ការព្រមានបែបនេះ ដោយសារតែគេបានរកឃើញថា មន្ត្រីនគរបាលទាំងនោះបានប្រើប្រាស់តួនាទី និងសិទ្ធិអំណាចរបស់ខ្លួនគាបសង្កត់ និងគំរាមកំហែងប្រជាពលរដ្ឋ និងបញ្ហាអសកម្ម ព្រមទាំងប្រព្រឹត្តខុសវិន័យនគរបាលជាតិ កាលពីខែមករា កន្លងទៅនេះ។
ក្រសួងមហាផ្ទៃបានបញ្ឈប់មន្ត្រីនគរបាលរាជធានីភ្នំពេញមួយចំនួន ក្នុងចំណោមមន្ត្រីនគរបាល ៨០នាក់ ដែលស្ថិតក្នុងបញ្ជីត្រូវហៅមកព្រមាន ដោយសារប្រព្រឹត្តអំពើល្មើសច្បាប់ និងរំលោភលើក្រមសីលធម៌មន្ត្រីនគរបាលជាដើម។
នៅក្នុងចំណោមមន្ត្រីនគរបាលចំនួនជាង ៨០នាក់នោះ បានចែកជា ៤ប្រភេទ ក្នុងនោះមានការបណ្ដេញចេញពីការងារ មួយចំនួនទៀតត្រឹមតែធ្វើការព្រមាន និងផ្អាកពីការងារបណ្ដោះអាសន្ន។
នៅក្នុងនោះ គឺទី១ មានមន្ត្រីនគរបាលចំនួន ៤នាក់ ត្រូវបានបញ្ជូនសំណុំរឿងឲ្យទៅអង្គភាពប្រឆាំងអំពើពុករលួយចាត់ការ។ ទី២ មន្ត្រីនគរបាលចំនួន ២នាក់ទៀត ត្រូវបានបញ្ជូនសំណុំរឿងទៅនាយកដ្ឋានបុគ្គលិកនៃក្រសួងមហាផ្ទៃចាត់ការ។ ទី៣ មន្ត្រីនគរបាលចំនួន ៧នាក់ ត្រូវបានព្រមាន និងដាក់វិន័យតាមរដ្ឋបាល និងទី៤ ផ្អាកពីការងារនូវមន្ត្រីនគរបាលចំនួន ៦៦នាក់ទៀត សរុបជាង ៨០នាក់។
ក្រៅពីនេះ ស្នងការនគរបាលរាជធានីភ្នំពេញ បានចាប់ខ្លួន និងបញ្ជូនមន្ត្រីនគរបាលចំនួន ២នាក់ទៀត ទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែមករា កន្លងទៅនេះ ក្រោមបទបាញ់អ្នកដឹកបន្លែម្ទេសម្នាក់ឲ្យរងរបួសធ្ងន់ កាលពីយប់ថ្ងៃទី២៧ ខែមករា ដើម្បីទារប្រាក់ចំនួន ២.០០០រៀល ប៉ុន្តែមិនបានសម្រេច។
ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន សុវណ្ណ បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំ នៅថ្ងៃទី៣១ ខែមករា នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញថា វិធានការនេះ គឺដោយសារតែបានស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានរកឃើញថា មន្ត្រីនគរបាលទាំងនោះបានប្រព្រឹត្តបទល្មើសបាញ់ប្រជាពលរដ្ឋ អសកម្មក្នុងការងារ និងបញ្ហាមួយចំនួនទៀត។
លោក ជួន សុវណ្ណ៖ «អីចឹងទេ ក្នុងករណីនេះ គឺអង្គភាពមិនអនុញ្ញាត ហើយក៏មិនអាចអត់ឱនបានដាច់ខាត ចំពោះមនុស្សម្នាក់ ប៉ុន្តែបង្កឲ្យខូចឥទ្ធិពលកិត្តិយសនគរបាលជាតិ។ អីចឹងទេ ខ្ញុំបានស្នើមតិទៅឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ លោកបានសម្រេចឲ្យធ្វើការបណ្ដេញចេញពីក្របខ័ណ្ឌ ហើយបញ្ជូនខ្លួនទៅតុលាការ ដើម្បីដោះស្រាយតាមផ្លូវច្បាប់»។
ទាក់ទងនឹងវិធានការមកលើមន្ត្រីនគរបាលទាំងនោះ អ្នកវិភាគសង្គម លោក កែម ឡី បានមានប្រសាសន៍ថា បញ្ហាប្រាក់ខែតិចតួច និងភាពក្រីក្រ បានជំរុញឲ្យមន្ត្រីនគរបាលមួយចំនួនប្រព្រឹត្តអំពើល្មើសច្បាប់ និងមិនថ្លៃថ្នូរនៅក្នុងសង្គមចំពោះប្រជាពលរដ្ឋ។
លោក កែម ឡី៖ «សំណួរគេសួរថា ហេតុអ្វីបានគេធ្វើអីចឹង? មូលហេតុទាក់ទងនឹងយើងមិនឲ្យតម្លៃខ្លួន និងតម្លៃការងាររបស់គាត់។ សួរថាតើគាត់អាចរស់បាន អាចធ្វើការងារបានមានប្រសិទ្ធភាព អាចធ្វើការងារបានប្រកបដោយសីលធម៌ គាត់ធ្វើការ សេចក្តីត្រូវការហ្នឹងប៉ុន្មាន? ហ្នឹងដែលយើងត្រូវសួរមូលហេតុ។ បើសិនជាយើងមានវិធានការបង្ក្រាប ធ្វើម៉េចក៏បង្ក្រាបមិនអស់ដែរ»។
កន្លងមក ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បានព្រមានជារឿយៗសុំឲ្យលុបបំបាត់កុងត្រូលជជុះខុសច្បាប់ ដែលមានមន្ត្រីនគរបាល និងកងរាជអាវុធហត្ថមួយចំនួនឈរស្ទាក់ទារលុយពីប្រជាពលរដ្ឋដឹកទំនិញ និងផលិតផលកសិកម្មជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។