ពលរដ្ឋ​នៅ​បឹងកក់​កាន់​តែ​ច្រើន​យល់​ព្រម​ទទួល​យក​សំណង​ជា​ថ្នូរ​នឹង​ការ​ចាក​ចេញ

អាជ្ញាធរ​បាន​អះអាង​ថា ប្រជាពលរដ្ឋ​នៅ​តំបន់​បឹងកក់​ដែល​បាន​យល់​ព្រម​យក​សំណង​ពី​សាលា​ក្រុង​ភ្នំពេញ មាន​ចំនួន​ប្រមាណ ៦០០​គ្រួសារ​ហើយ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ប្រមាណ​៤​ពាន់​គ្រួសារ។

0:00 / 0:00

ចៅសង្កាត់​ស្រះចក លោក ឆាយ ធីរិទ្ធ បាន​ឲ្យ​ដឹង​ថា ដោយសារ​តែ​សំណង់​ថ្មី​មាន​គុណភាព​រឹងមាំ​ល្អ​ជាង​មុន ហើយ​ម្យ៉ាង​វិញ​ទៀត បច្ចុប្បន្ន​នេះ អចលនទ្រព្យ​កំពុង​ចុះ​តម្លៃ​បង្ក​ការ​ងាយ​ស្រួល​ដល់​ប្រជាពលរដ្ឋ ទើប​ពួក​គាត់​យល់ព្រម​ទទួល​សំណង​របស់​សាលាក្រុង​ភ្នំពេញ​មាន​ការ​កើន​ឡើង​ជា​លំដាប់។

លោក ឆាយ ធីរិទ្ធ មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «កើន​ច្រើន ឥឡូវ​ហ្នឹង​មាន​រហូត​ដល់​ជាង ៦០០​គ្រួសារ​ហើយ ដែល​គេ​យល់ព្រម​ទទួល​និង​បាន​ចេញ​ជា​ស្ថាពរ។ លើក​មុន ផ្ទះ​ធ្វើ​អត់​សូវ​ល្អ ប៉ុន្តែ​ផ្ទះ​ក្រោយ​ហ្នឹង​ល្អ មាន​ធ្វើ​ចង្ក្រាន ធ្វើ​អី​ឲ្យ​ទៀត ផ្ទះ​ហ្នឹង​ស្អាត​ជាង​មុន»

បើ​តាម​តំណាង​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​៤ ក្នុង​តំបន់​បឹង​កក់ បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ភូមិ​៤ មាន​ប្រជាពលរដ្ឋ​ប្រមាណ ៦០% និង​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​២ មាន​ចំនួន ៧០% បាន​យល់ព្រម​ទទួល​យក​សំណង​របស់​សាលាក្រុង​ភ្នំពេញ​ជា​ថ្នូរ​នឹង​ការ​ចាក​ចេញ​រួច​ហើយ។

ប្រជាពលរដ្ឋ​ម្នាក់​នៅ​ក្នុង​ភូមិ​៤ ដែល​បាន​ចាក​ចេញ​ពី​តំបន់​បឹងកក់ បាន​ឲ្យ​ដឹង​ថា គាត់​យល់​ព្រម​ទទួល​យក​សំណង​ជា​ផ្ទះ​ល្វែង​ជា​ថ្នូរ​នឹង​ការ​ចាក​ចេញ ព្រោះ​បើ​សិន​ជា​នៅ​បន្ត​ការ​តវ៉ា​បន្ត​ទៅ​ទៀត គាត់​មិន​សង្ឃឹម​ថា បាន​ទទួល​លទ្ធផល​អ្វី​ប្រសើរ​ជាង​នេះ​ឡើយ។

ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា តំណាង​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​២២ ក្នុង​តំបន់​បឹងកក់​ដែរ​នោះ គឺ​អ្នកស្រី បេ ផារ៉ុម បាន​អះអាង​ថា ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​របស់​គាត់​មិន​អាច​ចាក​ចេញ​ពី​ផ្ទះ​របស់​ពួក​គាត់​ទេ បើ​មិន​បាន​សំណង ១៥០០​ដុល្លារ​អាមេរិក​ក្នុង ១​ម៉ែត្រ​ការ៉េ​នោះ​ទេ។

អ្នកស្រី បេ ផារ៉ុម ថ្លែង​ដូច្នេះ​ថា ៖ «អត់​យល់​ព្រម​ទេ ភូមិ​២២​របស់​ខ្ញុំ​ហ្នឹង គឺ​អត់​យល់​ព្រម​តែ​ម្ដង អត់​មាន​អ្នក​ណា​ម្នាក់​ចង់​ស្ម័គ្រ​ទៅ​ទេ។ ឥឡូវ បូម​គេ​មិន​ឲ្យ​ប៉ះពាល់​ផ្ទះ​ប្រជាជន​ទេ គេ​ខ្ជិល​ដោះស្រាយ​ជាមួយ​ប្រជាជន គឺ​គេ​បូម​ដាក់​កណ្ដាល​បឹង​តែ​ម្ដង»

ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​នៅ​តំបន់​បឹងកក់​របស់​សាលាក្រុង​ភ្នំពេញ​នេះ​ដែរ មេធាវី​របស់​ប្រជាពលរដ្ឋ​ដែល​មាន​លំនៅ​នៅ​ទីតាំង​បឹងកក់ លោក ជូង ជូងី បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​តុលាការ​ក្រុង​ភ្នំពេញ​បាន​បដិសេធ​នឹង​ខ្លឹមសារ​នៃ​ការ​សម្រេច​រក្សា​ការពារ​ឲ្យ​ក្រុមហ៊ុន ស៊ូកាគូ អ៊ីន ផ្អាក​ការ​បូម​ដី​ចាក់​បំពេញ​ទីតាំង​បឹងកក់ រហូត​ដល់​មាន​ដំណោះស្រាយ​រវាង​ក្រុមហ៊ុន​និង​ប្រជាពលរដ្ឋ​ជា​មុន​សិន​នោះ លោក​ក៏​បាន​ដាក់​បណ្តឹង​ទៅ​សាលា​ឧទ្ធរណ៍​រួច​ហើយ​កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៣ កញ្ញា ហើយ​សាលា​ឧទ្ធរណ៍​នឹង​បើក​សវនាការ​នៅ​ថ្ងៃ​ទី​២៥ ធ្នូ ស្អែក​នេះ។

បើ​តាម​អាជ្ញាធរ បាន​ឲ្យ​ដឹង​ដែរ​ថា កាល​ពី​មុន​សាលាក្រុង​និង​ក្រុមហ៊ុន ស៊ូកាគូ មាន​ផ្ទះ​ចំនួន​តែ​ជាង ២០០​ផ្ទះ​ប៉ុណ្ណោះ​សម្រាប់​ផ្តល់​ជា​សំណង​ជូន​ប្រជាពលរដ្ឋ ហើយ​ក្រៅ​ពី​នោះ ប្រជាពលរដ្ឋ​អាច​ទទួល​យក​លុយ ឬ​ការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង ប៉ុន្តែ​ដោយ​មើល​ឃើញ​ថា ប្រជាពលរដ្ឋ​បាន​ជ្រើសរើស​យក​ផ្ទះ​ច្រើន​ជាង​ជម្រើស​ពីរ​ផ្សេង​ទៀត ខាង​ភាគី​ក្រុមហ៊ុន​ក៏​បាន​សាងសង់​ផ្ទះ​ជាង ១​ពាន់​ខ្នង​បន្ថែម​ទៀត ដើម្បី​តម្រូវ​តាម​ការ​ជ្រើសរើស​របស់​ប្រជាពលរដ្ឋ៕