៅ​សហរដ្ឋ​អាមេរិក​នា​ឆ្នាំ​ក្រោយ គឺ​ពី​ចំនួន ១៧​នាក់ ទៅ​ជាង ៤០​នាក់ ក្នុង​ឆ្នាំ ២០០៩។ ពួក​គេ​ទាំង​នេះ​នឹង​ទៅ​សិក្សា​នៅ​មហា​វិទ្យាល័យ​និង​សកល​វិទ្យាល័យ​នៅ​សហរដ្ឋ​អាមេរិក​ចំនួន​ជាង ២០ ខុសៗ​គ្នា ហើយ​នឹង​ចូល​រួម​ប្រកួត​ប្រជែង​ជាមួយ​សិស្ស​អាមេរិក​និង​ប្រទេស​ផ្សេងៗ​ទៀត​នៅ​ក្នុង​ពិភព​លោក"

លោកស្រី ខារ៉ល រ៉ដលី បាន​ថ្លែង​ទៀត​ថា តាម​រយៈ​ការ​ផ្លាស់​ប្តូរ​ការ​សិក្សា​នៅ​សហរដ្ឋ​អាមេរិក​នេះ គឺ​ជា​ការ​កសាង​សមត្ថភាព​និង​ធនធាន​យុវជន​កម្ពុជា ផង​ដែរ។ លោកស្រី​បាន​ថ្លែង​ទៀត​ថា និស្សិត​ដែល​បាន​ទៅ​សិក្សា​នៅ​សហរដ្ឋ​អាមេរិក​នោះ នឹង​យក​បទពិសោធម៍​និង​ចំណេះ​ដឹង​ដែល​ទទួល​បាន​មក​ចែក​រំលែក​ដល់​សិស្ស​និស្សិត​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស។

កញ្ញា វ៉េង មូលីកា ជា​និស្សិត​ថ្នាក់​បរិញ្ញាបត្រ ដែល​ទៅ​ផ្លាស់​ប្តូរ​បទពិសោធន៍​សិក្សា​នៅ​សហរដ្ឋ​អាមេរិក​រយៈ​ពេល ៥​សប្តាហ៍​នេះ​បាន​បញ្ជាក់​ថា កម្មវិធី​សិក្សា​របស់​ពួក​គេ​នៅ​ទី​នោះ​នឹង​ផ្តោត​ទៅ​លើ​របប​នយោបាយ​សហរដ្ឋ​អាមេរិក​និង​លទ្ធិ​ប្រជាធិបតេយ្យ​ជាដើម។

កញ្ញា វ៉េង មូលីកា ឲ្យ​ដឹង​ដូច្នេះ ៖ «យើង​សង្ឃឹម​ថា​នឹង​ទទួល​បាន​ជោគជ័យ ព្រោះ​អី​កម្ពុជា យើង​ទៅ​បង្ហាញ​ពី​ភាព​ឯកភាព​គ្នា គឺ​ថា​ដូច​គ្នា​ទាំង​អស់ គេ​មើល​មក​ដឹង​ថា​យើង​ជា​ប្រទេស​កម្ពុជា​តែម្ដង។ យើង​ទៅ​ហ្នឹង​មាន​ការ​ចូល​រួម​ទាំង​អស់ ៣​ប្រទេស គឺ​ប្រទេស​ភូមា និង​ប្រទេស​វៀតណាម​ទៀត»

រី​ឯ​លោក ប៉េង អាន មាន​កូន​ប្រុស​ជាប់​អាហារូបករណ៍​ទៅ​សហរដ្ឋ​អាមេរិក​បាន​ថ្លែង​ដោយ​មាន​មោទនភាព​ថា ៖ «កូន​បាន​ចេញ​ទៅ​រៀន​នៅ​ក្រៅ​ប្រទេស​ហ្នឹង​ខ្ញុំ​មាន​ចិត្ត​ត្រេកអរ​ខ្លាំង​ណាស់។ កន្លង​ហើយ​គ្នា​តស៊ូ​សព្វ​បែប​យ៉ាង​ពុះពារ​ក្នុង​ការងារ​រៀន​សូត្រ អ៊ីចឹង​គឺ​ខ្ញុំ​ត្រេកអរ​យ៉ាង​ខ្លាំង ដែល​បាន​បណ្ដុះ​បណ្ដាល​កូន​ខ្មែរ​ឲ្យ​បាន​ចំណេះ​ដឹង គឺ​ថា​ឲ្យ​ចេះ​ទាន់​គេ​នៅ​សកល​លោក កុំ​ថា​ខ្មែរ​យើង​អត់​ចេះ​អី ឥឡូវ​ខ្មែរ​យើង​កាន់​តែ​ឈាន​ឡើង​ហើយ។ ក្នុង​នេះ​ខ្ញុំ​មាន​មោទនភាព ដោយ​ថា​កូន​ខ្ញុំ​រៀន​ពូកែ​ពិន្ទុ​ល្អ បរទេស​គេ​អាច​បណ្ដុះ​បណ្ដាល​បាន អ៊ីចឹង​ខ្ញុំ​សង្ឃឹម​ជឿ​ជាក់​ថា​កូន​ខ្ញុំ​អនាគត​ល្អ»

មន្ត្រី​អ្នក​នាំ​ពាក្យ​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក ប្រចាំ​នៅ​កម្ពុជា លោក ចន ចនសុន (John Johnson) បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​ចំណាយ​ប្រាក់​សម្រាប់​និស្សិត​ដែល​ទទួល​បាន​អាហារូបករណ៍ Fulbright ក្នុង​មួយ​ឆ្នាំ​ចំណាយ​អស់ ៣​ម៉ឺន​ទៅ ៤​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក​ក្នុង​ម្នាក់ៗ ហើយ​សម្រាប់​និស្សិត​ដែល​មាន​កម្មវិធី​ផ្លាស់​ប្តូរ​បទពិសោធន៍​រៀន​សូត្រ​រយៈ​ពេល​ខ្លី​នោះ​ត្រូវ​ចំណាយ​អស់​ជាង ២​ម៉ឺន​ដុល្លារ​អាមេរិក​ក្នុង​ម្នាក់ៗ។

កញ្ញា ធន់ វិមាលា ជា​និស្សិត​ដែល​បាន​ទទួល​អាហារូបករណ៍ Fulbright ហើយ​បាន​បញ្ចប់​ថ្នាក់​អនុ​បណ្ឌិត ឯកទេស​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ពី​សហរដ្ឋ​អាមេរិក​នោះ បាន​ថ្លែង​ថា គាត់​ទទួល​បាន​បទពិសោធន៍​ក្នុង​ការ​រស់​នៅ​និង​ការ​សិក្សា​យ៉ាង​ច្រើន​ពី​សហរដ្ឋ​អាមេរិក​នោះ។

កញ្ញា ធន់ វិមាលា មាន​ប្រសាសន៍​ដូច្នេះ ៖ «ចរិត​លក្ខណៈ​នៃ​ការ​រៀន យើង​ទៅ​នោះ​យើង​ធ្វើ​តាម​គេ អ៊ីចឹង​ដែល​យើង​ធ្វើ​តាម​គេ​ហ្នឹង គឺ​មាន​លក្ខណៈ​មួយ​ចំនួន​ដែល​យើង​អាច​យក​មក​ប្រើ​ជាមួយ​និស្សិត​យើង​នៅ​ណេះ​បាន។ ទី​១ គឺ​ចេះ​ខំ​រៀន​សិក្សា​ដោយ​ខ្លួន​ឯង និស្សិត​យើង​ខ្វះ​អាហ្នឹង ដូច​ថា​យើង​ទំនេរ​អ៊ីចឹង យើង​អត់​ខំ​អាន​ទេ។ នៅ​ទី​នោះ យើង​រៀន ៣-​៤​ថ្នាក់ មួយ​ថ្នាក់ៗ​គ្រាន់​តែ homework (កិច្ចការ​គ្រូ​ដាក់​ឲ្យ​ធ្វើ​នៅ​ផ្ទះ) គ្រូ​ឲ្យ​អាន ៩០​ទំព័រ នៅ​ធ្វើ​អី​ផ្សេង​ទៀត​អ៊ីចឹង។ អ៊ីចឹង​យើង​ត្រូវ​ចេះ​ស្រាវជ្រាវ​ខ្លួន​ឯង ត្រូវ​ចេះ​ស្រលាញ់​ការ​អាន។ ទី​២ គឺ​ត្រូវ​ចេះ​ពិភាក្សា​ជាមួយ​គ្រូ​នៅ​ក្នុង​ថ្នាក់។ សិស្ស​ខ្មែរ​ក៏ដោយ ទៅ​ដំបូង​អត់​សូវ​ចេះ​អង់គ្លេស​ប៉ុន្មាន​ទេ អត់​សូវ​ដល់​គេ​ក៏ដោយ​ឲ្យ​តែ​យើង​ខំ នៅ​ទី​នោះ​គេ​ឲ្យ​តម្លៃ​នៃ​ការ​ខំ អ៊ីចឹង​ឲ្យ​តែ​យើង​ខំ យើង​ស្មោះ​ស្ម័គ្រ​នឹង​ការ​រៀន​សូត្រ ស្រលាញ់​ការ​រៀន​សូត្រ គឺ​ខ្ញុំ​ធានា​ថា​យើង​រៀន​ពូកែ​តែម្ដង​នៅ​ទី​នោះ»

កញ្ញា​បាន​ថ្លែង​ទៀត​ថា កម្មវិធី​សិក្សា​និង​បច្ចេកវិទ្យា​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​មាន​កម្រិត​នៅ​ឡើយ ដែល​ធ្វើ​ឲ្យ​និស្សិត​ខ្មែរ​មួយ​ចំនួន​មិន​មាន​លទ្ធភាព​ក្នុង​ការ​ស្រាវ​ជ្រាវ​នោះ។

ចំណែក​ឯ​លោក ពិត ចំណាន រដ្ឋ​លេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា បាន​មាន​ប្រសាសន៍​ថា សម្រាប់​និស្សិត​ដែល​ទទួល​បាន​អាហារូបករណ៍​នៅ​សហរដ្ឋ​អាមេរិក​នេះ គឺ​ជា​ចំណុច​វិជ្ជមាន​ក្នុង​វិស័យ​អប់រំ​និង​ការ​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ។

លោក ពិត ចំណាន មាន​ប្រសាសន៍​ថា ៖ «ហើយ​ក្មួយៗ​អស់​នេះ​ចេញ​ទៅ​នេះ ក៏​ទី​១ ទទួល​យក​នូវ​ចំណេះ​ដឹង​ថ្មី​ត្រឡប់​វិញ ហើយ​ទី​២ គាត់​ទៅ​នេះ​ក៏​ក្នុង​នាម​មួយ អាច​ថា​ជា​ការ​ទូត​មួយ ដែល​ចេញ​ទៅ​ដើម្បី​ឲ្យ​អាមេរិកាំង​ស្គាល់​ពី​កម្ពុជា ផង​ដែរ ទាំង​ទំនៀម​ទម្លាប់ ទាំង​ប្រពៃណី ទាំង​ការ​ខិត​ខំ​រៀន​សូត្រ​របស់​កម្ពុជា​យើង ដែល​សិស្ស​សព្វ​ថ្ងៃ​នេះ​កាន់​តែ​មាន​សមត្ថភាព​អាច​ទទួល​យក​អាហារូបករណ៍​គ្រប់​បែប​យ៉ាង គ្រប់​ប្រទេស​ទាំង​អស់។ ដូច្នេះ​គឺ​ជា​មោទនភាព​មួយ​របស់​ខ្មែរ​ដែល​ត្រូវ​បង្ហាញ​នៅ​ក្រៅ​ប្រទេស​ផង​ដែរ។ ក្មួយៗ​ចេញ​ទៅ​នេះ​គឺ​ធ្វើ​ឲ្យ​កម្ពុជា​យើង​កាន់​តែ​មាន​មោទនភាព កាន់​តែ​គេ​ស្គាល់​ច្រើន ចំពោះ​ជនជាតិ​កម្ពុជា​យើង ពិសេស​គឺ​យុវជន​យើង​មាន​លក្ខណៈ​ឧស្សាហ៍​ព្យាយាម​និង​រៀន​មិន​ចាញ់​យុវជន​ដទៃ​ទៀត​ទៀត»

លោក ពិត ចំណាន បាន​មាន​ប្រសាសន៍​ទៀត​ថា លោក​រំពឹង​ថា និស្សិត​ដែល​បាន​ឆ្លង​កាត់​ការ​សិក្សា​នៅ​ក្រៅ​ប្រទេស​នឹង​នាំ​យក​ចំណេះ​ដឹង​ទាំង​នោះ​មក​ចែក​រំលែក​ជាមួយ​នឹង​យុវជន​ផ្សេង​ទៀត ហើយ​និង​យក​ចំណេះ​ដឹង​ទាំង​នោះ​មក​បម្រើ​ការងារ​នៅ​ក្នុង​ប្រទេស​ខ្លួន​វិញ៕